កីឡាអន្តរជាតិ
អន្តរជាតិ
Ederson បង្ខំចិត្តដកខ្លួនពីក្រុមប្រេស៊ីលដោយសាររបួស មុនការប្រកួត Copa America
20, May 2024 , 7:29 pm        
រូបភាព
ក្រុមជម្រើសជាតិប្រេស៊ីល សម្រេចកោះហៅកីឡាករ ៣រូប បន្ថែមទៀត សម្រាប់ត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ Copa America បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) បានប្រកាសអនុញ្ញាតឱ្យក្រុមទាំងអស់ បន្ថែមកីឡាករក្នុងបញ្ជីឈ្មោះពី ២៣រូប ទៅ ២៦រូប។ ប្រេស៊ីល សម្រេចចិត្តផ្លាស់ប្តូរឈ្មោះអ្នកចាំទី Ederson ចេញក្រោយរូបគេជួបបញ្ហារបួស។



បើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) កីឡាករខ្សែការពារ Bremer មកពីក្រុម Juventus និងខ្សែបម្រើក្រុម Atalanta កីឡាករ Ederson រួមទាំងខ្សែប្រយុទ្ធ Pepe របស់ក្លិប FC Porto ត្រូវបានក្រុមប្រេស៊ីលកោះហៅ។ 
 
កីឡាករចាំទី Rafael របស់ក្លិប Sao Paulo ត្រូវបានកោះហៅដើម្បីជំនួសអ្នកចាំទី Ederson សម្រាប់ក្រុមលោក Dorival Junior ដែលបានចូលកាន់កាប់តំណែងជាគ្រូប្រេស៊ីលកាលពីខែមករា។ Ederson អ្នកចាំទីដៃទីមួយរបស់ Man City រងរបួសបាក់ឆ្អឹងតូចមួយក្បែរន្ធភ្នែករបស់គេ អំឡុងពេលប្រកួតឈ្នះ Tottenham Hotspur លទ្ធផល ២-០ បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ Romero។
 
តាមពិតទៅកីឡាករក្រុមជម្រើសជាតិប្រេស៊ីល បានប្រកាសបេក្ខភាពក្រុមរួចរាល់កាលពីខែមេសា មកម្ល៉េះ ក្នុងនោះក៏រួមមានវត្តមានកីឡាករវ័យ ១៧ឆ្នាំ Endrick ប៉ុន្តែបែរជាបាត់វត្តមានរបស់ខ្សែបម្រើ Casemiro របស់ក្រុម Man United និងខ្សែប្រយុទ្ធ​ Richarlison រួមទាំង Gabiel Jesus។
 
ក្រុមម្ចាស់ពាន Copa America ៩សម័យ នឹងចាប់ផ្តើមការប្រកួតពានរង្វាន់កំពូលក្នុងទ្វីបអាមេរិក ខាងត្បូង ដោយត្រូវតទល់ក្រុមកូស្តារីកា នៅថ្ងៃទី២៤ ខែមិថុនា បន្ទាប់មក​ ៤ថ្ងៃក្រោយទៅប៉ះក្រុមប៉ារ៉ាហ្កាយ ហើយជួបកូឡុំប៊ីថ្ងៃទី២ ខែកក្កដា។ ពានរង្វាន់ Copa America នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអាម៉េរិក ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា។
 
មុនការប្រកួតផ្លូវការមកដល់ ប្រេស៊ីល ក៏នឹងមានការប្រកួតមិត្តភាពទល់នឹងក្រុមម៉ិកស៊ិក នៅថ្ងៃទី៨ ខែមិថុនា មុនប៉ះអាម៉េរិក នៅថ្ងៃទី១២៕ 

Tag:
 Copa America
  Ederson
© រក្សាសិទ្ធិដោយ thmeythmey.com