ជាតិ
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជាង២៥០គីឡូ នៅស្ទឹងត្រែង
29, May 2024 , 5:15 pm        
រូបភាព
រថយន្តនិងគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននៅស្ទឹងត្រែង។ រូបពី GCNP
រថយន្តនិងគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាននៅស្ទឹងត្រែង។ រូបពី GCNP
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែននៅខេត្តស្ទឹងត្រែង ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងរឹបអូសថ្នាំញៀនជាង២៥៤គីឡូក្រាម។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

 
កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះស្រាវជ្រាវស៊ើបអង្កេតករណីគ្រឿងញៀនឆ្លងដែន រហូតឈានទៅការបង្ក្រាបនៅចំណុចក្នុងភូមិវាលព្រីង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២៥ឧសភា។ 
 
ការចុះប្រតិបត្តិការនេះ សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ៤នាក់ មានថៃ៣នាក់ និងខ្មែរ១នាក់។ សមត្ថកិច្ចបានអះអាងថា ការចុះបង្ក្រាបនេះ មានជនសង្ស័យប្រមាណ២ទៅ៣នាក់ទៀត បានរត់គេចខ្លួន។
 
រូបពី GCNP

វត្ថុតាងដែលសមត្ថកិច្ច រកឃើញលើរថយន្តឆ្លងដែននេះ មានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់២២២៩០០ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់៣១៨០៨ក្រាម។ គ្រឿងញៀនសរុបទាំងនេះ ទម្ងន់២៥៤គីឡូក្រាម។ 
 
​ជាមួយគ្នាដែរ សមត្ថកិច្ចបានឃាត់រថយន្ត៤គ្រឿង, ទូរស័ព្ទដៃចំនួន១២គ្រឿង, វិទ្យុទាក់ទងចំនួន ៣គ្រឿង, គ្រាប់បែកដៃ២គ្រាប់ ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀន សាកសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕  
 
រូបពី GCNP

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com