កីឡាអន្តរជាតិ
អន្តរជាតិ
លោក សិរីពិសិដ្ឋ៖ វត្តមានកីឡាករបារាំងកម្រិត A នឹងផ្ដល់បច្ចេកទេសថ្មីដល់ក្រុមជម្រើសជាតិ
21, May 2024 , 8:59 pm        
រូបភាព
រូបភាពពីផេកផ្លូវការរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា
រូបភាពពីផេកផ្លូវការរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា (VFC) លើកឡើងថា កីឡាករបារាំង ៣រូប ដែលប្រកបអាជីពនៅលីគបាល់ទះកម្រិត A នៅបារាំង ក្លាយជាសមាជិកថ្មីក្រុមបាល់ទះវិសាខារយៈពេលខ្លី។ កីឡាករ Francois Rebeyrol, Thomas Gill និង Prierre Toledo ក៏នឹងដើរតួសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ថ្មី ទៅកាន់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាផង សម្រាប់ត្រៀមការប្រកួតពានរង្វាន់ Sea V.League។



នាព្រឹកថ្ងៃទី២១ ខែឧសភា កីឡាករបារាំងទាំង ៣រូប រួមមានកីឡាករ Francois Rebeyrol លេងឱ្យក្លិប Nice Volley Ball ស្ថិតក្នុងលីគបាល់ទះលំដាប់ A ប្រទេសបារាំង និងជាកីឡាករជម្រើសជាតិបារាំង។ អតីតកីឡាករជម្រើសជាតិកម្រិត Junior រួមមានកីឡាករ Gill លេងឱ្យក្លិប Ajaccio ក្នុងលីគលំដាប់ B និងកីឡាករ Toledo មកពីក្រុម Chaumont VB​52 លីគលំដាប់ A បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ទទួលបានការស្វាគមន៍ពីសំណាក់លោក សិរីពិសិដ្ឋ ដោយផ្ទាល់។
 
បន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសបារាំង មកកាន់ទឹកដីកម្ពុជា កីឡាករ Rebeyrol វ័យ ២៤ឆ្នាំ កីឡាករ Gill វ័យ ២៣ឆ្នាំ និង Toledo វ័យ ២៣ឆ្នាំ នឹងចូលរួមលេងឱ្យក្លិបវិសាខា ក្នុងរយៈពេលខ្លី ដោយបង្ហាញខ្លួនលើកដំបូងឱ្យក្រុម នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិ​ ទល់នឹងក្លិបបាល់ទះ Lavie Long An មកពីវៀតណាម នៅក្នុងសាលបាល់ទះពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី២៤ ខែឧសភា  វេលាម៉ោង ៧យប់។ 

រូបភាពពីផេកផ្លូវការរបស់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា 

នៅថ្ងៃដដែលនោះ ក៏មានការប្រកួតរវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ ទល់នឹងក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វេលាម៉ោង ៥ល្ងាច ផងដែរ។ 
លោក សិរីពិសិដ្ឋ បានបង្ហាញក្តីរំពឹង ប្រាប់មកកាន់សារព័ត៌មានថ្មីៗថា ពិសោធន៍នៃបច្ចេកទេសការលេងបាល់ទះពីកីឡាករមកពីទ្វីបអឺរ៉ុប នឹងធ្វើឱ្យក្រុមកីឡាករជម្រើសជាតិកម្ពុជាដែលកំពុងប្រមូលផ្តុំ មានការវិវឌ្ឍន៍កើនឡើងបន្ថែមទៀត។
 
«នឹងហើយកីឡាករទាំង ៣ នេះ មករយៈពេលខ្លីទេ ដោយពួកគេមកជួយក្រុមបាល់ទះវិសាខា និងចែករំលែកបទពិសោធន៍ថ្មីបន្ថែមទៀតដល់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលកំពុងប្រមូលផ្តុំ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ Sea V.League ចុងខែសីហា ដែលកម្ពុជារបស់យើងធ្វើជាម្ចាស់ផ្ទះ។ ខ្ញុំជឿជាក់ថាបទពិសោធន៍ថ្មី ពីកីឡាករដែលមានបទពិសោធន៍ពីអឺរ៉ុបនេះ នឹងធ្វើឱ្យអត្តពលិកកម្ពុជារបស់យើងមានការវិវឌ្ឍន៍សមត្ថភាពកាន់តែកើតឡើង។»។ លោក សិរីពិសិដ្ឋ ប្រាប់សារព័ត៌មានថ្មីៗតាមរយៈបណ្តាញសង្គមតេឡេក្រាមដូច្នេះ៕

រូបភាពពីសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC

Tag:
 បាល់ទះ
  អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com