ជាតិ
ខ្លាំងមែន! ខេត្ត​ព្រៃវែង ជាប់សិស្សពូកែទូទាំង​ប្រទេសច្រើនជាងគេ
17, May 2024 , 11:39 am        
រូបភាព
សិស្សពូកែទាំង៦រូប មកពីខេត្ត​ព្រៃវែង ក្នុងពិធីទទួលរង្វាន់។ រូបភាពក្រសួង​អប់រំ យុវជន និង​កីឡា
សិស្សពូកែទាំង៦រូប មកពីខេត្ត​ព្រៃវែង ក្នុងពិធីទទួលរង្វាន់។ រូបភាពក្រសួង​អប់រំ យុវជន និង​កីឡា
ភ្នំពេញ៖ ឆ្នាំ​២០២៤នេះ ខេត្ត​ព្រៃវែង បាន​ឈរ​​លេខ​រៀង​ទី១ ដែល​មាន​សិស្សប្រឡង​ជាប់​សិស្ស​ពូកែ​ទូទាំង​ប្រទេសច្រើនជាងគេ ​ដល់​ទៅ​៦នាក់​ ខណៈ​រាជធានី​ភ្នំពេញ ជាប់ត្រឹម​​៥នាក់។ នេះ​បើតាម​ប្រកាសស្ដីពី​ការ​ទទួល​ស្គាល់​​​​​​សិស្ស​ពូកែ​ទូទាំង​ប្រទស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិត​វិទ្យា និង​រូបវិទ្យា ថ្នាក់ទី៩ និង​ទី១២។



ការ​ប្រឡង​សិស្សពូកែ​ទូទាំង​ប្រទេស​​ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូប​វិទ្យា ថ្នាក់ទី៩ និងទី១២ កាលពីថ្ងៃទី​ ១៣ ឧសភា បាន​រក​ឃើញ​ជ័យលាភី​​ចំនួន ៣០នាក់ មក​ពី ១៣​រាជធានី​-ខេត្ត​។ ជ័យ​លាភី​ទាំង​៣០នាក់នេះ មានខេត្ត​ព្រៃវែង ​៦នាក់, រាជធានីភ្នំពេញ ៥នាក់, បាត់ដំបង និង​កំពង់ឆ្នាំង ៣នាក់ ដូចគ្នា, សៀមរាប កំពង់ចាម ពោធិ៍សាត់ និងកណ្ដាល ក្នុង​មួយខេត្ត​មាន ២នាក់, មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ តាកែវ និង​ស្វាយរៀង មាន​១នាក់។ 
 
ក្នុង​ឆ្នាំ​នេះ ខេត្ត​ព្រៃ​វែង ទទួល​បាន​មេដាយ​មាសចំនួន ៣គ្រឿង​ លើ​មុខវិជ្ជា​អក្សរសិល្ប៍ខ្មែរ រូប​វិទ្យា ថ្នាក់ទី៩ និង​មុខវិជ្ជា​រូប​​វិទ្យា ថ្នាក់ទី១២, មេដាយ​ប្រាក់ចំនួន ១គ្រឿង​ លើមុខវិជ្ជា​រូប​​វិទ្យា ថ្នាក់ទី១២​ និង​មេដាយ​សំរិទ្ធចំនួន ១គ្រឿង​ លើ​មុខវិជ្ជា​អក្សរសិល្ប៍ខ្មែរ ថ្នាក់ទី៩ រួមទាំង​ជ័យលាភីលេខ៤ចំនួន ១នាក់លើ​មុខវិជ្ជា​គណិត​វិទ្យា ថ្នាក់ទី១២ផងដែរ​។ 


លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ (ខាងឆ្វេងដៃ) និងសិស្សពូកែអក្សរសិល្ប៍ខ្មែរមកពីវិទ្យាល័យព្រៃព្នៅ ក្នុងខេត្តព្រៃវែង។

លោក ឆាយ ប៉េង​ឆាន នាយក​វិទ្យា​ល័យ​ព្រៃព្នៅ ក្នុងខេត្ត​ព្រៃ​វែង ដែល​មាន​សិស្ស​ទទួល​បាន​មេដាយ​មាស និង​សំរិទ្ធ លើ​មុខវិជ្ជា​អក្សរសិល្ប៍ខ្មែរ ថ្នាក់ទី៩ បាន​ប្រាប់​សារព័ត៌មាន​ឌីជីថល​ថ្មីៗថា នេះ​ជា​លើក​ទី៣ហើយ ដែល​វិទ្យាល័យ​របស់​លោកទទួល​បាន​មេដាយ​មាស ក្នុងការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស។ នាយកវិទ្យាល័យរូប​នេះ បន្តថា លទ្ធ​ផល​ដែល​ទទួល​បាន​នេះ កើត​ចេញ​ការ​ខិតខំប្រឹង​របស់​សិស្ស លោក​គ្រូ អ្នកគ្រូ អាណាព្យាបាល គណៈ​គ្រប់គ្រងវិទ្យាល័យ រួម​ទាំង​សហគមន៍ផងដែរ។
 
«ខ្ញុំ​រីករាយ​ រក​អ្វី​ថ្លែង​មិន​ចេញទេ សម្រាប់​ជ័យ​លាភី និង​លទ្ធផល​នេះ វា​មាន​តម្លៃ​រក​អ្វី​​កាត់​ថ្លៃមិន​បាន។ សម្រាប់​ខ្ញុំ​ជា​គណៈ​គ្រប់​គ្រង​ពិត​ជា​មាន​មោទក​ភាព​»។ នេះ​ជា​ការ​លើក​ឡើង​ពី​អារម្មណ៍​របស់​លោក ឆាយ ប៉េង​ឆាន ដោយ​និយាយ​ផង សើចផង។

ចំពោះ​លទ្ធផលនេះ លោក ឆាយ ប៉េង​ឆាន ​ចាត់​ទុក​ជា​មោទកភាពសម្រាប់​អ្នក​ខេត្ត​ព្រៃវែងផងដែរ ដែល​ជាប់​សិស្ស​ពូកែ​ច្រើនជាងគេ ក្នុង​ចំណោមសិស្ស​នៅទូទាំង​២៥រាជធានី​-ខេត្ត។ នាយកវិទ្យាល័យរូប នេះ បន្ថែមថា៖«សម្រាប់​ខ្ញុំជា​ជនបទ ពិត​ជា​ត្រេកអរ ព្រោះ​ធនធាន​នៅខេត្ត​មិន​សម្បូរ​បែប​ដូច​នៅ​ទីក្រុង​ ប៉ុន្តែ​ដោយសារ​ការ​ខិតខំ​ប្រឹង​របស់​យើងទាំង​អស់​គ្នា​ ធ្វើ​ឱ្យ​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យមួយនេះ»។ 


លោក ហង់ជួន ណារ៉ុន និង​សិស្សពូកែអក្សរសិល្ប៍ខ្មែរថ្នាក់ទី៩។ រូបភាពក្រសួងអប់រំ យុវជន និងកីឡា

ក្នុង​ពិធី​បិទ​ការ​ប្រឡងសិស្សពូកែ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍ថា៖«សិស្សពូកែទាំងអស់នៅថ្ងៃនេះ នឹងក្លាយជាធនធានបញ្ញវន្ត សម្រាប់ពេលអនាគតរបស់កម្ពុជា ស្របពេលដែលប្រទេសយើងកំពុងត្រូវការនូវមូលធនមនុស្សជាចាំបាច់ ដើម្បីអភិវឌ្ឍន៍​ប្រទេសឱ្យកាន់តែរីកចម្រើន ជាពិសេសស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា បដិវត្តឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផ្តោតលើបញ្ញាសិប្បនិមិត្ត។ល»។
 
រដ្ឋមន្រ្តី​អប់រំ ក៏​បាន​រំឭកឱ្យ​សិស្សពូកែទាំងអស់ បន្តត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិថ្នាក់ជាតិ នាពេលខាងមុខ ។ នេះជាលើកទី២៨ ដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេស និងជាលើកទី៧ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រឡង។ 


សិស្សពូកែទាំង៦រូប មកពីខេត្ត​ព្រៃវែង ក្នុងពិធីទទួលរង្វាន់។ រូបភាពក្រសួង​អប់រំ យុវជន និង​កីឡា

ការ​ប្រឡង​សិស្ស​ពូកែ​ក្នុង​ឆ្នាំនេះ មាន​បេក្ខជនចូលរួមចំនួន ​២៤០នាក់ មកពី២៥រាជធានី-ខេត្ត។ ក្នុងឆ្នាំនេះ ​ការ​ប្រឡង​សិស្សពូកែ មាន​ការ​កំណែទម្រង់ ដោយជ្រើសរើសជាជ័យលាភីសរុប៣០នាក់ប៉ុណ្ណោះ ថ្នាក់ទី៩ចំនួន១៥នាក់ និងថ្នាក់ទី១២ ចំនួន១៥នាក់។ ឆ្នាំមុនៗ ការប្រឡងសិស្សពូកែ ត្រូវបានជ្រើសរើស៦០នាក់។
 
សូម​បញ្ជាក់ថា សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ទាំង៣០នាក់ ទទួលបានរង្វាន់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្នុង​នោះ​មាន​ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ១ច្បាប់, មេដាយ ១គ្រឿងសម្រាប់បេក្ខជនជ័យលាភី ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣, វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស ១ច្បាប់ និង​ប្រាក់រង្វាន់តាមចំណាត់ថ្នាក់។ ជ័យ​លាភី​លេខ១ ទទួល​បាន​ប្រាក់​រង្វាន់ចំនួន ៣លាន៥០ម៉ឺន​រៀល, លេខ២ បាន ៣លាន​២០ម៉ឺនរៀល, លេខ​៣ បាន​ ២លាន​៩០ម៉ឺនរៀល, លេខ៤ បាន ២លាន​៦០ម៉ឺន​រៀល និង​លេខ ៥ បាន ២លាន៣០ម៉ឺន​រៀល៕​

Tag:
 សិស្ស​ពូកែ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com