អន្តរជាតិ
ថៃនឹងប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ក្រោយទទួលព័ស្តុតាងជាក់លាក់
23, May 2024 , 9:29 pm        
រូបភាព
រូបភាព Thai PBS World
រូបភាព Thai PBS World
រដ្ឋាភិបាលថៃ បានឯកភាពប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ក្រោយទទួលបានព័ស្តុតាងបង្ហាញថា វត្ថុបុរាណទាំងនោះយកចេញពីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS World នៅថ្ងៃទី២២ ខែឧសភា។

 
គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃទី២១ ខែឧសភា បានផ្តល់ភ្លើងបៃតងលើសំណើនាយកដ្ឋានវិចិត្រសិល្បៈ ក្នុងការបញ្ជូនវត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។ វត្ថុបុរាណចំនួន ២០នេះ ស្ថិតក្នុងចំណោមវត្ថុបុរាណចំនួន ៤៣ ដែលលួចយកចូលថៃដោយខុសច្បាប់ពីសិង្ហបុរី នៅក្នុងឆ្នាំ២០០០។
 
«វត្ថុបុរាណចំនួន ២០នេះ ស្ថិតក្នុងកិច្ចព្រមព្រៀងប្រគល់វត្ថុបុរាណចំនួន ៤៣ ដែលបានលួចយកចូលថៃ ដោយត្រូវបានអាជ្ញាធររឹបអូសបាន»។ សារព័ត៌មាន Thai PBS World បានស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាលថៃ លោកស្រី Radklao Inthawong Suwankiri បែបនេះ។ កន្លងមក វត្ថុបុរាណចំនួន ២៣ផ្សេងទៀត ត្រូវបានថៃប្រគល់មកឱ្យកម្ពុជារួចហើយ នៅក្នុងឆ្នាំ២០០៨ និង២០១៥។ 
 
បើតាមការបញ្ជាក់របស់មន្រ្តីថៃរូបនេះ បុរាណចំនួន ២០ចុងក្រោយនេះ កន្លងមក អាជ្ញាធរថៃមិនអាចបញ្ជាក់ពីប្រភពដើមបានទេ ដោយយល់ថា អាចយកចេញពីប្រទេសទាំងពីរ ហើយបានស្នើឱ្យភាគីកម្ពុជាដាក់ព័ស្តុតាងស្នើ យកវត្ថុបុរាណទាំងនោះ។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ ភាគីកម្ពុជា បានដាក់ស្នើព័ស្តុតាងបញ្ជាក់វត្ថុបុរាណនោះហើយ ខណៈនាយកដ្ឋានវិចិត្រសិល្បៈថៃ ក៏គាំទ្រព័ស្តុតាងទាំងនោះដែរ៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com