កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo និង Pepe ជាប់ឈ្មោះជាមួយក្រុមព័រទុយហ្កាល់ទៅ Euro 2024
22, May 2024 , 12:09 pm        
រូបភាព
Cristiano Ronaldo វ័យ៣៩ឆ្នាំ និង Pepe វ័យ៤១ឆ្នាំ ជាប់ជម្រើស២៦នាក់ របស់គ្រូបង្វឹកលោក Roberto Martinez ទៅជួយក្រុមព័រទុយហ្កាល់ ប្រជែងជើងឯក UEFA Euro ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។ ទាំងលើកនេះ ជាលើកទី១១សម្រាប់ Ronaldo ដែលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍លំដាប់អន្តរជាតិធំៗ ក្នុងអាជីព។

 
Ronaldo ដែលសព្វថ្ងៃប្រកបអាជីពនៅក្លិប Al-Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ ដោយបង្ហាញខ្លួន ២០៦លើក រកបាន១២៨គ្រាប់សម្រាប់ព័រទុយហ្កាល់។
 
គ្រូបង្វឹកព័រទុយហ្កាល់លោក Martinez បានបញ្ចូលប្រធានក្រុម Ronaldo ជាខ្សែប្រយុទ្ធម្នាក់ចំណោម៧នាក់ ក្នុងសមាជិកសរុបទាំង ២៦នាក់ ទៅអាល្លឺម៉ង់ ខែក្រោយ។ គ្រូសញ្ជាតិអេស្ប៉ាញ នៅតែពេញចិត្ត Ronaldo ចំពោះភាពប៉ិនប្រសប់ក្នុងការបញ្ចប់ទីរបស់គេ។
 
ម្ចាស់ជ័យលាភី Ballon d'Or ៥សម័យ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អឺរ៉ុបលើកដំបូង នៅឆ្នាំ ២០០៤ នៅពេលព័រទុយហ្កាល់ ឈានដល់វគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីខ្លួនឯង ប៉ុន្តែចាញ់ក្រិក។

Euro 2016 ទើប Ronaldo បង្ហាញភាពលេចធ្លោរបស់ខ្លួន ដើម្បីជួយក្រុមឈ្នះជើងឯកលើកដំបូង ដោយឈ្នះបារាំងវគ្គផ្តាច់ព្រ័ត្រ និងឈ្នះ Nations League រដូវកាល ២០១៨-១៩ ផង។
Pepe អតីតមិត្តរួមក្រុម Real Madrid របស់ Ronaldo ក៏ជាប់ជាខ្សែការពាររបស់ព័រទុយហ្កាល់ដែរ។ Pepe សព្វថ្ងៃវ័យ៤១ឆ្នាំ កំពុងប្រកបអាជីពនៅក្លិប FC Porto នៃលីគកំពូលព័រទុយហ្កាល់។
 
សមាសភាពកីឡាករ២៦រូប របស់ព័រទុយហ្កាល់មាន៖
 
អ្នកចាំទី៖ Diogo Costa (Porto), Jose Sa (Wolves), Rui Patricio (AS Roma)
 
ខ្សែការពារ៖ Antonio Silva (Benfica), Danilo Pereira (Paris St Germain), Diogo Dalot (Manchester United), Goncalo Inacio (Sporting), Joao Cancelo (Barcelona), Nelson Semedo (Wolves), Nuno Mendes (PSG), Pepe (Porto), Ruben Dias (Manchester City)
 
ខ្សែបម្រើ៖ Bruno Fernandes (Manchester United), Joao Neves (Benfica), Joao Palhinha (Fulham), Otavio Monteiro (Al Nassr), Ruben Neves (Al-Hilal), Vitinha (PSG)
 
ខ្សែប្រយុទ្ធ៖ Bernardo Silva (Manchester City), Cristiano Ronaldo (Al Nassr), Diogo Jota (Liverpool), Francisco Conceicao (Porto), Goncalo Ramos (PSG), Joao Felix (Barcelona), Pedro Neto (Wolves), Rafael Leao (AC Milan)៕

Tag:
 Euro 2024
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com