អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូនស្រីលោក ថាក់ស៊ីន ថា ឪពុកខ្លួនវិលចូលស្រុកវិញនៅថ្ងៃទី១០ សីហា
26, Jul 2023 , 5:08 pm        
រូបភាព
កូនស្រូីអតីតនាយករដ្ឋមន្ត្រីថៃដែលនិរទេសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និយាយថា ឪពុកខ្លួនគ្រោងនឹងវិលចូលប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា។ លោក ថាក់ស៊ីន អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ ស្របពេលដែលវិបត្តិនយោបាយនៅថៃកំពុងតែអូសបន្លាយ។

 
លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីលោក ថាក់ស៊ីន បាន​បង្ហោះសារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​៖ «ប៉ា​នឹង​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី ១០ ខែ​សីហា នៅ​អាកាសយានដ្ឋាន Don Muang។ ការ​សម្រេច​ចិត្ត​ត្រឡប់​មក​ផ្ទះ ​នេះ​ជា​អ្វី​ដែល​ប៉ា​បាន​និយាយ​យ៉ាង​ហ្មត់ចត់​តាំង​ពី​ដើម​ឆ្នាំ ២០២២»។
 
លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំ មានទ្រព្យសម្បត្តិនៅក្នុងអាជីវកម្មទូរគមនាគមន៍ និងជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ រហូតដល់ត្រូវបានបណ្តេញចេញពីរដ្ឋប្រហារឆ្នាំ ២០០៦។ បច្ចុប្បន្នលោករស់នៅ​និរទេសខ្លួន ដើម្បី​គេច​ពី​ការកាត់ទោស​ដាក់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​ឆ្នាំ ២០០៨។
 
គណបក្សភឿថៃដែលគាំទ្រដោយលោកថាក់ស៊ីន បច្ចុប្បន្នកំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោយពេលបក្សឆ្ពោះទៅមុខដែលជាបក្សសម្ព័ន្ធខ្លួន ត្រូវបានសភាបដិសេដការស្នើបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ខ្លួន លោក Pita Limjaroenrat ។ 
 
អគ្គស្នងការរងនគរបាលជាតិថៃ លោក Surachate Hakparn បាននិយាយថា លោក ថាក់ស៊ីន ត្រូវឆ្លងកាត់នីតិវិធីតុលាការ នៅពេលលោកគ្រោងនឹងវិលត្រឡប់មកវិញ។
 
លោក ថាក់ ស៊ីន ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ជុំវិញករណីជាច្រើនដែលត្រូវបានកាត់ទោសដោយតុលាការកំពូលរបស់ថៃ ដែលលោកតែងតែអះអាងថា ជាកាត់ទោសក្រោមហេតុផលនយោបាយ ។ 
 
បើយោងតាមកាសែតបាងកកប៉ុស្តិ៍ លោក ថាក់ ស៊ីន បានរងនូវបទចោទប្រកាន់ចំនួន ៤ករណី ។ ទីមួយពីបទរំលោភសិទ្ធអំណាចទិញដីរដ្ឋដែលមានតម្លៃទាបជាងទីផ្សារ ខណៈបទចោទទីពីរ ជុំវិញការរត់គេចខ្លួនពាក់ព័ន្ធការលេងល្បែង។ ចំណែកទីបី គឺការផ្តល់ប្រាក់កម្ចីលុយរដ្ឋទៅដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការទិញសម្ភារៈពីក្រុមហ៊ុនទូរគមនាគមន៍ផ្ទាល់ខ្លួន ហើយជាចុងក្រោយ គឺការកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនទូរគមនាគមន៍ Shin Corp ដែលជាការហាមឃាត់សម្រាប់អ្នកនយោបាយថៃ។ 
 
លោក Surachate បានប្រាប់សារព័ត៌មានរ៉យទ័រថា ប៉ូលីសថៃនឹងបំពេញភារកិច្ចរបស់ពួកគេជាធម្មតានៅពេលដែលយន្តហោះចុះចត។ លោកនឹងត្រូវទៅតុលាការហើយស្តាប់អ្វីដែលពួកគេសម្រេចចិត្ត ។
 
លោក ថាក់ស៊ីន ធ្លាប់​បាន​បញ្ជាក់​ថា លោក​នឹង​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នៅ​ខែ​កក្កដា។
 
កន្លងមក គណបក្សឆ្ពោះទៅមុខធ្លាប់បាននិយាយថា បក្សភឿថៃនឹងដឹកនាំការបង្កើតរដ្ឋាភិបាល បន្ទាប់ពីបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនលោក  Pita Limjaroenrat បរាជ័យក្នុងការទទួលបានការគាំទ្រពីសភាសម្រាប់មុខតំណែងកំពូលមួយនេះ។  
 
គណបក្សភឿថៃ មិនទាន់ដាក់ឈ្មោះបេក្ខជនជានាយករដ្ឋមន្ត្រីជាផ្លូវការនៅឡើយទេ។
មហាសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីទាំងបីរបស់ភឿថៃក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ស្នើបេក្ខភាពក្នុងការជ្រើសនាយករដ្ឋមន្រ្តីនាពេលបន្ទាប់៕ 
 

Tag:
 ថៃ
  ថាក់ស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com