ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​សាក​មិនដឹង​! ធ្វើ​តាម​ចំណុច​ទាំងនេះ​ជួយ​ការពារ​ជំងឺ​ទឹកនោមផ្អែម​បាន
21, May 2024 , 10:59 pm        
រូបភាព
ប្រសិនបើ​យើង​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​ទឹកនោមផ្អែម យើង​ត្រូវ​តែ​យកចិត្តទុកដាក់​ចំពោះ​ការ​ថែទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​។ តើ​គ្នា​យើង​ធ្លាប់​ដឹង​ទេ​ថា​ជំងឺ​ទឹកនោមផ្អែម​៧០% គឺ​អាច​ជៀសវាង​បាន ប្រសិនបើ​យើង​ថែទាំ​សុខភាព​ឲ្យ​ល្អ?

 
ជា​ទូទៅ ដោយសារ​តែ​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​មិនសូវ​សកម្ម ជាមួយនឹង​ការ​ធ្វើ​ការងារ​ដោយ​ប្រើ​បច្ចេកវិទ្យា​ជឿនលឿន ព្រមទាំង​ការ​គេង​មិន​បាន​គ្រប់គ្រាន់ ក៏​ដូច​ជា​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​ហូប​ចុក​ផង​នោះ​សុខភាព​របស់​យើង​កំពុង​តែ​ប្រឈម​នឹង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។
 
អត្រា ឬ​ល្បឿន​ដែល​រាង​កាយ​យើង​ដុត​រំលាយ ឬ​ប្រើប្រាស់​កាឡូរី ដើម្បី​បង្កើត​ថាមពល​ហៅ​ថា​មេតា​ប៉ូលិស​។ នៅ​ពេល​ដែល​ស្ថានភាព​នៃ​ភាព​ធន់​នឹង​អាំង​ស៊ុ​យ​លី​ន (​ស្ថានភាព​រំលាយ​អាហារ​) និង មេតា​ប៉ូលិស ត្រូវ​បាន​រាំងស្ទះ ហានិភ័យ​សុខភាព និង​ជំងឺ​ជា​ច្រើន​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​។ បញ្ហា​សុខភាព​ដែល​កើត​មាន​ជា​ទូទៅ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ធន់​នៃ​អាំង​ស៊ុ​យ​លី​ន មាន​ដូច​ជា​ការ​ធាត់​ជ្រុល ទឹកនោមផ្អែម កូ​លេ​ស្តេ​រ៉ូ​ល​ខ្ពស់ ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ និង​គីស​ទឹក​នៅ​ក្រពេញ​អូវែ (PCOS) ជាដើម​។
 
ដូចនេះ​ហើយ ដើម្បី​ចៀសវាង​កើត​ជំងឺ​ទឹកនោមផ្អែម​យើង​ត្រូវ​៖
 
១. រក្សា​ទម្ងន់​ឲ្យ​បាន​ត្រឹមត្រូវ
 
យើង​ប្រហែលជា​បានដឹង​ហើយ​ថា ការ​ស្រក​ទម្ងន់ ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​យើង​។ នៅ​ពេល​ដែល​យើង​ស្រក​ទម្ងន់​ចាប់ពី​៥% ទៅ​១០% វា​នឹង​ជួយ​សម្រួល​ដល់​ប៉ារ៉ាម៉ែត្រ​សុខភាព​បាន​យ៉ាងច្រើន​។ លើស​ពី​នេះ វា​ថែម​ទាំង​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រែប្រួល​អាំង​ស៊ុ​យ​លី​ន និង​កម្រិត​ថាមពល​ថែម​ទៀត​ផង​។
 
២. របប​អាហារ​ត្រឹមត្រូវ
 
ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ និង​មាន​តុល្យភាព គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​។ ចូរ​ញ៉ាំ​អាហារ​ស្រស់​ៗ ដោយ​ទំពា​យឺត​ៗ ក៏​ដូច​ជា​ទៀងទាត់​ពេលវេលា​។ ចៀសវាង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល ឬ​តិច​ជ្រុល ​។ ជា​ធម្មតា រាល់​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់ គឺ​មិនសូវ​ជា​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ យើង​ត្រូវ​ចៀសវាង​អាហារ​ប្រភេទ​រលាក ឬ​មិន​មាន​សុខភាព​ល្អ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​មិនល្អ ឬ​ជាតិ​ខ្លាញ់​ខ្ពស់​។ បន្ថែម​ពី​នេះ រាង​កាយ​របស់​យើង​ក៏​ត្រូវការ​ទឹក និង​សារជាតិ​រាវ​ក្នុង​បរិមាណ​សម​ល្មម​ផង​ដែរ​។
 
៣. ធ្វើ​លំ​ហាត់ប្រាណ
 
ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ដោយ​ចាប់ផ្ដើម​ពី​ការ​ហាត់​កាយសម្បទា ដើម្បី​បង្កើន​ការ​ធ្វើ​មេតា​ប៉ូលិស​។ យើង​អាច​ដើរ​លឿន​រយៈពេល​៥​នាទី​សិន រួច​ដើរ​យឺត​ៗ ឬ​រត់​ត្រឹក​ៗ​ជាដើម​។ ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា​សុខភាព​ស្រាប់ យើង​អាច​ចាប់ផ្ដើម​លំ​ហាត់ប្រាណ ដូច​ជា​ការ​ដើរ ហែល​ទឹក ឬ​ជិះ​កង់​។​ល​។ បន្ទាប់​ពី​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​រួច​។ អត្ថប្រយោជន៍​មួយទៀត​នៃ​លំ​ហាត់ប្រាណ គឺ​ការ​បង្កើន​សាច់ដុំ ដោយ​ការ​លើក​ទម្ងន់ ឬ​ប្រើ​ឧបករណ៍​ទាញ​សាច់ដុំ ដែល​សម​ស្រប​ចំពោះ​រាង​កាយ ក៏​ដូច​ជា​សុខភាព​របស់​យើង​។
 
៤. គេង​ឲ្យ​បាន​ស្កប់ស្កល់
 
ការ​គេង​គ្រប់គ្រាន់ និង​ស្កប់ស្កល់ គឺ​មានគុណ​តម្លៃ​ដ៏​ប្រសើរ​សម្រាប់​ការ​ធ្វើ​មេតា​ប៉ូលិស​។ ពិត​ណាស់ ពេល​ដែល​យើង​គេង​លក់ រាង​កាយ​របស់​យើង​នឹង​ធ្វើការ​ជួសជុល ព្រមទាំង​ទទួល​បាន​ថាមពល​ឡើង​វិញ​ជាក់​ជា​មិន​ខាន​។ ចូរ​បន្ថយ ឬ​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​ផ្សេង​ៗ​ដូច​ជា​ទូរ​សព្ទ ឬ​កុំព្យូទ័រ​ជាដើម រយៈពេល​មួយ​ម៉ោង​មុន​ពេល​ចូល​គេង និង​គេង​ឲ្យ​បាន​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។
 
៥. កាត់​បន្ថយ​ស្ត្រេ​ស
 
ស្ត្រេ​ស​ប៉ះពាល់​ដល់​កម្រិត​អ័រម៉ូន ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​យើង​ផលិត​អ័រម៉ូន​កូ​ទី​សុល​( Cortisol ) ច្រើន​ជាង​ធម្មតា​។ អ័រម៉ូន​កូ​ទី​សុល​អាច​គ្រប់គ្រង​ចំណង់​អាហារ​បាន ហើយ​សម្រាប់​អ្នក​ដែល​មាន​កម្រិត​អ័រម៉ូន​នេះ​ខុស​ប្រក្រតី នឹង​អាច​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ចំណង់​អាហារ ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​ធ្វើ​មេតា​ប៉ូលិស ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com