អន្តរជាតិ
ប្រេសិតពិសេសអាស៊ានជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា ជជែកពីការបោះឆ្នោត
17, May 2024 , 10:19 am        
រូបភាព
លោក Alounkeo Kittikhoun ប្រេសិតពិសេសរបស់ប្រធានផ្លាស់វេនអាស៊ាន (ឆ្វេង) ចាប់ដៃជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាពGlobal New Light of Myanmar
លោក Alounkeo Kittikhoun ប្រេសិតពិសេសរបស់ប្រធានផ្លាស់វេនអាស៊ាន (ឆ្វេង) ចាប់ដៃជាមួយលោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាពGlobal New Light of Myanmar
មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃទី១៥ ខែឧសភា បានជួបជាមួយប្រេសិតពិសេសរបស់ប្រធានផ្លាស់វេនអាស៊ាន លោក Alounkeo Kittikhoun និងអគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។ ប្រេសិតពិសេសអាស៊ាន និងរបបសឹកមីយ៉ាន់ម៉ា បានជជែកពីការបោះឆ្នោត និងការចូលរួមរបស់យោធាមីយ៉ាន់ម៉ានៅកិច្ចប្រជុំអាស៊ាន នៅពេលខាងមុខ។

 
រយៈពេលជាង ៣ឆ្នាំហើយ មីយ៉ាន់ម៉ា នៅតែបន្តស្ថិតនៅក្នុងស្ថានភាពអាសន្ន ក្រោយរដ្ឋប្រហារយោធាឆ្នាំ២០២១។ ក្រោមការឯកភាព ៥ចំណុចរបស់មេដឹកនាំអាស៊ាន ប្រេសិតពិសេសប្រធានផ្លាស់វេនអាស៊ាន ត្រូវបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីស្វែងរកសន្តិភាព និងទទូចឱ្យរៀបចំការបោះឆ្នោតឡើងវិញ។ 
 
អមដោយវត្តមានអគ្គលេខាធិការអាស៊ាន លោកកៅ គឹមហួន លោក Alounkeo Kittikhoun ប្រេសិតពិសេសរបស់ឡាវ ដែលជាប្រធានផ្លាស់វេននៅក្នុងឆ្នាំ២០២៤ នៅថ្ងៃទី១៥ ខែឧសភា បានជួបជាមួយ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។
 
«ភាគីទាំងពីរ បានជជែកពីកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតរបស់មីយ៉ាន់ម៉ានៅក្នុងអាស៊ាន, លក្ខខណ្ឌមីយ៉ាន់ម៉ាចូលរួមក្នុងកិច្ចសហប្រជុំអាស៊ាន និងផែនការរបស់របបសឹក ក្នុងការរៀបចំការបោះឆ្នោតឡើងវិញ»។ សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៦ ខែឧសភា។ 
 
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅឡាវ ក្នុងខែមករាកន្លងមក មីយ៉ាន់ម៉ា បានបញ្ជូន តំណាងមិនមែននយោបាយ ឱ្យទៅចូលរួមជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១។ ការបញ្ជូនតំណាងទៅចូលរួមបែបនេះ ជាកាយវិការវិជ្ជមានមួយរបស់មីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការឯកភាព ៥ចំណុចរបស់មេដឹកនាំអាស៊ាន។ 
 
ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ថៃជាសមាជិកមួយ បន្តរក្សាទំនាក់ទំនងយ៉ាងល្អជាមួយមីយ៉ាន់ម៉ា។ កន្លងមក លោកថាក់ស៊ីន ស៊ីណាវ៉ាត់ បានជួបជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគិតិច ហើយលោក Don Pramudwinai អតីតរដ្ឋមន្រ្តីការបរទេសថៃ អាចជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជីថែមទៀត។ លោក Don ជាមន្រ្តីបរទេសលើកដំបូង ដែលបានជួបជាមួយមេដឹកនាំស៊ីវិលរូបនេះ កាលពីឆ្នាំ២០២៣។ 
 
ស្ថានភាពនៅមីយ៉ាន់ម៉ាពេលនេះ កំពុងមានការប្រយុទ្ធគ្នារវាងយោធា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅតំបន់ជាច្រើនទូទាំងមីយ៉ាន់ម៉ា។ ជម្លោះរវាងកងកម្លាំងទាំងនោះ បានធ្វើឱ្យប្រជាជនមីយ៉ាន់ម៉ា ត្រូវភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ហើយខ្លះឆ្លងព្រំដែនទៅប្រទេសជិតខាង៕ 

Tag:
 មីយ៉ាន់ម៉ា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com