ជាតិ
លោក ហ៊ុន ម៉ា​នី ពន្យល់​ពី​ការ​ផ្ដល់ឱកាស​ឱ្យ​សិស្ស​មន្ត្រីជាន់ខ្ពស់ និង​ក្រម​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន
23, May 2024 , 10:42 pm        
រូបភាព
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ
ភ្នំពេញ​៖ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​ការងារ​រយៈពេល​៩​ខែ របស់​ក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ា​នី បាន​ពន្យល់ថា ការអនុញ្ញាតឱ្យ​សិស្ស​មន្ត្រីជាន់ខ្ពស់ និង​ក្រម​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​គ្រូ​អនុវិទ្យាល័យ ដំណាក់កាល​ទី​១ ដោយសារ​ជា​ប្រភេទ​សំណួរ​ពហុ​ជ្រើសរើស​។ លើសពីនេះ សិស្ស​មន្ត្រីជាន់ខ្ពស់ និង​ក្រមការ សុទ្ធសឹងតែ​សិស្ស​ដែល​ឆ្លងកាត់​ការប្រឡង​យ៉ាង​ហ្មត់ចត់​។​



​ក្នុង​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡងប្រជែង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ នា​ដំណាក់កាល​ទី​១ មានការ​ចូលរួម​កែ​ដោយ​សិស្ស​មន្ត្រីជាន់ខ្ពស់ និង​សិស្ស​ក្រមការ​។ ចំពោះ​វត្តមាន​របស់​សិស្ស​មន្ត្រី​ជាន់ខ្ពស់ និង​សិស្ស​ក្រមការ​ក្នុង​ដំណើរ​ការកែ​សន្លឹក​កិច្ចការ​នេះ បានធ្វើ​ឱ្យមាន​ងឿងឆ្ងល់​ថា​ហេតុអ្វី​មិនមាន​វត្តមាន​គ្រូ​ជំនាញ​។​

​ត្រង់ចំណុច​នេះ លោក ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង បាន​បកស្រាយ​យ៉ាង​ដូច្នេះ​៖«​ដំណាក់កាល​លើកដំបូង វិញ្ញាសា​ប្រឡង គឺ​ប្រភេទ​ពហុ​ជ្រើសរើស QCM ដូច្នេះ​ចម្លើយ A B C D​។ ផ្អែកលើ​មូលដ្ឋាន​នេះ មិនបាច់​មាន​ជំនាញ​អ្វី​ទេ គ្រាន់តែ​ត្រូវការ​ភ្នែក​ភ្លឺ​ប៉ុណ្ណោះ​»​។



បើតាម​លោក ហ៊ុន ម៉ា​នី ចំពោះ​ចំណុច​នេះ ក្រសួង​មុខងារសាធារណៈ បាន​គិតគូរ​យ៉ាងច្បាស់​លាស់​។ ដោយឡែក​ការប្រឡង​ដំណាក់កាល​ទី​២ មិនមាន​វត្តមាន​សិស្ស​មន្ត្រីជាន់ខ្ពស់ និង​សិស្ស​ក្រម​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន​នោះទេ គឺ​គ្រូ​តាម​ឯកទេស​ជា​អ្នក​កែ​។
អត្ថបទទាក់ទង


​សូមបញ្ជាក់ថា ក្រោយ​ដំណើរ​ការកែ​សន្លឹក​កិច្ចការ​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ  ក្នុងដំណាក់កាល​ទី​២ បានបញ្ចប់​ដោយ​ជោគជ័យ ក្រសួង​មុខងារសាធារណៈ បាន​រកឃើញ​បេក្ខជន​ចំនួន ៣៤៣​នាក់ បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ក្នុងនោះ​បេ​ក្ខ​នារី​ចំនួន ១៦៣​នាក់​។ នៅក្នុង​ការប្រឡង​ជ្រើសរើស​គ្រូ​អនុវិទ្យាល័យ​លើក​ទី​២​នេះ ត្រូវបាន​កំណត់​យក​បេក្ខជន ៤៤១​នាក់ ប៉ុន្តែ​ដោយសារ​បេក្ខជន ៩៨​នាក់​ផ្សេងទៀត​មិនបាន​ទទួលបាន​ពិន្ទុ តាម​ការកំណត់​៕



© រក្សាសិទ្ធិដោយ thmeythmey.com