ជាតិ
ក្រសួងមហាផ្ទៃ នឹងផ្ដល់សុនខ ហិតគ្រឿងញៀន៤០០ក្បាល ឱ្យទៅស្នងការដ្ឋានរាជធានី-ខេត្ត
29, May 2024 , 2:59 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះពិនិត្យការងារនៅខេត្តជាប់ព្រំដែនថៃ។ រូបពី ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះពិនិត្យការងារនៅខេត្តជាប់ព្រំដែនថៃ។ រូបពី ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គ្រោងផ្ដល់សុនខហិតគ្រឿងញៀន៤០០ក្បាល ទៅស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីជួយដល់ប្រតិបត្តិការប្រឆាំងគ្រឿង​ញៀន។ នេះបើតាមរបាយការណ៍របស់ក្រុមការងារក្រសួងមហាផ្ទៃ។

 
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះទៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង ដើម្បីតាមដានការអនុវត្តការងាររបស់អាជ្ញាធរ នៅតាមបណ្ដាខេត្តជាប់ព្រំដែន កាលពីថ្ងៃទី២៧ និង២៨ ឧសភា​។ រដ្ឋមន្ត្រីកត់សម្គាល់ឃើញថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សំ ដែលកែច្នៃ និងចរាចរណ៍នៅកម្ពុជា មានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលតាមព្រំដែនគោក ហើយបន្តទៅបណ្ដាប្រទេស ឬតំបន់ផ្សេងៗទៀត តាមផ្លូវគោក និងផ្លូវទឹកសមុទ្រ។ 
 
ទន្ទឹមនឹងនេះ លោក ស សុខា បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវតាមបណ្ដាទីតាំងនានា ដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជាអគារច្រើនជាន់ ឬរោង ឃ្លាំង តាមបណ្ដាដីឡូត៍ដាច់ពីទីប្រជុំជន ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាលជាដើម។ លើសពីនេះ ត្រូវបង្កើនការបង្ក្រាប និងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធគ្រឿងញៀន ជួញដូរមនុស្ស និងប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ។
 
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ រដ្ឋមន្ត្រីមហាផ្ទៃ បានសង្កត់ធ្ងន់ថា៖«ត្រៀមសុនខ ហិតគ្រឿងញៀនចំនួន៤០០ក្បាល ដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងកម្លាំងរឹតបន្តឹងគ្រឿងញៀនឆ្លងដែន»។ 
 
ជុំវិញការត្រៀមសុនខនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រុមការងារក្រសួង បានសហការជាមួយ CMAC ដើម្បីបង្កាត់ពូជ និងបង្ហាត់បង្រៀនសុនខ ឱ្យហិតរកសារធាតុញៀន ឬគ្រឿងញៀន។ ក្រោយពីហ្វឹកហាត់ហើយ នឹងប្រគល់ឱ្យខេត្តជាប់ព្រំដែន និងតំបន់ ដែលមានករណីគ្រឿងញៀនច្រើន។ 
 
«ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវការពេលមួយដំណាក់កាលទៅមួយដំណាក់កាល តាមឧបករណ៍និងជំនាញផ្សេងៗ…។ យើងនឹងបណ្ដុះបណ្ដាលសុនខជាមួយនឹងមន្ត្រីនគរបាល ឱ្យមានជំនាញ ព្រោះគ្រឿងញៀនយើងពិបាកមើល ហើយឧបករណ៍បច្ចេកទេសមួយចំនួន ក៏ពុំអាចចាប់សញ្ញាបាន តែប្រើសុនខ អាចនឹងងាយស្រួលនិងមានប្រសិទ្ធភាព​»​។ លោក ទូច សុឃៈ ប្រាប់សារព័ត៌មានថ្មីៗបែបនេះ។ 
 
គិតចាប់ពីដើមឆ្នាំ២០២៤មក កម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន ១៧៥លើក និងមានករណីទ្រង់ទ្រាយធំចំនួន៣។ ជាមួយគ្នាដែរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបជាង២០០នាក់។ ចំណែកខេត្តបាត់ដំបង រយៈពេល៤ខែនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ៣២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦៥នាក់។ 
 
សូមជម្រាបថា ក្នុងឆ្នាំ២០២៣ សមត្ថកិច្ចបាន​​​បង្ក្រាបករណី​គ្រឿងញៀន​ ប្រមាណ៣តោន។ សម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន៣ ៦២០ករណី ឃាត់ខ្លួនមនុស្ស ៨ ៩២៥នាក់៕ 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com