អន្តរជាតិ
លោក វ៉ាង យី សន្យាជំរុញវិនិយោគ និងនាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែម
27, May 2024 , 2:08 pm        
រូបភាព
លោក លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា (ឆ្វេង) ចាប់ដៃជាមួយសមភាគីចិន លោក វ៉ាង យី នៅទីក្រុងប៉េកាំង។ រូបភាព ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា (ឆ្វេង) ចាប់ដៃជាមួយសមភាគីចិន លោក វ៉ាង យី នៅទីក្រុងប៉េកាំង។ រូបភាព ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ប្រមុខការទូតចិន លោក វ៉ាង យី បានសន្យានៅចំពោះមុខសមភាគីកម្ពុជា លោក សុខ ចិន្តាសោភា ថា ចិននឹងលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសខ្លួនឱ្យវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មបន្ថែមពីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា។

 
ក្នុងដំណើរទស្សនកិច្ចនៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ដោយភាគីទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើនពាក់ព័ន្ធពាណិជ្ជកម្ម កិច្ចការផ្ទៃក្នុង និងបញ្ហាក្នុងតំបន់ និងអន្តរជាតិជាដើម។​
 
នៅចំពោះមុខលោក សុខ ចិន្តាសោភា ប្រមុខការទូតចិន បានសន្យាជំរុញការវិនិយោគនៅកម្ពុជា និងនាំចូលផលិតផលកសិកម្មបន្ថែមពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។​
 
«លោកវ៉ាង យី បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិនឱ្យវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាថែមទៀត»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញនៅថ្ងៃទី២៦ ខែឧសភា។ កម្ពុជា បាននាំផលិតផលកសិកម្មទៅចិន មានដូចជា ម្រេច អង្ករ និងមៀនប៉ៃលិនជាដើម។ 
 
ទន្ទឹមនេះ ភាគីទាំងពីរ បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និងសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិតជាដើម។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជា​ នៅចិន ធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី នៅកម្ពុជាក្នុងខែមេសា កន្លងទៅ។ 
 
ចំណែកប្រមុខការទូត កម្ពុជា បានវាយតម្លៃខ្ពស់ពីទំនាក់ទំនងដ៏រឹងមាំរវាងភាគីទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទន្ទឹមនេះ លោក សុខ ចិន្តាសោភា បានបញ្ជាក់ជាថ្មីពីការគោរព «គោលការណ៍ចិនតែមួយ» និងចាត់ទុកបញ្ហាហុងកុង ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន៕

Tag:
 កម្ពុជា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com