សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
លោកស្រី ជា សិរី ថ្លែងក្នុងវេទិកាអនាគតអាស៊ីថា ការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង នឹងជួយជំរុញ«ប្រាក់រៀល»
29, May 2024 , 2:29 pm        
រូបភាព
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (ទីពីររាប់ពីឆ្វេង) ។ រូបភាព ៖ Nikkei Asia
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (ទីពីររាប់ពីឆ្វេង) ។ រូបភាព ៖ Nikkei Asia
ការទូទាត់ឃ្យូអរកូដ (QR Code) ឆ្លងដែនតាមរយៈ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល​បាគង​ (Bakong) ​នឹង​ជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់រៀល​ខ្មែរ។ នេះបើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានថ្លែងនៅក្នុងវេទិកាអនាគតនៃអាស៊ី ដែលរៀបចំឡើងដោយ Nikkei នៅថ្ងៃទី២៤ ខែឧសភា។

 
ការទូទាត់ជាង ៨០ភាគរយនៃសេដ្ឋកិច្ចកម្ពុជានៅតែប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។ មើលឃើញបែបនេះ ធនាគារជាតិកំពុងជំរុញប្រាក់រៀលខ្មែរឲ្យដើរតួនាទីកាន់តែសំខាន់នៅក្នុងការប្រតិបត្តិការទូទាត់។ យ៉ាងណាមិញ លោកស្រី ជា សិរី បាននិយាយនៅក្រៅសន្និសីទទីក្រុងតូក្យូថា ៖«អត្រានៃការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការឌីជីថលមានទំហំច្រើន»។ នេះបើតាមសារព័ត៌មាន Nikkei Asia។ 
 
ការទូទាត់តាមឌីជីថលសរុបដែលធ្វើឡើងតាមរយៈប្រព័ន្ធបាគងបានកើនឡើងដល់ ៧០ ពាន់លានដុល្លារ ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០២០ ពោលគឺប្រហែលទ្វេដងនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ស្របពេលប្រតិបត្តិការក្នុងស្រុកដែលប្រព័ន្ធបាគងអាចធ្វើឡើងជាប្រាក់រៀល ឬដុល្លារ គេឃើញប្រតិបត្តិការរូបិយប័ណ្ណក្នុងស្រុកមានចំនួន ២០ពាន់លានដុល្លារនៃចំនួនប្រតិបត្តិការសរុបក្នុងឆ្នាំ២០២៣ ច្រើនជាង២ដងបើធៀបឆ្នាំ ២០២២។
 
ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមើលឃើញថា ប្រតិបត្តិការ​ឆ្លង​ដែន​ជា​គន្លឹះ​ក្នុង​ការ​ពង្រីក​ការ​ប្រើប្រាស់​ប្រាក់​រៀល។ កន្លងមក​ ប្រព័ន្ធបាគង​​ត្រូវ​បាន​ប្រើ​រួច​ហើយ​សម្រាប់​ការ​ទូទាត់​តាម​ QR រវាង​កម្ពុជា ថៃ ឡាវ និង​វៀតណាម ព្រម​ទាំង​សេវា​ដែល​ពាក់ព័ន្ធ​នឹង UnionPay របស់​​ចិន។ ការបង់ប្រាក់ឆ្លងដែនទាំងនេះអាចអនុវត្តទៅបានតែចំពោះប្រាក់រៀលប៉ុណ្ណោះ។ ប្រជាជនកម្ពុជាត្រូវមានគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅតាមប្រទេសទាំងនោះ។ ឧទាហរណ៍ នៅភ្ញៀវទេសចរថៃអាចធ្វើប្រតិបត្តិការទូទាត់ QR នៅកម្ពុជាបាន លុះត្រាតែកន្លែងដែលពួកគេកំពុងទិញទំនិញមានទទួលយកប្រាក់រៀល។
 
មុខងារទូទាត់ឆ្លងព្រំដែន (Cross-border QR code payments) ជាមធ្យោបាយមួយដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយសារវាលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មបើកគណនី និងទទួលយកការទូទាត់ជាប្រាក់រៀល។ 
 
យ៉ាងណាមិញ លោកស្រី សិរី ​និយាយ​ថា ៖«លោកស្រី​នឹង​មិន​បង្ខំ​ប្រជាពលរដ្ឋ​ឲ្យ​ប្រើប្រាស់​ប្រាក់​រៀល​តាម​រយៈ​វិធានការ​រដ្ឋបាល​ឡើយ»។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei Asia។
 
ធនាគារជាតិនៃកម្ពុជា គ្រោងនឹងបើកការបង់ប្រាក់ឆ្លងប្រទេសដោយប្រើប្រព័ន្ធបាគងជាមួយឥណ្ឌានៅដើមខែមិថុនា និងកំពុងធ្វើការជាមួយភាគីជប៉ុន។ លោកស្រី សេរី បាន​លើកឡើង​ថា ​៖«​ យើង​រីករាយ​ក្នុង​ការ​ស្វែង​រក​ប្រទេស​ផ្សេង​ទៀត​ដែល​មានទំនាក់ទំនងប្រជាជនសកម្ម​ជាមួយ​កម្ពុជា»។
 
បច្ចុប្បន្ន ប្រព័ន្ធបាគងមានការប្រើប្រាស់ប្រហែល ១០លានគណនីនៅកម្ពុជា ខណៈប្រជាជនសរុបមានចំនួនជាង១៧លាននាក់។ 
 
ការបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករបស់កម្ពុជា ជាផ្នែកមួយដែលធ្វើឲ្យប្រទេសមានគោលនយោបាយរូបិយវត្ថុឯករាជ្យ ដោយប្រព័ន្ធបាគងជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីផ្លាស់ប្តូរការពឹងផ្អែកលើប្រាក់ដុល្លារដែលមានជាយូរណាស់មកហើយ។ ទន្ទឹមនេះ រដ្ឋាភិបាលកម្ពុជា​បាន​និង​កំពុង​ទទួល​យក​ការ​បង់​ពន្ធ និង​បើក​ប្រាក់​ខែ​មន្ត្រី​រាជការ​ជា​ប្រាក់​រៀល។
 
លើសពីនេះ ការឡើងថ្លៃនៃប្រាក់ដុល្លារ បានបង្កបញ្ហានានារួមទាំងការផ្តល់ប្រាក់កម្ចីប្រាក់ដុល្លារដែលមានតម្លៃថ្លៃជាងមុន ជាហេតុនាំឱ្យការផ្តល់ប្រាក់កម្ចីមានភាពយឺតយ៉ាវ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងលើកទឹកចិត្តឱ្យខ្ចីរូបិយប័ណ្ណក្នុងស្រុក តាមរយៈអត្រាការប្រាក់យោងរបស់ខ្លួន។
 
ជុំវិញនឹងរូបិយប័ណ្ណឌីជីថល ថ្មីៗនេះទីក្រុងហុងកុងបានអនុញ្ញាតឱ្យប្រជាជនបើកកាបូបឌីជីថលជាមួយនឹងប្រាក់យ័នឌីជីថលរបស់ចិន ដែលអ្នកខ្លះចាត់ទុកថាជាជំហានឆ្ពោះទៅរកការធ្វើអន្តរកម្មទូទាត់ឌីជីថលមួយដែលគេហៅថា e-CNY ។ លោកស្រី សេរី បាននិយាយថា ការធ្វើជាអន្តរជាតិនៃប្រាក់យ័នឌីជីថលជាផ្លូវមួយដ៏វែងឆ្ងាយដែលរូបិយប័ណ្ណនេះទំនងជាមានន័យសម្រាប់ប្រតិបត្តិការក្នុងស្រុកប៉ុណ្ណោះ។
 
ប្រមុខធនាគារកណ្តាលកម្ពុជារូបនេះបានបញ្ជាក់ថា ការធ្វើរូបិយប័ណ្ណឌីជីថលជាអន្តរជាតិនឹងតម្រូវឱ្យមានការរួមបញ្ចូលបច្ចេកវិទ្យាផ្សេងៗគ្នាដែលប្រើប្រាស់នៅក្នុងប្រទេសនានា។ តួយ៉ាងដូចជា ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន Soramitsu ប្រើប្រាស់ទម្រង់ blockchain Hyperledger Iroha ៕ 

Tag:
 ជា សេរី
  ប្រាក់រៀល
  បាគង
  Bakong
  QR Code
© រក្សាសិទ្ធិដោយ thmeythmey.com