ជាតិ
បោះឆ្នោត
គ.ជ.ប៖ ដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ប្រព្រឹត្តទៅដោយរលូន
22, May 2024 , 11:41 am        
រូបភាព
បណ្ដាបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ រូបពី គ.ជ.ប
បណ្ដាបក្សនយោបាយធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។ រូបពី គ.ជ.ប
ភ្នំពេញ៖ រយៈពេល៥ថ្ងៃហើយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា។ នេះបើតាមការចេញផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

 
ការឃោសនាបោះឆ្នោត បានចាប់ផ្ដើមកាលពីថ្ងៃទី១៧ឧសភា ដោយមានបក្សនយោបាយ៤ បានរៀបចំឃោសនាបោះឆ្នោត មានបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ និងបក្សហ្វ៊ុនស៊ិនប៉ិច។ ចំណែក បក្សខ្មែររួមរួមជាតិ ពុំទាន់មានសកម្មភាពឃោសនានោះទេ។ 
 
រយៈពេល៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គ.ជ.ប អះអាងថា៖ «បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើង គួរឱ្យកត់សម្គាល់ឡើយ»។ 
 
ក្នុងដំណើរការឃោសនា គណបក្សប្រជាជនកម្ពុជា បានចេញយុទ្ធនាការទ្រង់ទ្រាយធំ នៅថ្ងៃដំបូង ក្នុងក្រុងភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួនទៀត។ ហើយបក្សនេះ បន្តឃោសនាជាបន្តបន្ទាប់ នៅគ្រប់រាជធានីខេត្ត។ 
 
ជាមួយគ្នាដែរ បក្សឆន្ទៈខ្មែរ, បក្សកម្លាំងជាតិ និង បក្សហ្វ៊ុនស៊ិនប៉ិច ឃោសនាទ្រង់ទ្រាយតូច ដោយមានការជួបជុំជាមួយសមាជិក និងអ្នកគាំទ្របក្ស រួមជាមួយការចាក់មេក្រូផ្សព្វផ្សាយទៅទីស្នាក់ការ តាមបណ្ដាលរាជធានីខេត្ត។ 
 
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ឧសភា។ ចំណែកអង្គបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត៕ 

© រក្សាសិទ្ធិដោយ thmeythmey.com