RFI
អន្តរជាតិ
សិង្ហបុរី​ពង្រឹង​សន្តិសុខ​​ ក្រោយ​អំពើ​​វាយប្រហារ​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ ​​ជាប់​ព្រំដែន​ម៉ាឡេស៊ី
21, May 2024 , 9:59 pm        
រូបភាព
លោក ឡរ៉ែនស៍ វ័ង នៅថ្ងៃ​ឡើងកាន់តំណែង នាយករដ្ឋមន្ត្រី​​សិង្ហបុរី ជាផ្លូវការ។ REUTERS - Edgar Su
លោក ឡរ៉ែនស៍ វ័ង នៅថ្ងៃ​ឡើងកាន់តំណែង នាយករដ្ឋមន្ត្រី​​សិង្ហបុរី ជាផ្លូវការ។ REUTERS - Edgar Su
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា

នាយករដ្ឋមន្ត្រីថ្មី របស់​សិង្ហបុរី លោក ឡរ៉ែនស៍ វ័ង បាន​ប្រកាស​វិធានការ​រឹត​បន្តឹង​សន្តិសុខសុវត្ថិភាព​នៅក្នុង​ប្រទេស។ ការ​ពង្រឹង​សន្តិសុខ​នេះ បន្ទាប់ពីមា​នព្រឹត្តិការណ៍​វាយប្រហារ​​ពីជន​​អ៊ីស្លាម​ជ្រុល​និយម​​ សម្លាប់​​ប៉ូលិស២នាក់ នៅ​ក្នុង​ទឹកដីម៉ាឡេស៊ី ជាប់​​ព្រំដែន​សិង្ហបុរី។​​​​

 
សិង្ហបុរី បាន​ពង្រឹង​សន្តិសុខ​សុវត្តិភាព យ៉ាង​តឹងតែង​​ខ្លាំង​ នៅ​តាម​គ្រប់​ច្រក​ចេញ​ចូល​ ព្រំដែន ទាំង​ផ្លូវ​ទឹក​និង​​ផ្លូវ​អាកាស។​  នេះជា​​វិធានការដាក់​ចេញ​ដោយ​ នាយករដ្ឋមន្ត្រីថ្មី​ លោក ឡរ៉ែនស៍ វ័ង ដោយ​បញ្ជាក់​ថែមទៀត​ ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​សិង្ហបុរី ត្រូវរាយការណ៍​​ផ្តល់​ដំណឹង​ភ្លាមភ្លែត​ ជាបន្ទាន់​ទៅ​ដល់​សមត្ថកិច្ច ប្រសិន​បើ​បាន​សង្កេតឃើញ​ ឬ​ជួប​ប្រទះ​ហេតុភេទ​ណា​មួយ គួរ​ឲ្យ​សង្ស័យ​។ ថ្នាក់ដឹកនាំរដ្ឋាភិបាល​សិង្ហបុរី ក៏​ចេញបញ្ជា​ឲ្យ​ភ្នាក់ងារ​កង​កម្លាំង​សមត្ថកិច្ច ត្រូវ​បន្ត​តាម​ដាន​ឲ្យ​កៀកកិត ជុំវិញ​ស្ថានការណ៍​វិវឌ្ឍនានា ទាក់ទង​នឹង​សន្តិសុខ​ក្នុង​តំបន់​និង​ពិភពលោក។​
 
ការដាក់​ចេញ​វិធានាការ​​សន្តិសុខរបស់​នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃ​អង្គារ ទី​២១ឧសភា​​ បន្ទាប់​ពីមាន​​ព្រឹត្តិការ​ណ៍​សម្លាប់​នគរបាលម៉ាឡេស៊ី ២នាក់ និង​របួសប៉ូលិស​​ម្នាក់​​ផង  ជាស្នាដៃ​​បង្កឡើង​ពីខ្មាន់​កាំភ្លើង​ម្នាក់​ ដែលត្រូវ​គេ​សង្ស័យ​ថា​ពាក់ព័ន្ធ​នឹង​ក្រុម​​អ៊ីស្លាម​ជ្រុល​និយម​។​ នាយករដ្ឋមន្ត្រី លោក ឡរ៉ែនស៍ វ័ង ចាត់ទុកថា ព្រឹត្តិការណ៍​សម្លាប់​មនុស្ស​នេះ​ ជា​សញ្ញាគំរាមកំហែង​ភេរវកម្ម​ ជាថ្មី នៅក្នុងតំបន់។​
 
ហេតុការណ៍​នោះ​ បាន​កើតឡើង កាលពីថ្ងៃសុក្រ​ ទី​១៧ឧសភា​ ​ ក្នុង​រដ្ឋហ្សូនោរ​ ជាប់​ព្រំដែន​ទឹក​របស់​សិង្ហបុរី និង​ឋិត​នៅប៉ែក​ខាង​ត្បូងម៉ាឡេស៊ី។​ ប៉ូលិសម៉ាឡេស៊ីបាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើង និង​​បាន​បើកការ​ស៊ើប​អង្កេត​ឆែកឆេរ​នៅ​ផ្ទះ​របស់​ជន​ដៃដល់ ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប៉ុស្តិនគរបាល។ បើតាម​កាសែត​ក្នុងស្រុក​ម៉ាឡេស៊ី​ ក្រុម​កម្លាំង​សមត្ថកិច្ច​​បាន​រកឃើញ​វត្ថុភស្តុតាង​ផ្សេងៗ​ជាច្រើន​ ​បង្ហាញពីការ​ជាប់​ទាក់ទង​​ រវាង ​គ្រួសារ​ខ្មាន់​កាំភ្លើង​ ​ជាមួយ​និង ​ក្រុម​ចលនាអ៊ីស្លាម ចេម៉ាហ៍ អ៊ីស្លាមីយ៉ាហ៍​ ពិសេស​ឪពុក​​ជន​ដៃដល់​ផ្ទាល់តែ​ម្តង​ ដែល​ជា​ខ្សែបណ្តាញ។ សមាជិកក្រុម​គ្រួសារ​ ៥ នាក់​ ត្រូវ​នគរបាល​ម៉ាឡេស៊ី ចាប់ខ្លួន​ យក​ទៅ​សួរ​ចម្លើយ ហើយ​ក្នុង​នោះ មាន ២នាក់ កំពុងត្រូវ​បន្តឃុំឃាំង។​
 
ចលនាអ៊ីស្លាម ចេម៉ាហ៍ អ៊ីស្លាមីយ៉ាហ៍​ ជាខ្សែ​បណ្តាញពួក​ឧទ្ទាម​ភេរវនិយម​ អាល់-កៃដា ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ និងដែល​មាន​សន្ទុះ​កើនឡើង​ ចាប់ពី​ដើម​ឆ្នាំ​២០០០។ ចលនាអ៊ីស្លា​មនេះ ​មាន​គម្រោង​បង្កើត​រដ្ឋអ៊ីស្លាម​១ នៅ​ឥណ្ឌូណេស៊ី។ ​បក្សពួក​ដៃជើងរបស់ពួក​គេ មាន​រាយ​ប៉ាយ​នៅ​តាម​ប្រទេស ឥណ្ឌូណេស៊ី ​សិង្ហបុរី ម៉ាឡេស៊ី ថៃ កម្ពុជា និង​ ហ្វីលីពីន​​។ នេះ​បើយោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​កាតារ អាល់-ហ្សាហ្សេរ៉ា។ មេក្រុម​ក្បាលម៉ាស៊ីន​ធំ​ជាងគេ ឈរ​ជើង​នៅ​ម៉ាឡេស៊ី ដើម្បីរៀបចំ​យុទ្ធសាស្ត្រ​និង​ប្រមូល​ធនធានលុយកាក់​សម្រាប់​រៀបចំ​គម្រោង​ផែនការ។ នៅ​ម៉ាឡេស៊ី ពួក​គេ​ទាំងនោះ ក៏​បាន​បង្កើត​សាលា​បណ្តុះ​មនោគមវិទ្យា​របស់​ខ្លួន នៅក្នុង​រដ្ឋ​ហ្សូនោរ​ ​គឺជាទីដែល​មាន​ផ្ទុះ​ហេតុការណ៍​បាញ់​សម្លាប់​ នគរបាល​ ២ នាក់ កាលពី​សប្តាហ៍​មុន។​
 
​ខែតុលា ឆ្នាំ២០០២ ចលនាអ៊ីស្លាម ចេម៉ាហ៍ អ៊ីស្លាមីយ៉ាហ៍​ បាន​ធ្វើ​ភេរវកម្ម​បំផ្ទុះ​ នៅ​កោះ​បាឡី សម្លាប់​មនុស្ស​អស់​ ជាង​ ២០០ នាក់​​​៕

© រក្សាសិទ្ធិដោយ thmeythmey.com