អន្តរជាតិ
លោក វង់ ថា ឪពុកលោកប្រហែលភ្ញាក់ផ្អើលដែលកូនប្រុសក្លាយជានាយករដ្ឋមន្រ្តី
16, May 2024 , 3:29 pm        
រូបភាព
លោកឡរ៉េន វង់ជាមួយឪពុក និងម្តាយ នៅក្នុងឆ្នាំ២០១៥ និងលោកវង់ ក្នុងពេលស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី។ រូបភាព AFP និង Facebook_Lawrence Wong
លោកឡរ៉េន វង់ជាមួយឪពុក និងម្តាយ នៅក្នុងឆ្នាំ២០១៥ និងលោកវង់ ក្នុងពេលស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី។ រូបភាព AFP និង Facebook_Lawrence Wong
នៅក្នុងពិធីស្បថចូលកាន់តំណែង លោកឡរ៉ែន វង់ បានឧទ្ទិសទៅដល់លោកឪពុក ដែលបានទទួលមរណភាពកាលពី៣ឆ្នាំមុនថា ឪពុករបស់លោកនឹងភ្ញាក់ផ្អើល ប្រសិនបើដឹងថា កូនប្រុសក្លាយជានាយករដ្ឋមន្រ្តីសិង្ហបុរី។ លោកវង់ ដែលមិនរំពឹងនឹងក្លាយជានាយករដ្ឋមន្រ្តីសោះនោះ បានបញ្ជាក់បែបនេះ នៅក្នុងវីដេអូចាក់ក្នុងពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី១៥ ខែឧសភា។

 
លោកឡរ៉ែន វង់​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីសិង្ហបុរីទី៤ នៅថ្ងៃទី១៥ ខែឧសភា។ យ៉ាងណាក៏ដោយ លោកលី នៅតែបន្តកាន់តំណែងជារដ្ឋមន្រ្តីជាន់ខ្ពស់ក្នុងអាណត្តិរបស់លោកវង់។ 
 
ក្នុងវីដេអូចាក់ផ្សាយនៅក្នុងកម្មវិធីស្បថចូលកាន់តំណែង លោកវង់ ដែលជាបានអះអាងថាលោកមិនធ្លាប់រំពឹងនឹងក្លាយជានាយករដ្ឋមន្រ្តីឡើយ ហើយបើលោកឱពុករបស់ខ្លួន នៅមានជីវិត ឪពុកនឹងមានការភ្ញាក់ផ្អើល ដែលកូនរបស់ខ្លួនអាចកាន់តំណែងដ៏សំខាន់មួយនេះ។
 
«ឪពុកខ្ញុំ ដែលបានស្លាប់កាលពី៣ឆ្នាំមុន ប្រាកដជាមានក្តីរំភើប នៅពេលដឹងកូនប្រុសក្លាយជានាយករដ្ឋមន្រ្តី»។ លោកវង់ បានបញ្ជាក់បែបនេះ ក្នុងវីដេអូបង្ហាញពីប្រវត្តិខ្លួន។ 
 
ក្នុងពិធីស្បថចូលកាន់តំណែង លោកវង់ បានប្តេជ្ញាដឹកនាំសិង្ហបុរីតាមបែបរដ្ឋាភិបាលថ្មី ពោលគឺមិនដឹកនាំតាមរបៀបចាស់ឡើយ។ មេដឹកនាំជំនាន់ថ្មីរូបនេះ បានអរគុណដល់មេដឹកនាំជំនាន់មុនៗ ដែលបានកសាងសិង្ហបុរីឱ្យមានការអភិវឌ្ឍ និងភាពរីកចម្រើន។ 
 
បើតាមលោកវង់ រដ្ឋាភិបាលលោកមិនបានចាប់ផ្តើមពីដៃទទេឡើយ ប៉ុន្តែចាប់ផ្តើមពីមូលដ្ឋាន ដែលមេដឹកនាំជំនាន់មុនបានកសាង។ ទន្ទឹមនេះ លោកវង់ បានប្តេជ្ញាធ្វើឱ្យសិង្ហបុរីក្លាយជាសង្គមមានភាពត្រឹមត្រូវ, ស្មើភាព, និងសង្គមដែលមនុស្សចាស់ និងជនងាយរងគ្រោះមិនត្រូវបានទុកចោល៕
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com