កីឡាជាតិ
ជាតិ
Hun Sen Cup៖គ្រូ​ និង​សិស្ស​ដែល​ធ្លាប់លើកពាន​រួមគ្នានៅ​​ឆ្នាំ​២០០៧ ប្រជែងគ្នា​យក​ពាន​នៅ​ថ្ងៃនេះ
15, Mar 2014 , 9:07 am        
រូបភាព
ដោយ:
លោក លាស់ សាឡាក់ខាន់ និង​លោក អ៊ុង កន​យ៉ានិត ធ្លាប់​ជាគ្រូ​ ហើយ​នឹង​សិស្ស​ដែល​បាន​លើក​ពាន​បើក​ឆាក​ពាន​រង្វាន់​សម្តេច ហ៊ុន សែន កាលពី​ឆ្នាំ​២០០៧ ជាមួយ​ក្រុម​ខេមរាកីឡា ប៉ុន្តែនៅ​វេលាម៉ោង​៥ ល្ងាច​ថ្ងៃ​ទី​១៥ ខែមិនា នេះ ពួក​លោកត្រូវ​ប្រឈម​មុខ​គ្នា ដោយ​ត្រូវ​ដឹកនាំ​ក្រុម​រៀង​ៗ​ខ្លួនដណ្តើម​យក​ពាន​ប្រចាំ​ឆ្នាំ​២០១៤។ លោក លាស់ សាឡាក់ខាន់ ត្រូវ​ដឹកនាំបៀល​ប្រាយយូណាយធីត រីឯ​អតីតកូន​សិស្ស​ជំនិតរបស់​លោក ត្រូវ​ដឹកនាំអគ្គ​ស្នងការដ្ឋាននគរបាល​ជាតិ។



ព័ត៌មាន​ជុំវិញ​ក្រុម បៀ​ល​ប្រាយ

លោក ចាន់ វាសនា ជំនួយការ​គ្រូបង្វឹក​ក្រុម​បៀ​ល​ប្រាយ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ក្រុម​ខ្លួន​ដណ្ដើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ថា បៀ​ល​ប្រាយ​មានឱកាស​ចន្លោះ​ពី ៨០% ទៅ ៩០% ក្នុងការ​ដណ្ដើម​ជើងឯក​នៅ​ឆ្នាំនេះ។

ចំពោះ​លោក លាស់ សា​ឡាស់​ខាន់ គ្រូបង្វឹក​ក្រុម​បៀ​ល​ប្រាយ គឺជា​គ្រូបង្វឹក​ដំបូង​លើក​ពានរង្វាន់ Hun Sen Cup មុនគេ​បង្អស់​គឺ​នៅ​ឆ្នាំ ២០០៧ ដែល​កាលនោះ​លោក​ដឹកនាំ​ក្រុម​ខេមរា​កីឡា។ ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ក្នុង​ពានរង្វាន់​នេះ​លោក​ដឹកនាំ​ក្រុម​បានល្អ​មែនទែន​ដោយ ប្រកួត​ស្មើ​ក្រុម​ក្រសួងការពារជាតិ ១ ទល់ ១ នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល ហើយ​ទម្លាក់​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វគ្គ៨ ក្រុម​ចុងក្រោយ និង បន្ត​ទម្លាក់​ក្រុម ចម្ការកៅស៊ូ​បឹងកេត នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ខ្សែប្រយុទ្ធ ចាន់ ឆា​យ៉ា ទំនងជា​សះស្បើយ​ហើយ​ត្រឡប់​មកជួយ​ក្រុម​ទាន់ពេលវេលា បន្ទាប់ពី​របួស​ជើង​ក្នុងជំនួប​វគ្គ ៨ ក្រុម​ចុងក្រោយ​ជាមួយ​ភ្នំពេញ​ក្រោ​ន ខណៈ​អ្នកចាំទី ស៊ុះ ប្រុស​ហ៊ីម កំពុង​ឡើង​ទឹកដៃ ក្នុងការ​សង្គ្រោះ​បាល់ មួយរយៈ​ចុងក្រោយ។ ចំណែក​កីឡាករ រ៉ី​ង ប៊ុន​ហៀ​ង និង ប្រធាន​ក្រុម​ព្រំ ពុទ្ធ​សិទ្ធី ធ្លាប់​នាំ​សំណាង​ឱ្យ​ក្រុម ក្នុង ២ ប្រកួត​កន្លងមកនេះ។
បៀ​ល​ប្រាយ ធ្លាប់​ឡើងមក​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ម្ដង​នៅ​ឆ្នាំ ២០១១ តែ​កាលនោះ​ចាញ់​ក្រុម​ព្រះខ័ន​រាជ (ស្វាយរៀង) ២ ទល់ ០ ។

ព័ត៌មាន​ជុំវិញ​ក្រុមប៉ូលិស

លោក អ៊ុង កង​យ៉ា​និ​ត គ្រូ​បង្គោល​ក្រុមប៉ូលិស ជា​អតីត​កូនសិស្ស​របស់លោក លាស់ សា​ឡាស់​ខាន់ ក្នុងអំឡុង​ប្រកប​អាជីព​នៅ​ក្លិប​ខេមរា​កីឡា ជាមួយគ្នា។ បើទោះជា​ធ្លាប់​មានឈ្មោះ​ជា​សិស្ស និង គ្រូ មែន តែ​លោក យ៉ា​និ​ត ប្រាប់ថា​មាន​វិធីសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​ដណ្ដើម​ជ័យជម្នះ​ជាមួយ​បៀ​ល​ប្រាយ។

លោក អ៊ុង កង​យ៉ា​និ​ត គឺ ជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់​ក្នុង​ពានរង្វាន់ Hun Sen Cup លើក​ទី៨ នេះ​ដោយ​ធ្លាប់​ដឹកនាំ​ក្រុម​យកឈ្នះ ត្រា​អាស៊ី ១ ទល់ ០ នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល និង​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ ដែល​អ្នកគាំទ្រ​គ្រប់គ្នា​សង្ឃឹមថា​ជា​បេក្ខភាព​ជើងឯក​នៅ​ឆ្នាំនេះ ដោយ​លទ្ធផល ២ ទល់ ១ នៅ​វគ្គ ៨ ក្រុម​ចុងក្រោយ និង ឈ្នះ​ក្រុម​ណាហ្គា​ខ​ប ១ ទល់ ០ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

កីឡាករ ទិ​ត្យ ឌី​ណា, នួន បូរី, ស្រី ឧ​ត្ត​ម, អ៊ុ​ល រ៉ាវី, ស៊ុប រ៉ាវី, សាយ ពិសិដ្ឋ គឺ​សុទ្ធ​ដែលជា​តួរ​អង្គរ​សំខាន់​សម្រាប់​ប៉ូលិស នាពេល​កន្លងមក។
បើ​ងាក​ទៅ​មើល ៥ ប្រកួត​ចុងក្រោយ រវាង​ក្រុម​ខ្លាំង​ទាំង ២ នេះ​វិញ ប៉ូលិស មិនដែល​ឈ្នះ​បៀ​ល​ប្រាយ នោះទេ ដោយ ប្រកួត​ស្មើគ្នា ២ លើក និង ៣ លើក​ទៀត​បៀ​ល​ប្រាយ​ជា​អ្នកឈ្នះ។

បន្ទាប់ពី​ខេមរាកីឡា ភ្នំពេញក្រោន ក្រសួងការពារជាតិ ស្វាយរៀង និងណាហ្គាខប តើ​បៀល​ប្រាយ ឬប៉ូលិស​ ដែល​ក្លាយ​ក្លិប​ទី៦ដែល​លើកពាន​រង្វាន់​សម្តេច ហ៊ុន សែន?

ចំពោះ​ប្រិយមិត្ត​និយម​កីឡាបាល់ទាត់​ជាតិ ដែល​រស់​នៅតាម​បណ្ដា​ខេត្ត ឬ នៅក្រៅ​ប្រទេស អាច​ទស្សនាការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​បាន​តាមរយៈ​ការផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ បាយ័ន​ព័ត៌មាន (BTV)៕





© រក្សាសិទ្ធិដោយ thmeythmey.com