ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោកស្រី ម៉ារី ហេលេន ល័រហ្សង (Marie Hélène LOISON) អគ្គនាយិការងAFD និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភានេះ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោកស្រី ម៉ារី ហេលេន ល័រហ្សុង បានគូសបញ្ជាក់ថា AFD និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយគ្នា។ AFD ប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត ពិសេសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។
«AFD បន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាកចេញពី ចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាង ជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ»។ លោកស្រី ម៉ារី បញ្ជាក់ដូច្នេះ មុននឹងបន្តថា កម្មវិធីរបស់ទីភ្នាក់ងារ AFD នៅកម្ពុជា គឺផ្តោតលើវិស័យសំខាន់ៗជាច្រើន រួមមានអភិវឌ្ឍន៍ជនបទ ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ហិរញ្ញវត្ថុ ធនាគារ ហិរញ្ញវត្ថុបៃតង ពាណិជ្ជកម្ម និងវិនិយោគជាដើម។
ក្រៅពីរំឭកអំពីការងារស្នូលរបស់ AFD លោកស្រី ម៉ារី ក៏បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រព័ន្ធការពារសង្គម ការកសាងមូលធនមនុស្ស ថាមពល និងបច្ចេកវិទ្យា។ អគ្គនាយិការងរូបនេះ ក៏លើបានវាយតម្លៃខ្ពស់ ការដាក់ចេញនូវគោលដៅឈានទៅរកអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ដែលជាយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់រាជរដ្ឋាភិបាលដែរ។
AFD បាន និងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ប្រមុខរាជរដ្ឋាភិបាល មានប្រសាសន៍ដូច្នេះទៅកាន់លោកស្រី ម៉ារី ហេលេន ល័រហ្សុង។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺផ្តោតសំខាន់លើការធានាបាននូវនិរន្តភាពសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ គឺការការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនៃវិស័យថាមពលបៃតង និងឈានទៅដល់អព្យាក្រឹតកាបូន។
«បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ ថាមពលស្អាតឱ្យបានដល់៧០% ត្រឹមឆ្នាំ២០៣០»។ សម្តេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ មុននឹងបន្តលើកឡើងនូវពីការដាក់ចេញគោលដៅ ក្នុងការផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០ភាគរយ និងគោលនយោបាយក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការប្រើប្រាស់ទឹកគ្រប់គ្រាន់ និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និង ការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រីអគ្គនាយិការង ក៏បានផ្លាស់ប្តូរយោបល់គ្នាលើវិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម និងគោលនយោបាយក្នុងការទាក់ទាញការវិនិយោគ, គំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំងប្រចាំតំបន់ និងអន្តរកាលនៃវិស័យថាមពលផងដែរ៕