ជាតិ
មគ្គទេសក៍តែម្នាក់​នាំភ្ញៀវ​ចម្រុះជាតិសាសន៍​ច្រើននាក់ ជាបទពិសោធន៍​ថ្មី​របស់​លោក ជូ ស៊ីឡុង
26, May 2024 , 9:19 am        
រូបភាព
សៀមរាប៖ ជប៉ុន កូរ៉េ អាម៉េរិក បារាំង អ៊ីតាលី និងជនជាតិ​បរទេស​ផ្សេងទៀត ស្ថិត​ក្នុង​ដំណើរទសចរណ៍រួម​គ្នា​នៅ​តំបន់សៀមរាប-អង្គរ តាម​រយៈ​កញ្ចប់​សេវា​កម្ម Siem Reap Shuttle Tours។ ១៦​ឆ្នាំ ក្នុងអាជីព​ជាមគ្គទេសក៍ ប៉ុន្តែនេះ​បទពិសោធន៍​ដ៏ថ្មីសន្លាង​របស់​លោក ជូ ស៊ីឡុង ដែលនាំភ្ញៀវ​ពី​ប្រទេស​ផ្សេងៗគ្នា ដើរកម្សាន្ត​ទៅបណ្តា​ទីតាំង​ទេសចរណ៍ក្នុងពេល​តែមួយ។​

 
«មគ្គទេសក៍មិន​មែនជាអាជីពថ្មីឡើយ​សម្រាប់ខ្ញុំ តែបទពិសោធន៍​ថ្មី​ដែល​ខ្ញុំ​បានជួបនៅពេលនេះ គឺ​ការ​នាំ​ភ្ញៀវ​ចម្រុះជាតិសាសន៍​ដើរ​ក្នុងពេល​តែមួយ»។ លោក ជូ ស៊ីឡុង ដែល​ទើប​តែចូល​បម្រើ​ការ​នៅភ្នាក់​ងារ​ទេសចរណ៍ Siem Reap Shuttle Tours បាន​លើកឡើង​យ៉ាង​ដូច្នេះ​ក្នុង​បទសម្ភាសមួយ​ជាមួយ​សារព័ត៌មាន​ឌីជីថលថ្មីៗ។
 
​ជាមគ្គទេសក៍​របស់ Siem Reap Shuttle លោក ស៊ីឡុង គឺ​​ជាអន្តរការី​ដ៏សំខាន់​ក្នុង​ការ​ភ្ជាប់ទំនាក់ទំនង​រវាង​ភ្ញៀវ​ទេសចរដែលមក​ពី​ប្រភព​ផ្សេងៗគ្នា ទាំងអាស៊ី ទាំងអឺរ៉ុប។ ក្នុង​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​គោល​ដៅ​ទេសចរណ៍ មគ្គទេសក៍វ័យ​៤៦​ឆ្នាំ​រូបនេះ ប្រាប់ទៅភ្ញៀវ​ណែនាំខ្លួន​​​ដើម្បី​ឱ្យពួក​គាត់​ស្គាល់​គ្នា និងអាច​ចែក​រំលែកបទពិសោធន៍​គ្នា​ទៅ​វិញទៅមក។
 
Siem Reap Shuttle Tours ផ្តល់​កញ្ចប់សេវាកម្ម​ទេសចរណ៍ថ្មីមួយ​ សម្រាប់ភ្ញៀវ​ដែល​មក​ដើរកម្សាន្ត​តែម្នាក់ឯង ឬជាក្រុម​ ទៅកាន់ប្រាសាទ និងទីតាំង​លេចធ្លោ​នានា​នៅ​ក្នុង​ខេត្តសៀមរាប​​។ សេវាកម្មទេសចរណ៍នេះ នាំ​ទេសចរចម្រុះជាតិសាសន៍ ទទួលបានបទពិសោធថ្មី តាមរយៈការធ្វើដំណើររួមគ្នាក្នុងពេល​តែមួយ។
 


«ខ្ញុំសប្បាយចិត្ត  ដោយ​បាន​ឃើញ​ពួកគាត់ស្គាល់គ្នា សប្បាយជាមួយគ្នា ប្រៀបដូចគ្រួសារតែមួយ»។ មគ្គទេសក៍ ជូ ស៊ីឡុង​ ដែល​ប្រឡូកក្នុងអាជីពអស់រយៈពេល​១៦​ឆ្នាំ បង្ហាញពីអារម្មណ៍​រំភើប​របស់ខ្លួន​ ជាមួយ​នឹង​បទពិសោធន៍ថ្មីនៅ Siem Reap Shuttle Tours។
 
នាពិធីបុណ្យ​ឆ្លងសហសវត្សរ៍ កាលពី​ឆ្នាំ​២០០០ លោក ស៊ីឡុង បាន​កត់សម្គាល់​ពីសក្តានុពល​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប ទីកំណើត​របស់​លោក ហើយ​ចាប់ពី​ពេលនោះមក លោក​ក៏បាន​ចិញ្ចឹម​ចិត្ត​លើ​ការងារ​ផ្នែក​សេវាកម្ម​ទេសចរណ៍ រហូតមាន​ឱកាស​ធ្វើ​ជាមគ្គទេសក៍​ផ្នែក​ភាសាអង់គ្លេស ដល់បច្ចុប្បន្ន។
 


ក្រៅពី​ការ​សិក្សា​ស្វែងយល់ពី​ប្រវត្តិសាស្ត្រ ប្រវត្តិប្រាង្គ​ប្រាសាទ​បុរាណនៅតំបន់អង្គរ​ និងការប្រាស្រ័យ​ទាក់ទងជាមួយ​ភ្ញៀវ​បរទេស ដែលជាជំនាញ​ប្រចាំថ្ងៃ លោក ស៊ីឡុង ក៏ត្រូវណែនាំភ្ញៀវឱ្យ​ស្គាល់ពីប្រពៃណី វប្បធម៌​ សហគមន៍ទេសចរណ៍ បរិបទជីវិត​របស់ប្រជាជន និង​​ម្ហូបអាហារ ផងដែរ។
 
ជាទម្លាប់​ទៅ​ហើយ​សម្រាប់លោក ស៊ីឡុង ក្នុងការ​ដឹកនាំភ្ញៀវ​លក្ខណៈជាក្រុម និងជាតិសាសន៍​តែមួយ ប៉ុន្តែក្រោយចូល​រួម​ជាមួយ Siem Reap Shuttle ជាងមួយខែ លោក​ទទួល​បាន​បទពិសោធន៍ថ្មីក្នុងនាមជាមគ្គ​ទេសក៏ម្នាក់​ទល់ជាមួយ​ភ្ញៀវចម្រុះជាតិសាសន៍​ជាច្រើននាក់។
 
«ពួក​គាត់​មកពីប្រទេសផ្សេងគ្នា ឥរិយាបថផ្សេងគ្នា ភ្ញៀវខ្លះចូលចិត្តថតរូប ភ្ញៀវខ្លះចូលចិត្តចង់ដឹងពីព័ត៌មានច្រើន។ ក្នុងនាមជាមគ្គទេសក៏ ខ្ញុំ​ត្រូវបែងចែកពេលវេលាឱ្យបានល្អ ដើម្បីឆ្លងតបតម្រូវការរបស់ពួកគាត់ ពោល​គឺត្រូវមានសិល្ប៍វិធី សម្របសម្រួលជាមួយពួកគាត់ ដើម្បីឱ្យពួកគាត់ស្វែងយល់ពីគ្នាទៅវិញទៅមក»។ នេះជាការពន្យល់​របស់​មគ្គទេសក៍ ស៊ីឡុង។
 


កញ្ចប់សេវាកម្មនីមួយៗរបស់ Siem Reap Shuttle Tours មានតម្លៃខុសគ្នា ទៅតាមទិសដៅទស្សនា ដូចជា កញ្ចប់សេវាកម្មទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ការទស្សនាវង់តូច ការធ្វើដំណើរទៅកាន់ប្រាសាទបន្ទាយស្រី ដំណើរកម្សាន្តទៅកាន់ប្រាសាទកោះកេរ   និងបេងមាលា ទឹកធ្លាក់ភ្នំគូលែន កំពង់ភ្លុក ជាដើម៕
 

 


 

Tag:
 ThmeyThmey
 មគ្គទេសក៍
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com