អន្តរជាតិ
សភាវៀតណាម បោះឆ្នោតឱ្យលោក តូ ឡិម ជាប្រធានាធិបតីថ្មី
22, May 2024 , 10:09 am        
រូបភាព
លោក តូ ឡិម ស្បថចូលកាន់តំណែងជាប្រធានាធិបតីវៀតណាម។ រូបភាព Vietnam Net
លោក តូ ឡិម ស្បថចូលកាន់តំណែងជាប្រធានាធិបតីវៀតណាម។ រូបភាព Vietnam Net
លោក តូ ឡិម ត្រូវបានសភាវៀតណាម ជ្រើសតាំងជាប្រធានាធិបតីវៀតណាមក្នុងការបោះឆ្នោតនៅព្រឹកថ្ងៃទី២២​ ខែឧសភា។ លោក តូ ឡិម ត្រូវបានមើលឃើញថា ជាបេក្ខជនមួយរូប ដែលអាចឈានទៅរកការកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅក្នុងឆ្នាំ២០២៦ ផងដែរ។

 
រដ្ឋមន្រ្តីនគរបាលវៀតណាម លោក តូ ឡិម ត្រូវបានសភាវៀតណាមគាំទ្រធ្វើជាប្រធានាធិបតី ដែលកៅអីមួយនេះទំនេរតាំងពីខែមីនាមក។ នៅក្នុងការបោះឆ្នោតនាព្រឹកថ្ងៃទី២២ ខែឧសភា លោកតូ ឡិម ទទួលបានការគាំទ្រក្នុងសំឡេង ៤៧២ លើសំឡេង ៤៧៣។ 
 
ក្នុងពេលស្បថចូលកាន់តំណែង លោកតូ ឡិម បានចាត់ទុកតំណែងប្រមុខរដ្ឋមួយនេះ គឺកេរ្តិ៍ឈ្មោះ និងការទទួលខុសត្រូវយ៉ាងខ្លាំង ហើយលោកនឹងប្តេជ្ញាចូលរួមចំណែកបម្រើប្រទេស និងប្រជាជនរបស់ខ្លួន។ 
 
«ខ្ញុំសន្យាបំពេញតួនាទី និងសិទ្ធិឱ្យបានម៉ត់ចត់ ក្នុងនាមជាប្រធានាធិបតី»។ លោកតូ ឡិម បានសង្កត់ធ្ងន់បែបនេះ។ 
 
នីតិវិធីបន្ទាប់ សភាវៀតណាម នឹងដកតំណែងលោក តូ ឡិម ក្នុងនាមជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ តាមសំណើរបស់នាយករដ្ឋមន្រ្តី ផាម មិញឈិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
កៅអីប្រធានាធិបតីវៀតណាមទំនេរចាប់តាំងពីខែមីនាកន្លងមក ដោយមានលោកស្រី Vo Thi Anh Xuan ជាប្រធានាធិបតីស្តីទីរបស់វៀតណាម។ លោក វ៉ វ៉ាន់ធឿង បានចុះចេញពីកៅអីមួយនេះ ក្រោយហេតុផលធ្វើខុសវិន័យបក្ស ខណៈមនុស្សជំនិតរបស់លោក ត្រូវបានចាប់ខ្លួនពាក់ព័ន្ធអំពើពុករលួយ។ 
 
ដំបូងឡើយ ការដកតំណែងនេះ មិនស្ថិតនៅក្នុងរបៀបវារៈរបស់សភាឡើយ ហើយ អគ្គលេខាធិការគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាវៀតណាម លោក Bui Van Cuong ក៏ធ្លាប់បានបញ្ជាក់ផងដែរថា លោក តូ ឡិម នឹងកាន់តំណែងទាំងពីរ។
 
យ៉ាងណាមិញ អគ្គលេខាធិការគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាវៀតណាម បានដាក់សំណើកែប្រែរបៀបវារៈ នៅថ្ងៃទី២១ ខែឧសភា ដោយមានការគាំទ្រពីសមាជិកសភាចំនួន ៤៦៨ លើ៤៦៩ ដើម្បីដកតំណែងលោក តូ ឡិម ជារដ្ឋមន្រ្តីថែមទៀត៕
 
ចំណែករដ្ឋមន្រ្តីសន្តិសុខសាធារណៈបន្ទាប់មិនទាន់ដឹងថានរណាឡើយ ប៉ុន្តែវៀតណាមមានបេក្ខជនចំនួន ៦រូប ដែលកាន់តំណែងជាអនុរដ្ឋមន្រ្តី។ អ្នកទាំងនោះ ក៏មានលោក Luong Tam Quang ដែលជាមនុស្សជំនិតរបស់លោក តូ ឡិមផងដែរ។ 
 
លោក តូ ឡិម ត្រូវបានមើលឃើញថា ជាបេក្ខជនមួយរូប ដែលអាចស្នងតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាមនៅឆ្នាំ២០២៦ បន្តពីលោក លោក ង្វៀន ភូជុង។ ប្រសិនបើ លោក Luong Tam Quang ត្រូវបានតែងតាំងជាមេប៉ូលិសវៀតណាម លោកតូ ឡិម រឹតត្បិតអាចពង្រឹងអំណាចនយោបាយរបស់ខ្លួនបានមួយកម្រិតទៀត។ 
 
លោកតូ ឡិម ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសន្តិសុខសាធារណៈចាប់តាំងពីឆ្នាំ២០១៦ ហើយបានចូលជាសមាជិការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តវៀតណាម នៅក្នុងឆ្នាំ២០២១។ បន្ថែមពីតួនាទីខាងលើ បេក្ខជនប្រធានាធិបតីរូបនេះ បានកាន់តំណែងជាអនុប្រធានគណៈកម្មាធិការបោសសម្អាតអំពើពុករលួយរបស់បក្សចាប់តាំងពីឆ្នាំ២០២១ ដែរ។
 
មុនកាន់តំណែងជាមេប៉ូលិសវៀតណាម លោកតូ ឡិម មានតួនាទីជាប្រធាននាយកដ្ឋានសន្តិសុខទី១ នៅក្នុងឆ្នាំ២០០៩ និងជាអនុរដ្ឋមន្រ្តីសន្តិសុខសាធារណៈនៅក្នុងឆ្នាំ ២០១០៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com