ជាតិ
សេដ្ឋកិច្ច
ប្រព័ន្ធធនាគារកម្ពុជានៅរឹងមាំ ទោះប្រឈមបញ្ហាច្រើន ​
22, May 2024 , 11:11 am        
រូបភាព
 រូបតំណាង៖ ពលរដ្ឋម្នាក់ប្រើប្រាស់សេវាហិរញ្ញវត្ថុនៅធនាគារអេស៊ីលីដា។
រូបតំណាង៖ ពលរដ្ឋម្នាក់ប្រើប្រាស់សេវាហិរញ្ញវត្ថុនៅធនាគារអេស៊ីលីដា។
ទោះកម្ពុជាទទួលរងសម្ពាធពីកត្តាខាងក្រៅច្រើន ក៏ប៉ុន្តែប្រព័ន្ធធនាគារនៅតែមានភាពរឹងមាំ ដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធនេះបន្តកើនឡើង។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងប្រព័ន្ធធនាគារកម្ពុជាបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជ គឺមានជាង ៩១ភាគរយ នៃទ្រព្យសកម្មសរុប។

 
ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ត្រូវបានវាយតម្លៃថាមានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។ ការណ៍នេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ នៅឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អត្រាអតិផរណាបានថយមកត្រឹម ២,១ភាគរយ ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។ 
 
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ«របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣» នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ នៅថ្ងៃទី២០ឧសភា ឆ្នាំ២០២៤ លោកស្រី ជា​ សិរី បានលើកឡើងថា ការបង្កើនអត្រាការប្រាក់គោលនៅសហរដ្ឋអាម៉េរិក បានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាម៉េរិកឡើងថ្លៃធៀបនឹងរូបិយប័ណ្ណជាច្រើននៅលើទីផ្សារអន្តរជាតិ។  ប៉ុន្តែ​សម្ពាធមកលើប្រាក់រៀលត្រូវបានគ្រប់គ្រង ដែលធ្វើឱ្យអត្រាប្តូរប្រាក់មានស្ថិរភាព តាមរយៈការផ្គត់ផ្គង់រូបិយវត្ថុក្នុងកម្រិតសមស្រប  ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ 
 
រីឯ ទុនបម្រុងអន្តរជាតិរក្សាបានក្នុងកម្រិតសមស្របអាចធានាការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់បាន ៧ខែ ខ្ពស់ជាងកម្រិតអប្បបរមា៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ លោកស្រី ជា សិរី បន្តរៀបរាប់ថា ទោះបំណុលក្រៅប្រទេសរបស់កម្ពុជាបានកើនឡើងបន្តិច ក៏ប៉ុន្តែសមាមាត្របំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប(ផ.ស.ស) បានថយចុះ ក៏ព្រោះតែកំណើនសេដ្ឋកិច្ចមានកម្រិតខ្ពស់ជាងកំណើនបំណុលក្រៅប្រទេស។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC

ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ តែសម្រាប់ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តមានភាពរឹងមាំ ដោយទ្រព្យសកម្មនិងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង ខណៈការងើបឡើងទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់បានបណ្តាលឱ្យតម្រូវការឥណទានថមថយ។ ទន្ទឹមគ្នានេះ ការបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើនឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។ 
 
« ទោះយ៉ាងណា កំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់១៣ភាគរយ ក្នុងឆ្នាំ២០២៣។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជមានចំនួនជាង ៩១ភាគរយ នៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ»។ លោកស្រី ជា សិរី បានអះអាងបែបនេះ  ដោយបន្តរៀបរាប់ថា​ ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានធ្វើឱ្យអនុបាតឥណទានមិនដំណើរការកើនឡើងលឿន ប៉ុន្តែបន្តស្ថិតក្នុងកម្រិតទាបនៅឡើយ។ តែយ៉ាងណាក្តីកំណើននេះតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុ។ 
 
ទន្ទឹមនេះ ការកើនឡើងនៃការធ្វើសំវិធានធន និងការចំណាយលើអត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះផងដែរ។ អគ្គទេសាភិបាលធនាគារជាតិ បាននិយាយយ៉ាងដូច្នេះ ៖​ « ជារួម ផ្អែកលើលទ្ធផលនៃការធ្វើស្រ្តេសតេស្ត ប្រព័ន្ធធនាគារកម្ពុជារក្សាបានភាពធន់ ស្របពេលដែលអនុបាតសាធនភាព(លទ្ធភាពសងបំណុលបាន) និងសន្ទនីយភាពបន្តស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីជាមានភាពខុសគ្នាខ្លះនៅកម្រិតគ្រឹះស្ថានក៏ដោយ»។
 
យ៉ាងណាមិញ ធនាគារជាតិនៅតែបន្តមាន​ភាព​ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការថមថយលំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ « ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងកាត់បន្ថយ និងចៀសវាងផលប៉ះពាល់ដែលអាចកើតមានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវ​បន្ត​ចូលរួម​តាមដាននិងត្រួតពិនិត្យដោយហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡានៃវិស័យអចលនទ្រព្យ»។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី។
 
ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ វិស័យហិរញ្ញវត្ថុមិនមែនធនាគារបានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមូលធនូបនីយកម្មទីផ្សារមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល ក៏ដូចជាទ្រព្យសកម្មក្នុងវិស័យធានារ៉ាប់រងបានបន្តកើនឡើង​ជាលំដាប់។ មូលបត្របំណុលជា​ប្រាក់រៀលក៏ត្រូវបានបោះផ្សាយ ហើយបានរួមចំណែកគាំទ្រការប្រើប្រាស់រូបិយវត្ថុជាតិ និងចីរភាពបំណុល។ ម៉្យាងទៀត ការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិកបានកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសបន្ទាប់ពីវិបត្តិកូវីដ-១៩ ដោយក្នុងនោះប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធបាគង និងខេអេចឃ្យូអរ បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានរួមចំណែកសម្រួលពាណិជ្ជកម្ម ទេសចរណ៍ ការវិនិយោគ និងការផ្ទេរប្រាក់ពីក្រៅប្រទេស ព្រមទាំងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុផងដែរ។



សម្រាប់ការវាយតម្លៃក្នុងឆ្នាំ២០២៤នេះ សេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងមានកំណើន៦ភាគរយ ជាមួយនឹងកម្រិតអតិផរណាក្នុងរង្វង់២ភាគរយ។ កំណើនសេដ្ឋកិច្ចត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។ 
 
លោកស្រី ជា សិរី មើលឃើញថា​ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) នឹងរួមចំណែកទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
 
ទោះជាយ៉ាងនេះក្តី  សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួន ដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្រ្តនយោបាយ ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។ ហានិភ័យទាំងអស់នេះ  អាចបណ្តាលឱ្យសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈមនឹងហានិភ័យផងដែរ ដូចជា ហានិភ័យឥណទាន និងទីផ្សារជាដើម។
 
លោកស្រី ជា សីរី បានអះអាងថា ៖ «ប្រឈមនឹងហានិភ័យទាំងនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានានូវភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ហើយនឹងដាក់ចេញវិធានការគាំទ្រតាមការចាំបាច់ សំដៅគាំទ្រកំណើនសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុជាតិ»។
 
របាយការណ៍ប្រចាំឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ប្រព័ន្ធធនាគារនៅកម្ពុជា គឺមានធនាគារពាណិជ្ជ៥៨, ធនាគារឯកទេស៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ៤,​ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣,​​ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦,​ គ្រឹះស្ថានឥណទានជនបទ ១១៤,​ អ្នកដំណើរការតតិយភាគី ៦, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ,ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន១,​ ការិយាល័យតំណាងធនាគារបរទេស៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨ កន្លែង។
 
ក្នុងរបាយការណ៍ដដែល ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន៩ភាគរយ ដល់ ៣៤៥,១ ទ្រីលានរៀល (៨៤,៥ ប៊ីលានដុល្លារ)។ ក្នុងនោះ ឥណទានអតិថិជន បានកើនឡើង ៥,០% ដល់ ២៣៦,២ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក)។ ជាមួយគ្នានេះ ប្រាក់បញ្ញើអតិថិជនមានកំណើន ១៣,៩ភាគរយ ដល់ ១៩៧,២ ទ្រីលានរៀល (៤៨,៣ ប៊ីលានដុល្លារ) និងដើមទុនមានកំណើន ៥,៣ភាគរយ ដល់ ៦៦,៧ ទ្រីលានរៀល (១៦,៣ ប៊ីលានដុល្លារ)៕ 

Tag:
 ហិរញ្ញវត្ថុ
  អតិផរណា​
  លោកស្រី ជា សិរី
© រក្សាសិទ្ធិដោយ thmeythmey.com