អន្តរជាតិ
លោក Biden បន្ត​ទាក់ទាញ​អ្នក​បោះឆ្នោត​ស្បែក​ខ្មៅ ខណៈ​ការ​គាំទ្រ​ហាក់​ធ្លាក់​ចុះ
21, May 2024 , 10:01 am        
រូបភាព
ដោយ: VOA
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​បន្ត​ប្រឹងប្រែង​ទាក់ទាញ​ក្រុម​អ្នក​បោះឆ្នោត​ស្បែកខ្មៅ ដោយ​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ដើម្បី​អបអរ​សិទ្ធិ​ពលរដ្ឋ​និង​លើកឡើង​ពី​មេដឹកនាំ​ជំនាន់ក្រោយ។



នៅមុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាងមុខ យុទ្ធនាការ​របស់​លោក Biden មាន​បំណង​ដោះស្រាយ​បញ្ហា​នៃ​ការ​ធ្លាក់ចុះ​ការ​គាំទ្រ​របស់​ពលរដ្ឋ​ស្បែកខ្មៅ​ចំពោះ​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ។ ជា​ប្រវត្តិសាស្ត្រ​កន្លង​មក ក្រុម​ពលរដ្ឋ​ស្បែកខ្មៅ​តែងតែ​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។
 
កាលពី​ថ្ងៃ​ទី ១៧ ខែ​ឧសភា លោក Biden បាន​ថ្លែង​សុន្ទរកថា​នៅឯ​សារមន្ទី​ជាតិ​ប្រវត្តិសាស្ត្រ​និង​វប្បធម៌​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាហ្វ្រិក​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​នៅ​ទីនោះ​លោក​បាន​លើកឡើង​សំដៅ​លើ​បេក្ខជន​ប្រធានាធិបតី​សន្មតទុក​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ដែល​ជា​គូ​ប្រជែង​របស់​លោក។
 
លោក Biden បាន​ថ្លែង​ថា៖ «ប្រធានាធិបតី​ដែល​កាន់​តំណែង​មុន​ខ្ញុំ​និង​អ្នក​គាំទ្រ​ជ្រុលនិយម​លើ​យុទ្ធនាការ «ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​អស្ចារ្យ​ម្ដងទៀត (Make America Great Again)» របស់​អ្នក​នោះ​គឺជា​អ្នក​ទទួល​ខុសត្រូវ​លើ​ទង្វើ​ដែល​បំបាត់​ចោល​នូវ​សេរីភាព​ជា​មូលដ្ឋាន​របស់​យើង ដែល​នោះ​គឺ​សេរីភាព​ក្នុង​ការ​បោះឆ្នោត​និង​សេរីភាព​ក្នុង​ការ​ជ្រើសរើស»។
លោក Biden ថ្លែង​ដូច្នេះ​ចង់​សំដៅ​លើ​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​ដាក់​កំហិត​លើ​សិទ្ធិ​បោះឆ្នោត​និង​សិទ្ធិ​រំលូត​កូន។
 
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​បញ្ជាក់​ថា លោក Trump «មាន​ការ​គាំទ្រ​កើនឡើង​ក្នុង​ចំណោម​ពលរដ្ឋ​ស្បែកខ្មៅ​និង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាមេរិក​ឡាទីន» ទោះបីជា​លោក Biden «បន្ត​និយាយ​បង្អាប់​និង​ផ្សាយ​ពាណិជ្ជកម្ម​តម្លៃ​រាប់​លាន​ដុល្លារ​ដែល​លោក​ត្រូវបាន​បង្ខំ​ឱ្យ​ធ្វើ​ក៏ដោយ»។
 
អ្នកស្រី Karoline Leavitt អ្នកនាំពាក្យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ផ្ញើ​មកកាន់ VOA ថា៖ «អ្នកបោះឆ្នោត​ស្បែកខ្មៅ​និង​អាមេរិក​ឡាទីន ដូច​នឹង​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ដែរ គឺ​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ខ្លាំង​ជាង​ពេល​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក Trump ហើយ​រាល់​ការ​ស្ទង់មតិ​ឆ្លុះ​បញ្ចាំង​អំពី​តថភាព​នេះ»។
 
អ្នកស្រី​បាន​បន្ថែម​ថា៖ «ពួកគេ​មាន​ចំណូល​តិច​ជាង​មុន ហើយ​អ្វីៗ​គ្រប់យ៉ាង​ឡើង​ថ្លៃ ខណៈ​ត្រូវ​បង្ខំចិត្ត​រស់នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​ទន់ខ្សោយ​ដែល​គិតគូរ​ដល់​ប្រយោជន៍​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​ពលរដ្ឋ​ខ្លួនឯង»។
 
លោក Trump បាន​ព្យាយាម​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ស្បែកខ្មៅ ដោយ​រួមទាំង​ការ​ប្រើប្រាស់​រឿងក្តី​របស់​លោក​ដើម្បី​ទាក់ទាញ​ពួកគេ​ផងដែរ ដោយ​លើកឡើង​ថា​លោក​បាន​រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ដោយ​អយុត្តិធម៌​ពី​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ។
 
លោក Trump បាន​បញ្ជាក់​ក្នុង​សុន្ទរកថា​កាលពី​ខែ​កុម្ភៈ​នៅឯ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​អភិរក្ស​ពលរដ្ឋ​ស្បែកខ្មៅ (Black Conservative Federation) ដែល​នៅ​ទីនោះ​លោក​បាន​ទទួល​ពានរង្វាន់ «Champion of Black America» ថា៖ «ខ្ញុំ​ត្រូវបាន​ចោទ​ប្រកាន់​ជា​លើក​ទី​ពីរ លើក​ទី​បី និង​លើក​ទី​បួន ហើយ​មនុស្ស​ជាច្រើន​ថា​នេះ​ជា​មូលហេតុ​ដែល​ពលរដ្ឋ​ស្បែកខ្មៅ​ចូលចិត្ត​ខ្ញុំ ដោយសារតែ​ពួកគេ​ធ្លាប់​រង​ការ​ឈឺចាប់​ខ្លាំងក្លា​និង​រង​ការ​រើសអើង ហើយ​ពួកគេ​មើល​មក​ខ្ញុំ​ដោយ​យល់​ថា​ខ្ញុំ​កំពុង​ត្រូវបាន​គេ​រើសអើង»។
 
ការ​ផ្ដោត​ទិសដៅ​លើ​អ្នក​បោះឆ្នោត​ស្បែកខ្មៅ​វ័យក្មេង

ក្នុង​បំណង​ទាក់ទាញ​អ្នក​បោះឆ្នោត​ស្បែកខ្មៅ​វ័យក្មេង លោក Biden កាលពី​ថ្ងៃ​ទី ១៧ ខែ​ឧសភា​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុម Divine Nine ដែល​ជា​ក្រុម​សមាគម​ស្ត្រី​និង​បុរស​ស្បែកខ្មៅ​និង​អង្គការ​សង្គម​នៅតាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នានា។
 
ការ​ប្រឡូក​របស់​លោក Biden នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​លោក​មាន​ជំនួប​លក្ខណៈ​ឯកជន​មួយ​កាលពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា​ជាមួយ​នឹង​ដើមបណ្តឹង​និង​សមាជិក​គ្រួសារ​នៃ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ ១៩៥៤ ក្នុង​សំណុំរឿង Brown vs. Board of Education ដែល​រកឃើញ​ថា​ច្បាប់​នៃ​ការ​បែងចែក​ជាតិសាសន៍​គឺ​ផ្ទុយពី​រដ្ឋធម្មនុញ្ញ។
 
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden បាន​បញ្ជាក់​ថា ការ​ប្រឡូក​របស់​លោក Biden នេះ​គឺជា​សញ្ញា​បង្ហាញ​អំពី​របៀប​ដែល​រដ្ឋបាល​លោក Biden ធ្វើការ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ស្បែកខ្មៅ​និង​ដោះស្រាយ​បញ្ហា​អាទិភាព​សំខាន់ៗ​របស់​ពួកគេ។
 
លោក Trey Baker ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​មិនមែន​ប្រឡូក​នៅក្នុង​សហគមន៍​ទាំងនេះ​នៅ​នាទី​ចុងក្រោយ​ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ពី​ពួកគេ​នោះទេ»។
 
ការ​គាំទ្រ​ហាក់​ធ្លាក់ចុះ​នៅក្នុង​ការ​ស្ទង់មតិ

ជា​យូរយារ​មកហើយ អ្នកបោះឆ្នោត​ដែល​ជា​ពលរដ្ឋ​ស្បែកខ្មៅ​បាន​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​និង​បាន​ជួយ​ឱ្យ​លោក Biden ឈ្នះ​ការ​បោះឆ្នោត​នៅក្នុង​ឆ្នាំ ២០២០។ នៅមុន​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាងមុខ ការស្ទង់មតិ​របស់ Washington Post/Ipsos បាន​បង្ហាញ​ថា លោក Biden នៅ​បន្ត​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​ពលរដ្ឋ​ស្បែកខ្មៅ​ភាគច្រើន។
 
ប៉ុន្តែ ចំណាប់​អារម្មណ៍​តិច​ជាង​មុន​នៅក្នុង​ការ​បោះឆ្នោត​បើ​ធៀប​ទៅនឹង​ឆ្នាំ ២០២០ គឺជា​សញ្ញា​ព្រមាន​ចំពោះ​យុទ្ធនាការ​របស់​លោក Biden។ នៅក្នុង​ការ​ស្ទង់មតិ​នេះ គេ​ឃើញ​មាន​ពលរដ្ឋ​ស្បែកខ្មៅ​តែ ៦២% ប៉ុណ្ណោះ​ដែល​បាន​បញ្ជាក់​ថា​ពួកគេ​ច្បាស់ជា​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ បើ​ធៀប​ទៅនឹង​ចំនួន ៧៤% ក្នុង​អំឡុង​ពេល​នេះ​ដែរ​កាលពី​ឆ្នាំ ២០២០។
 
ស្របពេល​ជាមួយ​គ្នានេះ​ដែរ ការ​គាំទ្រ​របស់​អ្នកបោះឆ្នោត​ស្បែកខ្មៅ​ចំពោះ​លោក Trump នៅ​ក្នុង​ការ​ស្ទង់មតិ​ថ្នាក់​ជាតិ​និង​នៅ​ថ្នាក់​រដ្ឋ​បាន «កើនឡើង​ខ្លាំង​គួរឱ្យ​ភ្ញាក់ផ្អើល»។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​នយោបាយ​នៃ​សាកលវិទ្យាល័យ Virginia។
 
លោក Larry Sabato ប្រធាន​មជ្ឈមណ្ឌល​នយោបាយ​នៃ​សាកលវិទ្យាល័យ Virginiaបាន​ថ្លែង​ថា៖ «អ្នកបោះឆ្នោត​ស្បែកខ្មៅ​វ័យ​ចំណាស់​មិន​សូវ​បារម្ភ​ប៉ុន្មាន​ទេ​ជាមួយ​លោក Biden។ ពួកគេ​នៅ​ចាំ​ពេល​លោក Trump កាន់​តំណែង​នៅ​អាណត្តិ​ដំបូង ដូច្នេះ​ហើយ​លោក Biden ច្បាស់​ជា​ជម្រើស​របស់​ពួកគេ។ ប៉ុន្តែ​ពលរដ្ឋ​ស្បែកខ្មៅ​វ័យក្មេង​ឯណោះ​ទេ​ដែល​រំពឹង​ច្រើន​ពី​លោក Biden»។
 
អ្នកបោះឆ្នោត​ស្បែកខ្មៅ​វ័យក្មេង​ជាច្រើន​ធុញទ្រាន់​នឹង​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​ជា​ភាព​អសកម្ម​របស់​លោក Biden ចំពោះ​អាទិភាព​កំពូលៗ​របស់​ពួកគេ ហើយ​ពួកគេ​ខឹង​សម្បា​ចំពោះ​របៀប​ចាត់ចែង​របស់​លោក Biden លើ​សេដ្ឋកិច្ច​និង​លើ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas)។
 
លោក Sabato បាន​ទស្សន៍ទាយ​ថា ពលរដ្ឋ​ស្បែកខ្មៅ​មិន​លើស​ពី ១៣% ទេ​ដែល​នឹង​បោះឆ្នោត​ឱ្យ​លោក Trump។ លោក​បាន​ថ្លែង​ថា សម្រាប់​ពលរដ្ឋ​ស្បែកខ្មៅ ជម្រើស​របស់​ពួកគេ​មាន​តែ​ពីរ​ទេ​គឺ​បោះឆ្នោត​ឱ្យ​លោក Biden ឬ​មិន​បោះឆ្នោត​តែម្តង។ លោក​បាន​បន្ថែម​ថា៖ «ការ​ចេញ​ទៅ​បោះឆ្នោត​របស់​ពលរដ្ឋ​ស្បែកខ្មៅ​គឺជា​គន្លឹះ​សំខាន់»៕
 
ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

© រក្សាសិទ្ធិដោយ thmeythmey.com