សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទុរេនវៀតណាម មានចំណែកទីផ្សារកាន់តែច្រើន​នៅចិន
23, May 2024 , 7:29 pm        
រូបភាព
ការវេចខ្ចប់នាំចេញទុរេនវៀតណាម ។ រូបភាព ៖ Thanh Nien
ការវេចខ្ចប់នាំចេញទុរេនវៀតណាម ។ រូបភាព ៖ Thanh Nien
ទុរេនវៀតណាមកំពុងមានចំណែកទីផ្សារច្រើននៅចិនបើធៀបនឹងទុរេនថៃ។ កំណើនបែបនេះ គឺដោយសារតែតម្លៃផលិត ការដឹកជញ្ជូនទុរេនវៀតណាមទៅចិនទាបជាងថៃ ស្របពេលរលកកំដៅដ៏ខ្លាំងក្លានាពេលថ្មីៗនេះបានបណ្តាលឱ្យដំណាំទុរេនថៃមួយចំនួនបោះបង់ចម្ការ។

 
លោក Sam Sin នាយកផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន S&F Produce Group ដែលនាំចូលទុរេនពីថៃទៅចិនបានបញ្ជាក់ថា រលកកំដៅដ៏ខ្លាំងក្នុងខែមេសា និងឧសភានៅថៃបានបណ្តាលឱ្យសំបកទុរេនប្រេះ ហើយធ្វើឲ្យសាច់ទុរេនស្ងួត។ ផ្លែ​ទុរេន​ដែល​ខូច​ដោយ​កំដៅថ្ងៃ ​​ត្រូវ​លក់​ក្នុង​តម្លៃ​ទាប។ នេះបើតាមសារព័ត៌មាន South China Morning Post (SCMP)។ 
 
តាមការចុះផ្សាយរបស់​ SCMP ​ដក​ស្រង់​ទិន្នន័យ​ពីគយ​ចិន​ ​ការ​នាំ​ចេញ​ទុរេន​​ថៃ​ទៅ​​ចិន​ក្នុង​រយៈ​ពេល​៤ ខែឆ្នាំនេះ បាន​បាត់បង់​តម្លៃ​ ៤៩ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ យ៉ាងណាមិញ ថៃនៅតែកាន់កាប់ចំណែកទីផ្សារចិនចំនួន ៦៦ភាគរយក្នុងអំឡុងពេលនេះ ហើយការនាំចេញទុរេនថៃទៅកាន់ចិនក្នុងឆ្នាំ២០២៣ បានកើនឡើង។ សម្រាប់​ចំណែក​ទីផ្សារ​ទុរេនវៀតណាមវិញ​ បើផ្អែកតាមតម្លៃ​ការ​នាំ​ចេញ​បាន​កើនឡើង ៨២ភាគរយនៅ៤ខែឆ្នាំនេះ។ 
 
កាសែតថៃ The Nation បានដកស្រង់សម្តី លោក Aat Pisanwanich ទីប្រឹក្សានៃក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវ Intelligent Research Consultant ថា ទោះបីជាមានកំដៅខ្លាំងក៏ដោយ ប៉ុន្តែទុរេនវៀតណាមកំពុងទទួលបានចំណែកទីផ្សារធំជាងនៅចិន ដោយសារតម្លៃផលិតកម្មទាប។
 
«វៀតណាម​កំពុង​លោត​ចូល​ដើម្បី​គ្រប់គ្រង​ទីផ្សារ​ចិន»។ លោក Pisanwanich បញ្ជាក់បែបនេះដោយ​​ព្យាករ​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​ធ្វើ​អន្តរាគមន៍​ទេ ទិន្នផល​ទុរេន​ថៃ​នឹង​ធ្លាក់​ចុះ ៥៣ភាគរយក្នុង​រយៈពេល៥ ឆ្នាំ​ខាង​មុខ។
 
ការប្រជែងទីផ្សាររបស់ទុរេនវៀតណាម បានធ្វើឱ្យថ្លៃលក់នៅចិនខ្ពស់ជាយូរមកហើយនោះធ្លាក់ចុះក្នុងខែនេះ។ យ៉ាងណាមិញ ទុរេនថៃជាធម្មតាមានតម្លៃខ្ពស់ជាងទុរេនវៀតណាម។តាមវេបសាយទិញទំនិញអនឡាញ Pupu រាយបញ្ជីតម្លៃសម្រាប់ទុរេន ៦គីឡូក្រាម ចន្លោះពី២៥ដុល្លារទៅ ២៩ដុល្លារ។ 
 
ទុរេន​វៀតណាម​មាន​ថ្លៃដឹកជញ្ជូន​ទាប​ជាង​​ថៃ ​ដោយសារ​ភាពងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទៅ​ព្រំដែន។ ក្នុងខែមេសា តម្លៃនាំចូលទុរេនពីថៃគឺ ៥,៨ដុល្លារក្នុងមួយគីឡូក្រាម  បើយោងតាមរដ្ឋបាលគយចិន។ ផ្ទុយ​ទៅ​វិញ ទុរេន​វៀតណាម​បាន​នាំ​ចូល​ក្នុង​តម្លៃ​ត្រឹម​តែ ៤,២២ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម។
 
លើសពីនេះ ប្រជាជនចិននៅឆ្នាំនេះ មានការស្ទាក់ស្ទើរក្នុងការចំណាយប្រាក់ ដោយសារតែការថយចុះទំនុកចិត្តរបស់អ្នកប្រើប្រាស់ផងដែរ។ នេះបើយោងតាម ​​SCMP ។
 
បើទោះបីជាថៃនៅតែនាំមុខគេក្នុងការនាំចេញទុរេនទៅកាន់ចិនក៏ដោយ ក្នុងរយៈពេល២ខែឆ្នាំនេះ ជាលើកដំបូងដែលវៀតណាមបានវ៉ាដាច់ថៃក្លាយជាប្រទេសដែលនាំចេញទុរេនច្រើនជាងគេទៅកាន់ចិន។ នេះបើសារព័ត៌មាន VnExpress។ 
 
វៀតណាមបាននាំចេញទុរេនទៅចិនចំនួន ៣២,៧៥០ តោន កើនឡើង ២,៤ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលនាំចំណែកទីផ្សារទុរេនវៀតណាមទៅកាន់ចិនពី ៣២ភាគរយ កាលពីឆ្នាំមុនដល់ ៥៧ភាគរយ។ ទុរេន​ជាធម្មតា​ទុំ​នៅ​អំឡុង​ខែមិថុនា និង​កក្កដា​ជា​រៀងរាល់ឆ្នាំ ខណៈ​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​គឺជា​ពេលដែល​វៀតណាម​ប្រមូល​ផល​ទុរេន​ក្រៅ​រដូវ​។
 
បន្ទាប់ពីចិនបានបើកទ្វារឱ្យទុរេនស្រស់វៀតណាមនាំចូលជាផ្លូវការចាប់ពីចុងឆ្នាំ២០២២ មក ចំណូលនៃការនាំចេញផ្លែឈើនេះរបស់វៀតណាមបានហក់ឡើងយ៉ាងគំហុក ហើយក្លាយជាផ្លែឈើនាំចេញដ៏មានតម្លៃបំផុតរបស់វៀតណាម។
 
កាសែតវៀតណាម Investment បានដកស្រង់ទិន្នន័យផ្លូវការថា ការនាំចេញទុរេនរបស់វៀតណាមក្នុងឆ្នាំ២០២៣  បានកើនឡើងដល់២,១ពាន់លានដុល្លារ បើធៀបនឹង២៨៨លានដុល្លារក្នុងឆ្នាំ២០២២ ដែលក្នុងនោះទីផ្សារចិនមានចំនួន ២,០៣ពាន់លានដុល្លារ៕ 

Tag:
 ចិន
  ទុរេន
  វៀតណាម
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com