ជាតិ
សេដ្ឋកិច្ច
ក្រដោយសារឈឺច្រើន? រដ្ឋដាក់គោលដៅ​បន្ថយទំហំចំណាយ​ពីហោប៉ៅ​របស់ពលរដ្ឋ​លើ​សេវាសុខភាព
23, May 2024 , 2:49 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២៣ឧសភានេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នាថ្ងៃទី២៣ឧសភានេះ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញ​ផ្លូវ​ឆ្ពោះទៅ​ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២៣ ខែឧសភានេះ ក្នុងនោះ​ការកាត់​បន្ថយ​ទំហំ​ចំណាយ​ហោប៉ៅផ្ទាល់​របស់ពលរដ្ឋលើការថែទាំសុខភាព ត្រូវបាន​កំណត់​​ជាគោល​ដៅ​ជាក់លាក់១​ក្នុងចំណោម​គោល​ដៅជាក់​លាក់​ចំនួន​៣។

 
«យើងមិនអាចហាមតម្លៃសេវាសុខាភិបាលឡើងថ្លៃបានទេ តែត្រូវធ្វើយ៉ាងម៉េចធានាថា ការចំណាយចេញពីហោប៉ៅរបស់ប្រជាពលរដ្ឋ ត្រូវមានអ្វីជួយប៉ះប៉ូវគាត់ ឱ្យគាត់ទទួលបានលទ្ធភាព ទទួលបានសេវាថ្លៃ តែត្រូវបង់ថោក»។ ប្រមុខ​រដ្ឋាភិបាល​បានគូស​បញ្ជាក់​​យ៉ាងដូច្នេះ អំពី​​ផែន​ទី​បង្ហាញផ្លូវ ដែល​អនុម័ត​ដោយ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម។
 
របាយការណ៍​បាន​បង្ហាញថា ការ​ចំណាយ​ពីហោប៉ៅ​ផ្ទាល់​របស់ពលរ​ដ្ឋ​លើការថែទាំ​សុខភាព​ថយពី​៦៤ភាគរយ​នៅ​ឆ្នាំ​២០១៩ មក​ត្រឹម​៦០ភាគ​រយនៅ​ឆ្នាំ​២០២០។ រីឯពលរដ្ឋ​ដែល​ធ្លាក់​ខ្លួន​ក្រ​ដោយសារ​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព មាន​អត្រាពី​៤,២ភាគរយនៅ​ឆ្នាំ​២០១៩ ថយមក​ ៣,៧ភាគរយ​នៅ​ឆ្នាំ​២០២១។
 
ចំណាយពីហោប៉ៅ​ផ្ទាល់ គឺ​សំដៅ​រាល់ចំណាយផ្ទាល់របស់គ្រួសារដែលរាប់បញ្ចូលទាំងចំណាយ លើថ្លៃសេវា, ចំណាយក្រៅផ្លូវការ, ការទិញឱសថ និងចំណាយផ្សេងៗ ដើម្បីទទួលបានការថែទាំសុខភាព។ ការ​ចំណាយលើការធ្វើដំណើរ និង ការដឹកជញ្ជូនពាក់ព័ន្ធនឹងការថែទាំសុខភាព ក៏ត្រូវបាន​រាប់បញ្ចូល​ផងដែរ។
 
ទោះបីការចំណាយ​ពីហោប៉ៅ​ផ្ទាល់ មានអត្រាថយ​ចុះ​ក៏ដោយ ប៉ុន្តែ​អត្រានេះ នៅតែមាន​កម្រិត​ខ្ពស់​ដែលអាច​បង្កហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុចំពោះពលរដ្ឋ​នៅពេល​មាន​តម្រូវការ​លើ​សេវាថែទាំសុខភាព ហើយ​ការចំណាយ​បែបនេះ ជា​ប្រភព​ហរិញ្ញ​ប្បទាន​ដែលមិនមាន​ប្រសិទ្ធភាព ខ្វះសមធម៌ និងអាច​ជះផល​អវិជ្ជមាន​ដល់ពល​រដ្ឋ​ក្នុង​ការ​ស្វែងរក​សេវាថែទាំង​សុខភាព​ចាំបាច់នានា។
 
ពី​ឆ្នាំ​២០០៩ ដល់ឆ្នាំ​២០១៩ ចំណាយ​ពីហោប៉ៅផ្ទាល់​លើការ​ថែទាំសុខភាព​សម្រាប់គ្រួសារមួយ មាន​ប្រមាណ​៤០៥ដុល្លារអាម៉េរិក ដែល​ចំណាយទាំងនេះ ភាគច្រើនធ្លាក់​ទៅ​ក្នុង​វិស័យ​ឯកជន។ ករណីទាំងនេះ បាន​ធ្វើឱ្យពលរដ្ឋមួយចំនួន​ធ្លាក់ចូលក្នុងភាពក្រីក្រ និងពិបាក​ប្រឈម​ក្នុងការ​រក្សា​បាននូវ​សន្តិសុខ​ប្រាក់ចំណូល។
 
ការ​កាត់​បន្ថយ​ឱ្យនៅត្រឹម៣៥ភាគរយ នៃចំណាយសរុបលើវិស័យសុខាភិបាល ជាផែនការ​ជាក់​លាក់​មួយ ដែលត្រូវបាន​កំណត់​ក្នុងផែនទី​បង្ហាញផ្លូវឆ្ពោះទៅការគ្រប​ដណ្តប់​សុខភាព​ជាសកល​នៅកម្ពុជា ២០២៤-២០៣៥។ រីឯគោល​ដៅជាក់លាក់​២ផ្សេងទៀត រួមមាន ការពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋដោយ​ប្រព័ន្ធគាំពារសុខភាព​សង្គម​ឱ្យ​បាន៨០ភាគរយ នៃចំនួនពលរដ្ឋសរុប និង​ការ​បង្កើនសន្ទស្សន៍គ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់៨០ភាគរយ។
 
សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា​ ការដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវរយៈពេល​១២​ឆ្នាំទៅមុខនេះ គឺជាការបោះជំហានដ៏ស្វាហាប់ក្នុងដំណើរឆ្ពោះទៅការកសាងប្រព័ន្ធថែទាំសុខភាពសង្គមមួយ សម្រាប់ពលរដ្ឋគ្រប់រូបឱ្យទទួលបានសេវាថែទាំសុខភាព ប្រកបដោយគុណភាពនៅគ្រប់ទីកន្លែង​ គ្រប់ពេលវេលា រួមទាំងមិនប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន។
 
សុខាភិបាល ជាវិស័យនាំមុខនៃការចំណាយលើការវិនិយោគរបស់រដ្ឋាភិបាល។​ បើតាមសម្តេច ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៣​ ការចំណាយលើវិស័យនេះបានកើនដល់៥៧៣លានដុល្លារអាម៉េរិក ដោយក្នុងនោះ រដ្ឋាភិបាល បានផ្តោតលើពង្រឹង និងធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល, ទំនើបកម្មឧបករណ៍បរិក្ខារពេទ្យ, លើកកម្ពស់​គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស រួមទាំងលើកទឹកចិត្តឱ្យវិស័យឯកជនក្នុង​ និងក្រៅប្រទេសចូលរួមអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា​ សំដៅកាត់បន្ថយឱ្យ​បានជាអតិបរមាអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាព និងពង្រឹងប្រសិទ្ធ​ភាព​ចំណាយសម្រាប់វិស័យសុខាភិបាល។
 
បច្ចុប្បន្ន កម្ពុជាមានប្រព័ន្ធគាំពារសង្គមមានលក្ខណៈស្រដៀងគ្នានឹងសេវាធានារ៉ាបរង ដែលរដ្ឋាភិបាលកំពុងរៀបចំ ដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋនាពេលអនាគតឱ្យបានជាអតិបរិមា។ « បានន័យថា ពេលដែលតម្លៃ​សេវាសុខាភិបាលឡើងថ្លៃ យើងត្រូវយករូបមន្តណាដើម្បីឱ្យប្រជាជនចេញ[លុយ]ពីហោប៉ៅយ៉ាងច្រើនបំផុតត្រឹម៣៥ភាគរយ តាមរយៈការបង្កើតកម្មវិធី និងរូបមន្តផ្សេងៗដែលយើងដាក់ចេញកន្លងមក ដូចជា ប.ស.ស ដែលបច្ចុប្បន្នបងប្អូនបានទទួលផលហើយ»។ នេះជាការពន្យល់របស់សម្តេច ដែលអ្នកការប្រើប្រាស់ប្រព័ន្ធការពារសង្គមនេះ ទទួលបានការគាំទ្របដិភាគពីរដ្ឋាភិបាល​៕

Tag:
 សុខភាពសាធារណ
© រក្សាសិទ្ធិដោយ thmeythmey.com