ជាតិ
ប្រាសាទ​អង្គរវត្តចម្លង សិល្បៈខ្មែរ និងផ្កាកេសរកូល​ បង្ហាញខ្លួនក្នុងពិព័រណ៍នៅ Gardens by the Bay ​
22, May 2024 , 3:31 pm        
រូបភាព
រូបប្រាសាទអង្គរវត្តចម្លង ដែលកំពុងដាក់តាំងនៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំសិង្ហបុរី
រូបប្រាសាទអង្គរវត្តចម្លង ដែលកំពុងដាក់តាំងនៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំសិង្ហបុរី
កម្ពុជាបាននាំយកនូវរូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈមួយចំនួន និង​កេសរ​កូល​ជាច្រើនប្រភេទ ទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធីពិព័រណ៌សួនផ្កាកេសរកូល​នៃ​អង្គរវត្ត(Orchids of Angkor Wat) ដែលរៀបចំនៅឧទ្យាន Gardens by the Bay ដ៏ល្បី​ល្បាញក្នុងប្រទេស​សិង្ហបុរី។

 
​កម្មវិធីបើកការតាំងពិព័រណ៍កេសរកូល​នៃ​អង្គរវត្តនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែឧសភា ​​ក្រោម​វត្តមាន លោក  សុខ​ ខឿន​ ឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំ​សិង្ហបុរី , លោក Eric Chua រដ្ឋលេខា​ធិការ​ជាន់​ខ្ពស់​នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី ក៏​ដូចជាពលរដ្ឋខ្មែរ​ និងភ្ញៀវបរទេសផ្សេងទៀតសរុបប្រមាណ ២០០នាក់។ នេះបើតាមទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។ 
 
ប្រភពដដែលបញ្ជាក់ថា ក្នុងពិព័រណ៍នេះ​ មានការដាក់បង្ហាញកូនប្រាសាទអង្គរវត្តចម្លង​មួយ និងរូប/ផ្ទាំងចម្លាក់មួយចំនួនទៀតតំណាងឱ្យស្ថាបត្យកម្មនិងវប្បធម៌ខ្មែរ ព្រមទាំង​រូប​សត្វព្រៃនៅកម្ពុជា រួមមានដំរីអាស៊ី និងគោព្រៃហើយតុបតែងលម្អ​ដោយផ្កាកេសរកូលខ្មែរ​ច្រើនប្រភេទ។ ក្នុង​នោះ​ ក៏​មាន​ការ​សំដែង​របាំមុនី​មេ​ខ​ឡា​ និង​ឧបករណ៍​ភ្លេងខ្មែរ«​ខ្សែមួយ»​ ឬឯកតន្រ្តី​ផងដែរ។

 រូបចម្លាក់ខ្មែរ ដែលកំពុងដាក់តាំងនៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ជុំវិញការបើកព្រឹត្តិការណ៍ពិព័រណ៍នេះដែរ ក្រសួងវប្បធម៌កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍​ដ៏​មាន​​សំខាន់នេះ រៀបចំក្នុងគោលបំណងលើក​កម្ពស់ការយល់ដឹងពី​ប្រទេស​កម្ពុជា និង​បង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាព​រឹងមាំ​នៃ​ទំនាក់ទំនង រវាង​កម្ពុជា និងសិង្ហបុរី និងទំនាក់ទំនងប្រជាជន និងប្រជាជន នៃប្រ​ទេស​ទាំងពីរ។
 
​«ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់​សិង្ហបុរី គឺជាកន្លែងពីរក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើន បំផុតនៅអាស៊ី​អាគ្នេយ៍។ ប្រាសាទអង្គរវត្តជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២»។ ​ទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្រង់ប្រសាសន៍ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​​សិង្ហបុរី មកចុះផ្សាយដូច្នេះ។ ​លោក  សុខ​ ខឿន ក៏បង្ហាញ​សុទិដ្ឋិនិយមថា តាម​រយៈពិព័រណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរនៅ The Garden by the Bay ហើយក៏​ជំរុញ​កំណើន​ទេសចរ​ មកទស្សនាផ្ទាល់ប្រាសាទអង្គរវត្ត នៅ​កម្ពុជា។
 
សូមបញ្ជាក់ថា ​ពិព័រណ៌អ័រគីដេនៃអង្គរវត្ត​ នៅ Garden by the Bayនេះ មានរយៈពេលជិត ៤ខែ ដោយនឹងបញ្ចប់នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ ស្ថានទូតកម្ពុជាប្រចាំ​ប្រទេស​សិង្ហបុរី និង ​Garden by the Bay  ក្រសួងវប្បធម៌​ ​​​និងក្រសួង​កសិកម្មនៃកម្ពុជា ​និងក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារ​នៃ​សិង្ហបុរី ជា​ស្ថាប័នសហ​ការ និងគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍នេះ៕

ចម្លាក់ដំរី និងផ្កាកេសរកូល ដែលកំពុងដាក់តាំងនៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

 ពិរព័ណ៍កេសរកូលនៃអង្គរវត្ត​ នៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចម្លាក់ វត្ថុសិល្បៈ និងផ្កាកេសរកូល ដែលមានវត្ថមានក្នុងពិរព័ណ៍កេសរកូលនៃអង្គរវត្ត​ នៅឧទ្យាន Gardens by the Bay ប្រទេសសិង្ហបុរី។ រូបភាព៖ ហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

Tag:
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com