ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចាកចេញពីរាជធានី ទេសចរណ៍អំណាន បន្តដំណើរឆ្ពោះទៅខេត្តកំពត និងកែប
24, May 2024 , 10:59 am        
រូបភាព
ចេញពីរាជធានីភ្នំពេញ «បណ្ណាល័យចល័ត»ឬ«ទេសចរណ៍អំណាន» លោក អ៊ុក វណ្ណ​ដេ ស្ថាប​និក​នៃ​សាលាដូង បាន​បន្តដំណើរ​ទៅកាន់​ខេត្តកំពត និង​កែប ដើម្បីផ្សព្វផ្សាយការ អាន​សៀវ​ភៅ​។ លោក អ៊ុក វណ្ណ​ដេ សង្ឃឹមថា ទេស​ចរណ៍អំណាន នឹងក្លាយជាសកម្មភាព​មួយ ចូល​រួម​ជំរុញ​ជំរុញការអានសៀវភៅនៅតាម​ទីសា​ធារណៈ នៅកម្ពុជា។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ខាងក្រោមនេះ ដែលរៀបចំដោយ ហេង ស្រីលីន នៃសារព័ត៌មានឌីជីថលថ្មីៗដូចតទៅ៖
 
 
នេះគឺជាបណ្ណាល័យចល័ត ឬអាចហៅ ទេសចរណ៍អំណាន ដែលមានផ្ទុកសៀវភៅថ្មី ចាស់ ប្រមាណ ១ពាន់ ៤រយក្បាល។ បណ្ណាល័យចល័តនេះ ត្រូវបង្កើតឡើងដោយលោក អ៊ុក វណ្ណដេ  ស្ថាបនិកនៃសាលាដូង ដែលមានទីតាំងនៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ។ ​មិន​មែន​ជារឿងចៃដ្យនោះឡើយ ដែលលោក បង្កើតបណ្ណាល័យចល័ត នោះក៏ព្រោះ​តែលោក គឺជា​អ្នកចូលចិត្តអានសៀវភៅ និងជាគ្រូបង្រៀនក្មេងៗជាច្រើននាក់នៅលើភ្នំ អស់រយៈពេល ៦ឆ្នាំមកហើយ។  
 
បណ្ណាល័យចល័ត បានសំចតនៅជិតសួនច្បាវត្តបទុម ក្បែរព្រះបរមរាជវាំង។ នៅក្នុង​រថយន្តពណ៌ទឹកក្រូចនេះ មានសៀវភៅជាច្រើនរយចំណងជើង ឯងផ្នែកខាងក្រៅនៃឡាន គឺមានភ្ជាប់ជាមួយពាក់ស្លោកបង្កប់អត្ថន័យជាច្រើន។ ឡានចំណាស់នេះ ជាឡាននៅ​ជំ​នាន់ឆ្នាំ១៩៧២ ដែលត្រូវបានគេបោះបង់ចោល និងត្រូវបានយកមកជួសជុល និងកែច្នៃ​ឡើងវិញ អស់រយះពេលជាង៨ខែ ទើបលេចរូបរាងយ៉ាងទាក់ទាញបែបនេះ។ ឡាន​ពណ៌​ទឹកក្រូច លោក វណ្ណដេ ចង់ធៀបទៅនឹងពន្លឺព្រះអាទិត្យ រៀបរះ និងរៀបលិចទៅវិញ។ វា​ជាពណ៌ ដាស់ស្មារតីជនទាំងឡាយ ឲ្យងាកមកអានសៀវភៅ ដើម្បីឲ្យមានការ​ផ្លាស់​ប្តូរ​គំនិត និងជីវិត។
 

 
សៀវភៅទាំងនោះរួមមាន សៀវភៅប្រវត្តិសាស្រ្ត សៀវភៅធម៌ សៀវភៅសម្រាប់កុមារ អំណា​នទូទៅ ជំនាញចិញ្ចឹមសត្វ និងសៀវភៅពាក់ព័ន្ធនឹងបរិស្ថានជាដើម។ សៀវភៅ​ទាំងនេះ មួយចំណែកធំបានមកពីសប្បុរជន និងជាសៀវភៅរបស់លោកធ្លាប់​អាន​កន្លងមក។ 
 
លោក វណ្ណដេ យល់ថា ការសិក្សាគឺមិនចេះចប់នោះឡើយ ពិសេសគឺការអានសៀវភៅ​បណ្តុះ​គំនិត និងចង់ឃើញកុមារ យុវជន ព្រមទាំងសាធារណជន ផ្តើមចូលចិត្តនិងកាន់​សៀវ​ភៅ​ឲ្យបានច្រើន។ អ្វីដែលលោកចង់រំលេចឡើង នៅក្នុងអត្ថន័យទេសចរណ៍អំណាន គឺចង់​ឲ្យកម្ពោជិក អានសៀវភៅនៅតាមសាធារណៈ មានភាពទូលំទូលាយ ប្រកបដោយ​ភាព​ក្លាហាន មិនមានភាពខ្មាស់អៀន។ លើសពីនេះ ទេសចរណ៍អំណាន នឹងក្លាយជា​ជម្រក​នៃចំណេះដឹងសម្រាប់អ្នកចង់អានសៀវភៅផងដែរ។ 

 
ស្ថាបនិក​សាលាដូងរូបនេះ បានបើកស្វាគមន៍សាធារណជន ឲ្យមកអានសៀវភៅសេរី រយៈ​ពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ២១ និង២២ ខែឧសភា ដោយបើកនាម៉ោង៣រសៀល រហូត​ដល់ម៉ោង៩យប់។ ដែលនេះជាទីតាំងដំបូង នៃវត្តមានទេសចរណ៍អំណាន និងជាការ​បើក​សាកល្បង​។ លោក វណ្ណដេ រៀបរាប់ថា ការជ្រើសយកទីតាំងនៅក្បែរព្រះបរមរាជវាំង ព្រោះ​​នៅជុំវិញកន្លែងនេះសម្បូរមនុស្សឆ្លងកាត់ទៅមកច្រើន  និងមានប្រជាពលរដ្ឋ មក​លំហែ​កាយ ក្រោយចេញពីធ្វើការជាដើម។ អ្នកឆ្លងកាត់ផ្លូវឧកញ៉ា ឈុន  តែងចោល​ក្រខ្សែ​ភ្នែកមកកាន់រថយន្តផ្ទុកសៀវភៅនេះ និងសំដៅមករករថយន្តពណ៌ទឹកក្រូច ជាបន្ត​បន្ទាប់។ ម្នាក់ៗអង្គុយអានសៀវភៅ យ៉ាងស្ងៀមស្ងាត់ ឯអ្នកខ្លះខ្ចីយកទៅអាន នៅគេហដ្ឋាន​ក៏មាន។ 
 
ក្រោយបង្ហាញខ្លួននៅរាជធានី ៣ថ្ងៃហើយនោះ បណ្ណាល័យចល័ត ឬហៅថា ទេសចរណ៍​អំ​ណាននេះ នឹងឆ្ពោះទៅ ខេត្តកំពត។ ជាទីតាំងទី២ របស់លោកវណ្ណដេ ដែលនឹង​បង្ហាញ​ខ្លួន​ជិតរូបសំណាក់សេះសមុទ្ទ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ២៤ដល់ ថ្ងៃទី២៧ឧសភា។ ដោយ​ឡែក ខេត្ត​កែប គឺមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ និង២៩ ខែឧសភា។ ​
 
លោក អ៊ុក វណ្ណដេ សង្ឃឹមថាការលះបង់របស់ខ្លួន នឹងអាចដាស់ស្មារតី​ជនប្រុសស្រី​ទាំង​ឡាយ ឲ្យចាប់ផ្តើមមកកាន់សៀវភៅអាន និងមានទម្លាប់អានសៀវភៅនៅ​ទី​សា​ធា​រណៈ ដូចនៅផ្ទះដែរ។ សម្រាប់​ឆ្នាំ២០២៤នេះ ទេសចរណ៍អំណាន បង្ហាញខ្លួន តែង៣ទីតាំងនេះ ប៉ុណ្ណោះ។ បើតាមលោក វណ្ណដេ ​ប្រសិនបើការបើកសាកល្បងលើកទីមួយជោគជ័យ ទេសចរណ៍អំណាន នឹងបង្ហាញខ្លួនសាជាថ្មី នៅឆ្នាំក្រោយ ដោយបោះទីតាំងនៅតាម​បណ្តា​ខេត្តផ្សេងៗទៀត និង​ប្រើរយៈពេលយូរជាង​នេះ នៅទីតាំងនីមួយៗ៕
 





 

Tag:
 អំណាន
  សៀវភៅ
  បណ្ណាល័យចល័ត
© រក្សាសិទ្ធិដោយ thmeythmey.com