ជាតិ
សង្គមជាតិ
និយ័តករទូរគមនាគមន៍ ​ប្រាប់ឱ្យឈប់ការលក់​ ​និង​ចែកចាយ​ស៊ីមទូរសព្ទគ្មានអត្តសញ្ញាណ​ពី​អតិថិជន​
10, May 2024 , 6:59 pm        
រូបភាព
​រាល់​សកម្មភាពលក់​ ​និង​ចែកចាយ​ស៊ីម​​កាតទូរសព្ទ​ ​ដោយ​មិន​យក​ឯកសារ​អត្តសញ្ញាណ​តម្រូវ​ពី​អតិថិជន ត្រូវបញ្ឈប់ជាបន្ទាន់​។​ នេះជាការព្រមានរបស់ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ក្រោយសង្កេតឃើញអ្នក​លក់​ស៊ីម​មួយ​ចំនួន ​បានធ្វើសកម្មភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​កា​រជួល​ស៊ីម​កាត​ ដើម្បី​ក្លែង​បន្លំ​បង្កើត​គណនី​ធនាគារ​ ​គណនី​បណ្តាញ​សង្គម​ ​ឬ​អំពើ​ខុសច្បាប់​ផ្សេងទៀត​​ ទាក់ទង​នឹង​ការប្រើប្រាស់​សេវា​ទូរគមនាគមន៍​។​

 
ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងការការពារផលប្រយោជន៍អ្នកប្រើប្រាស់និងការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងការលក់ ការចែកចាយ និងការប្រើប្រាស់ស៊ីមនៅកម្ពុជា ន.ទ.ក. បានក្រើនរំលឹកជាថ្មី ដល់អង្គពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់ជាដាច់ខាតរាល់ការលក់ និងចែកចាយលក់ ដោយមិនយកឯកសារសម្គាល់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ទោះក្នុងរូបភាពណាក៏ដោយ។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ ន.ក.ទ. នាថ្ងៃទី៧ឧសភា បានបញ្ជាក់ថា​​៖ «រាល់ការលក់ស៊ីមថ្មីទាំងអស់ ប្រតិបត្តិករទូរស័ព្ទចល័ត ភ្នាក់ងារលក់និងចែកចាយស៊ីមត្រូវធានាថា បានទទួលឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវជាមុន ទើបអាចបើកឱ្យដំណើរការ (Activate) សេវាបាន»។ 
 
សម្រាប់ប្រតិបត្តិករទូរសព្ទចល័ត ត្រូវជូនដំណឹងទៅអ្នកកំពុងប្រើប្រាស់ស៊ីម ដែលពុំមានឯកសារសម្គាល់ អត្តសញ្ញាណ ឬប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណ ក្រោមឈ្មោះបុគ្គលតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់ ដោយណែនាំឱ្យមកទាក់ទង និងផ្តល់ឯកសារពាក់ព័ន្ធនៅតាមការិយាល័យលក់របស់ប្រតិបត្តិករ ទូរសព្ទចល័ត ឬភ្នាក់ងារលក់និងចែកចាយស៊ីម ឬតាមគ្រប់មធ្យោយបាយផ្សេងទៀត ដើម្បីបំពេញសំណុំបែបបទ ប្រើប្រាស់សេវាទូរគមនាគមន៍ឡើងវិញ ស្របតាមបទប្បញ្ញត្តិជាធរមាន។ 
 
ន.ក.ទ. បានតម្រូវឱ្យប្រតិបត្តិករ ទូរសព្ទចល័តត្រូវបិទដំណើរការលេខទូរសព្ទទាំងឡាយណា ដែលពុំមានព័ត៌មានអត្តសញ្ញាណ ឬឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវរបស់អ្នកប្រើប្រាស់ និងត្រូវលុបបំបាត់ការប្រើប្រាស់ឯកសារសម្គាល់ អត្តសញ្ញាណក្រោមឈ្មោះបុគ្គលតែម្នាក់ សម្រាប់អ្នកប្រើប្រាស់រាប់រយនាក់។ 
 
ន.ក.ទ បានព្រមានដល់អ្នកប្រើប្រាស់លេខទូរសព្ទចល័តនិងភ្នាក់ងារលក់ និងចែកចាយស៊ីម មិនត្រូវសហការ ឬអនុញ្ញាតឱ្យបុគ្គលដទៃជួលឬជាវស៊ីមរបស់ខ្លួនយកទៅប្រើប្រាស់ក្នុងការបង្កើតជាគណនីធនាគារ ឬគណនី បណ្តាញសង្គម ក្លែងក្លាយនានាសម្រាប់ប្រព្រឹត្តអំពើល្មើសឡើយ។ ការណ៍នេះ គឺដើម្បីចៀសវាងធ្លាក់ក្នុងឧបាយកលរបស់ជនទុច្ចរិត និងទទួលរងផលប៉ះពាល់ពីវិធានការច្បាប់ ដែលអាចកើតមានជាយថាហេតុ។ 
 
ន.ទ.ក. បានបញ្ជាក់ជាថ្មីថា ក្នុងករណីជនទុច្ចរិតទិញ ឬជួលស៊ីមគ្មានឯកសារសម្គាល់អត្តសញ្ញាណ ពីអ្នកលក់ស៊ីម ឬប្រតិបត្តិករនានា ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ទោះបីប្រតិបត្តិករទូរសព្ទចល័ត ភ្នាក់ងារលក់និងចែកចាយស៊ីម ឬអ្នកប្រើប្រាស់លេខទូរស័ព្ទចល័ត មិនបានប្រព្រឹត្តក៏ដោយ ក៏មានន័យថាអ្នកទាំងនោះ បានចូលរួមចំណែកប្រព្រឹត្តអំពើខុសច្បាប់ ឬឃុបឃិតជាមួយជនទុច្ចរិតដោយប្រយោល។ បន្ថែមលើនេះ ប្រតិបត្តិករទូរសព្ទចល័ត ភ្នាក់ងារលក់និងចែកចាយស៊ីម និងអ្នកប្រើប្រាស់លេខទូរស័ព្ទចល័ត ទាំងឡាយណា ដែលនៅតែបន្តអនុវត្តផ្ទុយនឹងខ្លឹមសារខាងលើ នឹងត្រូវប្រឈមចំពោះមុខច្បាប់និងបទប្បញ្ញត្តិ ជាធរមាន៕ 

Tag:
 ន​.​ទ​.​ក​. ស៊ីម​ទូរសព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com