អន្តរជាតិ
កូរ៉េខាងត្បូងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលចម្ងាយឆ្ងាយ L-SAM ដោយជោគជ័យ
25, May 2024 , 8:19 pm        
រូបភាព
កូរ៉េខាងត្បូង បានប្រកាសពីការបញ្ចប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលចម្ងាយឆ្ងាយពីដីទៅអាកាស (L-SAM) ដោយជោគជ័យដែលជាការជំហានដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពការពារដែនអាកាស ស្របពេលដែលការប្រឈមមុខជាមួយកូរ៉េខាងជើងនៅតែតានតឹង។

 
ប្រព័ន្ធការពារមីស៊ីល L-SAM ត្រូវបានរចនាឡើងដើម្បីបាញ់ទម្លាក់គោលដៅដែលចូលមកក្នុងកម្ពស់ពី៥០ទៅ៦០គីឡូម៉ែត្រ។ ប្រព័ន្ធការពារនេះ ត្រូវបានវាយតម្លៃថាសមស្របនឹងការ ប្រយុទ្ធក្រោយបានបំពេញតាមតម្រូវការបច្ចេកទេសរបស់យោធា។ នេះបើយោងតាមរដ្ឋបាល កម្មវិធីការទិញសព្វាវុធការពាររដ្ឋកូរ៉េខាងត្បូង (DAPA) ។
 
ក្រោយការបញ្ចប់នៃការអភិវឌ្ឍ L-SAM ការផលិតរំពឹងនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ ហើយនឹង ត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់ប្រតិបត្តិការនៅឆ្នាំ២០២៨។ ក្រោយពីពេលដាក់ពង្រាយ ប្រព័ន្ធ L-SAM នឹងដើរតួនាទីយ៉ាងសំខាន់ជាខែលការពារមីស៊ីលអាកាស។
 
បច្ចុប្បន្ន យោធាកូរ៉េខាងត្បូងកំពុងដំណើរការប្រព័ន្ធមីស៊ីលចម្ងាយមធ្យមពីដីទៅអាកាស និងប្រព័ន្ធ Patriot Advanced Capability-3 របស់អាម៉េរិក ដើម្បីស្ទាក់ចាប់មីស៊ីលដែលចូលមកក្នុងរយៈកម្ពស់ ទាបជាង L-SAM ។ សម្រាប់គោលដៅនៅកម្ពស់ខ្ពស់ រហូតមកដល់ពេលនេះ កូរ៉េខាងត្បូង បានពឹងផ្អែកលើប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ (THAAD) របស់កងកម្លាំងអាម៉េរិក ដែលអាចការពារកម្ទេចគោលដៅនៅរយៈកម្ពស់ពី៤០ទៅ១៥០គីឡូម៉ែត្រ។
 
លើសពីនេះ យោធាកូរ៉េខាងត្បូងកំពុងអភិវឌ្ឍបន្ថែមផ្នែក Block-II នៃប្រព័ន្ធការពារ L-SAM ដើម្បីស្ទាក់ចាប់គោលដៅនៅរយៈកម្ពស់ខ្ពស់ជាងបច្ចុប្បន្ន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com