កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino ចេញពីតំណែងអ្នកចាត់ការ Chelsea ក្រោយចាយខ្ទង់៥០០លានដុល្លារមិនបានផល
22, May 2024 , 10:40 am        
រូបភាព
លោក Mauricio Pochettino ចុះចេញពីតំណែងអ្នកចាត់ការក្រុម Chelsea ដោយការព្រមព្រៀងគ្នាទាំងនៅសល់កិច្ចសន្យា១ឆ្នាំ បន្ទាប់ពីដឹកនាំបានតែមួយរដូវកាល។ នេះបើតាមការប្រកាសរបស់ក្លិប Chelsea នៅយប់ថ្ងៃទី២១ ខែឧសភា។



អ្នកចាត់ការអាហ្សង់ទីន វ័យ ៥២ឆ្នាំ បានចូលដឹកនាំ Chelsea នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដោយចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១ឆ្នាំទៀត។ យ៉ាងណាក៏ដោយ ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនគាប់ប្រសើរ បើទោះវិនិយោគលើកីឡាករថ្លៃៗខ្ទង់៥០០លានដុល្លារ លោក Pochettino និងក្លិបតោខៀវ ក៏ព្រមប្រៀងបញ្ចប់កិច្ចសន្យាមុនកាលកំណត់តែម្តង។
 
Pochettino ស្ថិតនៅក្រោមសម្ពាធចាប់តាំងពីពាក់កណ្តាលរដូវកាលដំបូងដ៏លំបាក ប៉ុន្តែធ្វើបានល្អឡើងវិញនៅចុងបញ្ចប់រដូវកាល ដោយឈ្នះ៥ប្រកួតជាប់ៗគ្នា ដណ្តើមបានចំណាត់ថ្នាក់លេខ៦ នៅ Premier League និងបានកៅអី Europa Conference។ គ្រូបង្វឹក Jesus Perez, Miguel d'Agostino, Toni Jimenez និង Sebastiano Pochettino ក៏ចាកចេញដែរ។
 
នៅរដូវកាលដំបូងរបស់អតីអ្នកចាត់ការ Spurs និង PSG ក្រុម Chelsea ទទួលបានរងជើងឯក​ពានរង្វាន់ Carabao Cup និង​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ FA Cup។
 
«សូមអរគុណដល់ម្ចាស់ក្លិប Chelsea និងនាយកកីឡា ដែលផ្តល់ឱកាសឱ្យខ្ញុំ។ ​ឥឡូវ​ក្រុមមាន​ទីតាំង​ល្អ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​នៅ Premier League និងពាន​អឺរ៉ុប​ នៅរដូវកាលក្រោយ»។

នេះជាសារចុងក្រោយរបស់លោក Pochettino ទៅកាន់ក្លិបតោខៀវ។
 
គិតមកទល់ពេលនេះ Pochettino ជាអ្នកចាត់ការអចិន្ត្រៃយ៍ទី៦របស់ Chelsea ក្នុងរយៈពេល ៥ឆ្នាំ បន្ទាប់ក្លិបដែលមានលោក Todd Boehly អ្នកជំនួញអាម៉េរិកជាម្ចាស់ បានបញ្ចប់តំណែងលោក Thomas Tuchel និង Graham Potter ដែលនាំឱ្យលោក Frank Lampard ចូលកាន់តំណែងជាបណ្ដោះអាសន្ននៅចុងបញ្ចប់រដូវកាល ២០២២-២៣៕

Tag:
 Mauricio Pochettino
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com