ជាតិ
វេទិកាទឹកពិភពលោក ជាឱកាសសម្រាប់កម្ពុជារៀនសូត្រពីការអភិរក្ស និង​អភិវឌ្ឍន៍​ទឹក​ទន្លេមេគង្គ
23, May 2024 , 6:59 pm        
រូបភាព
បាលី,ឥណ្ឌូណេស៊ី៖​ លោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បានបញ្ជាក់ថា វត្តមានរបស់កម្ពុជា​ ចូលរួមក្នុងវេទិកាទឹកពិភពលោកលើកទី១០​ ជាឱកាសដ៏ល្អ ដើម្បីរៀនពីបទពិសោធន៍ទាក់ទងនឹងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានាក្នុង​វិស័យទឹក។



លោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលបានចូលរួម​ជាវាគ្មិនចែករំលែកបទពិសោធន៍ក្នុងវគ្គ ស្ដីពីហិរញ្ញប្បទានទឹកឆ្លងដែន នៅថ្ងៃទី២១ ខែ​ឧសភា នៃវេទិកាទឹកពិភពលោកលើកទី១០ ក្នុងប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់ថាវេទិ កានេះ មានសារសំខាន់សម្រាប់កម្ពុជា និងបណ្ដាប្រទេសដទៃទៀត អាចរៀនសូត្រ និង ស្វែងយល់ពីគ្នាទៅវិញទៅមកលើការអនុវត្តគម្រោងផ្សេងៗ បញ្ហាប្រឈម និងដំណោះ ស្រាយក្នុងវិស័យទឹក។
 
លោក សូ សុភ័ទ្ទ អះអាងថា វេទិកាទឹកពិភពលោក ក៏ជាឱកាសសម្រាប់កម្ពុជាបានបង្ហាញ ពីកិច្ចការ គម្រោង និងសកម្មភាព ដែលបាន និងកំពុងអនុវត្តក្នុងតំបន់ខ្លួនពាក់ព័ន្ធ នឹងការ​គ្រប់គ្រងទឹកជារួម និងដោយឡែកសម្រាប់អាងទន្លេមេគង្គ។
 
«សម្រាប់ការចូលរួមក្នុងវេទិកាទឹកពិភពលោកនេះ គឺវាមានសារសំខាន់ បង្ហាញពីអ្វីដែល អនុវត្តក្នុងតំបន់យើងពាក់ព័ន្ធនឹងការគ្រប់គ្រងទឹក ពិសេសអាងទន្លេមេគង្គ។ ហើយជា ឱកាសដើម្បីយើងរៀនសូត្រអំពីបទពិសោធន៍ដែលមានទូទាំងពិភពលោក ដែលជា ប្រយោជន៍សម្រាប់ការគ្រប់គ្រង ធ្វើយ៉ាងឱ្យកាន់តែមានប្រសិទ្ធភាព»។

លោក សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា 

នេះជាការលើកឡើងរបស់លោក សូ សុភ័ទ្ទ ដែលបន្តទៀតថា ទន្ទឹមនឹងនេះ ក៏ជាឱកាស សម្រាប់ផ្សាភ្ជាប់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍអាងទន្លេមេគង្គផងដែរ។
 
លោក សុភ័ទ្ធ បានពន្យល់ពីការគ្រប់គ្រងអាងទន្លេមេគង្គថា បច្ចុប្បន្នកំពុងអនុវត្តតាម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងរយៈពេល៥ ឆ្នាំ២០២១-២០២៥ ដែលផ្ដោតលើផ្នែក បរិស្ថាន សង្គម សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការ។
 
កន្លងមក ប្រទេសសមាជិកអាងទន្លេមេគង្គ មានកម្ពុជា ឡាវ ថៃ និងវៀតណាមបាន ពិភាក្សាគ្នាលើសកម្មភាពអាទិភាព ដែលត្រូវអនុវត្តធ្វើយ៉ាងណាឱ្យអាទិភាពទាំង៥ អាច អនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ឱ្យការគ្រប់គ្រង ការអភិវឌ្ឍន៍ក្នុង អាងទន្លេមេគង្គមាននិរន្តភាព ជាប្រយោងជន៍សម្រាប់ប្រទេស ក៏ដូចជាប្រជាជននៅតំបន់ អាងទន្លេមេគង្គផងដែរ។



អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា យល់ថា ការរៀនសូត្រ ស្វែងយល់ និងស្រង់បទពិសោធន៍បន្ថែមពីអ្នកជំនាញក្នុងវិស័យទឹកនាវេទិកាទឹកពិភពលោក គឺរឹតតែ សំខាន់ ដើម្បីទទួលបានដំណោះស្រាយ កិច្ចសហការចូលរួមជួយអភិរក្ស ស្របពេលដែល អាងទឹកទន្លេមេគង្គកំពុងមានបញ្ហាថយចុះ ដោយសារបម្រែបម្រួលអាកាសធាតុ។
 
លោកបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជា និងភាគីចិន កំពុងសិក្សារួមគ្នា អំពីបម្រែបម្រួលរបប ជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងឡាងឆាង ដើម្បីស្វែងមូលហេតុ និងដំណោះស្រាយ ចំពោះបញ្ហាកំពុងប្រឈមនេះផងដែរ។
 
សូមបញ្ជាក់ថា វេទិកាទឹកពិភពលោកលើកទី១០ (The​ 10th World Water Forum) ត្រូវបាន ធ្វើឡើងនៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ទី២៥ ខែ ឧសភា ឆ្នាំ២០២៤ ដែលមានអ្នកពាក់ព័ន្ធជិត២០០ប្រទេសចូលរួម។ World Water Forum​ ជាវេទិកាទឹកដ៏ធំ ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដងដោយក្រុមប្រឹក្សាទឹកពិភពលោក ហើយក៏មានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនជាច្រើននៅទូទាំងពិភពលោក៕
 
អត្ថបទនេះផលិតឡើងជាផ្នែកមួយនៃ World Water Forum Media Fellowship ដែលគាំទ្រដោយអង្គការ Internews,បណ្ដាញអ្នកសារព័ត៌មានផែនដី (Earth Journalism Network) និងដៃគូទឹកអូស្រ្តាលី (Australian Water Partnership)។

Tag:
 វេទិកាទឹកពិភពលោក
  MRC
 ​ ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com