អន្តរជាតិ
ការ​​កាត់​ទោស​ប្រហារជីវិត​កើន​ឡើង​ខ្ពស់ទាំងនៅចិន អុីរ៉ង់ អាម៉េរិក និង​ប្រទេសផ្សេងទៀត
29, May 2024 , 3:29 pm        
រូបភាព
ដោយ: រួបរួម
តាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ប្រទេស​​៥ មាន​តួលេខ​កាត់​ទោស​ប្រហារ​ជីវិត​ច្រើន​ជាងគេនៅឆ្នាំ២០២៣ ដែលក្នុងនោះមាន​ចិន អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត សូម៉ាលី និងសហរដ្ឋអាម៉េរិក។ ចំនួន​ដែល​ឈាន​ចូល​ដល់​ខ្ទង់​ពាន់នេះ ជាតួលេខ​ដ៏ខ្ពស់​បំផុត​លើពិភពលោក បើគិតចាប់តាំងពី​ឆ្នាំ​២០១៥មក។

 
របាយការណ៍​របស់អង្គការ​លើកលែងទោសអន្តរជាតិ (Death Sentences and Executions 2023) ដែលផ្សាយ​នៅថ្ងៃទី​២៩ ខែ​ឧសភា បង្ហាញថា មនុស្ស​ចំនួន​១ ១៥៣នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិតនៅ​១៦​ប្រទេស កាលពីឆ្នាំ​២០២៣ ប៉ុន្តែមិនមាន​ភាព​ជាក់លាក់​ឡើយអំពីតួលេខពី​ប្រទេសចិន។
 
អង្គការដែលមាន​មូលដ្ឋាននៅក្រុងឡុងដ៍ អះអាងថា នេះជាតួលេខខ្ពស់​បំផុត​បើគិត​ចាប់តាំងពីឆ្នាំ២០១៥មក ពោល​គឺ​កើន​ជាង​៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ​២០២២ ខណៈ​សាលដីកា​កាត់​ទោសប្រហារជីវិត គឺ​ឡើង​ដល់ជាង​២០ភាគរយ ដែលមាន​មនុស្ស​សរុប២ ៤២៨នាក់។
 
របាយការណ៍បាន​បង្ហាញថា ក្រៅពីប៉ាឡេស្ទីន សមាជិកអង្គការសហប្រជាជាតិ​ចំនួន​១៥ក្នុងចំណោម​១៩៣ បាន​​អនុវត្តទោសប្រហារជីវិតនៅឆ្នាំ២០២៣ ក្នុងនោះមាន អាហ្វហ្គានីស្ថាន បង់ក្លាដែស ចិន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ កូវ៉ែត កូរ៉េខាងជើង អារ៉ាប៊ីសាអូឌីត សិង្ហបុរី សូម៉ាលី ស៊ីរី សហរដ្ឋអាម៉េរិក វៀតណាម និងយេម៉ែន។
 
ទោះមិនមាន​តួលេខជាក់ច្បាស់ក៏ដោយ ប៉ុន្តែ​អង្គការលើកលែងទោស​អន្តរជាតិ ប៉ាន់ប្រមាណថា ចិនបាន​កាត់ទោស​ប្រហារជីវិតមនុស្ស​ច្រើនពាន់នាក់ ខណៈអ៊ីរ៉ង់ មានចំនួន​៨៥៣នាក់ ដោយកើន​ជាង​៥០ភាគរយ​ បើ​ប្រៀបធៀបទៅនឹង​ឆ្នាំ​២០២២។
 
ករណីនៅ​មជ្ឈឹមបូព៌ា មាន​ការថយ​ចុះ ប៉ុន្តែអារ៉ាប៊ីសាអូឌីត មាន​ចំនួន​១៧២នាក់ ខណៈ​បេឡារុស ជប៉ុន មីយ៉ាន់ម៉ា ឬក៏ស៊ូដង់​ខាងត្បូង មិនមាន​តួលេខ​នៃការ​កាត់ទោស​ប្រហារជីវិត ដូចកាលពីឆ្នាំ​២០២២ឡើយ។ នៅអាស៊ី ប៉ាគីស្ថាន លុបចោលកាត់ទោស​ប្រហារជីវិត​ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ស្របពេលដែលម៉ាឡេស៊ី ដក​ចេញដោយស្វ័យប្រវត្តិ​នូវទោសឧក្រិដ្ឋមួយចំនួន។
 
ផ្ទុយទៅវិញ អនុតំបន់សាហារ៉ាអាហ្វ្រិក ការកាត់ទោស​ប្រហារ​ជីវិត កើន​ឡើង​ដល់​៤៩៤នាក់ពោល​គឺ​៦៦ភាគរ​យ​នៅ​ឆ្នាំ​២០២៣។ នៅ​សូម៉ាលី តួលេខ​កើនដល់ទៅ​៣ដង គឺមាន​៣៨នាក់។ សហរដ្ឋអាម៉េរិក បាន​អនុវត្តទោសប្រហារជីវិតមនុស្ស​២៤នាក់  ដោយមាន​កំណើន​៣៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។
 
រដ្ឋ​៥នៅអាម៉េរិក ដែលបានកាត់ទោស​ប្រហារ​ជីវិតមនុស្សកាលពីឆ្នាំ២០២៣ ក្នុងនោះមាន តិចសាស់ ៨នាក់, ហ្វ្លរីដា ៦នាក់, អូក្លាហាម៉ា ៤នាក់, មីស៊ូរី ៤នាក់ និងអាឡាបាម៉ា ២នាក់។ ដូចជាចិន​ផងដែរ តួលេខ​នៃការអនុវត្តទោស​ប្រហារជីវិតនៅ​កូរ៉េខាងជើង ​វៀតណាម អាហ្វហ្គានីស្ថាន ប៉ាឡេស្ទីន និង ស៊ីរី មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជាសាធារណៈនោះឡើយ៕

Tag:
 ទោស​ប្រហារជីវិត
© រក្សាសិទ្ធិដោយ thmeythmey.com