ជាតិ
លោក សុខ ចិន្តាសោភា នឹង​បំពេញទស្សនកិច្ចនៅប្រទេសចិន តួកគី និងម៉ារ៉ុក ពីថ្ងៃទី២៤-៣១ឧសភា
23, May 2024 , 10:42 am        
រូបភាព
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន តួកគី និងប្រទេសម៉ារ៉ុក បន្តបន្ទាប់គ្នា ចាប់ផ្តើមពីថ្ងៃទី២៤-៣១ ខែឧសភានេះ។ បើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស ទស្សនកិច្ចរបស់ឧប​នា​យក​​រដ្ឋមន្ត្រីកម្ពុជា នៅ​ចិន គឺដើម្បីរក​មធ្យោ​បាយ​​ពង្រឹង​កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ​ជំរុញ​​មិត្តភាពដែកថែប និងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។ នៅប្រទេសតួកគីវិញ ទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា គឺដើម្បី​រិះរកយន្តការបន្ថែមក្នុងការពង្រីក​សក្តានុពលថ្មីៗ និងកិច្ច​សហ​ប្រតិបត្តិការនានា ព្រមទាំងបង្ហាញពីចំណង​មិត្តភាពដ៏រឹងមាំ និង​ស្និទ្ធស្នាលរវាងប្រទេសទាំងពីរ។ ដោយឡែកទស្សនកិច្ចនៅប្រទេសម៉ារ៉ុក គឺដើម្បី​​ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) ​និងការគាំទ្របេក្ខភាពកម្ពុជា​ក្នុងការធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំកំពូល​ហ្វ្រង់​កូហ្វូនីលើកទី​២០ នៅឆ្នាំ២០​២៦។

 
ចាប់ពីថ្ងៃទី២៤-៣១ ខែឧសភានេះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន តួកគី និងប្រទេសម៉ារ៉ុក។ បើយោងតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស ចុះថ្ងៃទី២២ឧសភា ទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹង​ផ្តើមនៅប្រទេសចិន​ ពីថ្ងៃទី២៤-២៥​​ឧសភា។  
 
ក្នុងពេលស្នាក់នៅប្រទេសចិន លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី លោក វ៉ាង យី ​រដ្ឋមន្ត្រីការបរទេសចិន នឹង​​មាន​ជំនួបទ្វេភាគី ​​ដើម្បីពិភាក្សាអំពី​មធ្យោ​បាយ​​ពង្រឹង​បន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញនូវមិត្តភាពដែក​ថែបដ៏រឹងមាំ​ដែលមានស្រាប់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយរវាង​ប្រទេសទាំងពីរ។
បើតាមសេចក្តីប្រកាសព័ត៌មាន​ដដែល លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងជួបសម្តែងការគួរសមជាមួយ លោក ហាន ចឹង អនុ​ប្រធានា​ធិបតីចិន និង​​លោក ចាង ជៀនហ័រ សមាជិកក្រុមដឹកនាំនៃបក្ស​កុម្មុយនីស្តចិន ​ប្រចាំគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិប្រធានរដ្ឋបាល​ថាមពល​ជាតិ។ លោក សុខ ចិន្តាសោភា ក៏នឹង​ជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតខ្មែរ ដែលកំពុងសិក្សា និងស្នាក់​នៅ​ទីនោះ​ដែរ។
 
បញ្ចប់ទស្សនកិច្ចនៅប្រទេសចិន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងបន្តទស្សនកិច្ចនៅតួកគី ពីថ្ងៃទី២៧-២៩ឧសភា។ នៅទីនោះ លោក សុខ ចិន្តាសោភា នឹងចូលរួមពិសាអាហារថ្ងៃត្រង់ធុរកិច្ច ក៏ដូចជាចូលរួមពិភាក្សាអំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង​​​វិនិយោគ​រវាង​កម្ពុជា និងតួកគី។ នៅថ្ងៃទី២៨ឧសភា លោកឧបនាយករដ្ឋ​មន្ត្រី នឹង​ជួបសម្តែង​ការគួរសម និងជួបពិភាក្សាការងារដាច់​ដោយឡែក​ ជាមួយ​ឥស្សរជន​តួកគីទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ​។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលបានបញ្ជាក់ទៀតថា លោក សុខ ចិន្តាសោភា និងប្រជុំទ្វេភាគី ជាមួយសមភាគី លោក ហាកាន់ ហ្វីដាន់ ​នៅថ្ងៃទី២៩ ខែឧសភា ដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងយន្តការ​ដែលមាន​ស្រាប់​លើគ្រប់វិស័យ និងរិះរកបន្ថែមទៀតនូវសក្តានុពលថ្មីៗ លើគ្រប់វិស័យ​ នៃកិច្ច​សហ​ប្រតិបត្តិការនាពេលអនាគត។
 
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នា លើការវិវឌ្ឍថ្មីៗនៅក្នុងតំបន់ និង​អន្តរជាតិ​។ លើលពីនេះ ឯកសារនៃកិច្ចសហប្រតិបត្តិការមួយចំនួន ត្រូវបានរំពឹងថា ​នឹង​ត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង​ពីរ។ 
 
ក្នុង​​ពេលស្នាក់នៅប្រទេសតួកគី ​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏នឹងមានជំនួប ​ជា​មួយសហគមន៍ខ្មែរ និងនិស្សិតផងដែរ។ សម្រាប់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ជាសក្ខីភាព​នៃចំណងមិត្តភាពដ៏រឹងមាំ និងប្រកបដោយភាពស្និទ្ធស្នាល ព្រម​ទាំ​ងលើកកម្ពស់ទំនាក់ទំនងរីកចម្រើន រវាងប្រទេសទាំងពីរ ខណៈ​កម្ពុជា និងតួកគីកំពុងប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត។
ចេញពីតួកគេ លោក សុខ ចិន្តាសោភា នឹងធ្វើទស្សនកិច្ច នៅប្រទេសម៉ារ៉ុក ពីថ្ងៃទី៣០ ដល់៣១ ខែឧសភា។  លោកឧបនាយករដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូនលើកទី៤ ក្រោមមូលបទ«ការពង្រឹងសមត្ថភាពប្រ​កួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការ គាំទ្រអ្វីខ្លះពីរដ្ឋាភិបាល?»។
 
នៅតួកគី លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងមានជំនួបជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខា​ធិការ​អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និងអង្គការOIF ​ពិសេសបេក្ខភាពកម្ពុជា ​ក្នុងការធ្វើជាម្ចាស់ផ្ទះ​ កិច្ចប្រជុំកំពូល​ហ្វ្រង់​កូហ្វូនីលើកទី២០ នៅឆ្នាំ២០​២៦​៕

Tag:
 សុខ ចិន្តាសោភា
  ទំនាក់ទំនាក់ការទូត​
© រក្សាសិទ្ធិដោយ thmeythmey.com