សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ ពង្រីកការ​លើកលែង​ទិដ្ឋាការ​ដល់កម្ពុជា និងប្រទេស៣៥ទៀត
29, May 2024 , 9:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ទទួលភ្ញៀវទេសចរចិនៅអាកាសយានដ្ឋាន ។ រូបភាព ៖ Xinhua
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ទទួលភ្ញៀវទេសចរចិនៅអាកាសយានដ្ឋាន ។ រូបភាព ៖ Xinhua
ថៃ​លើកលែង​ទិដ្ឋាការ​ដល់​ ៣៦​ប្រទេសបន្ថែមទៀតក្នុងនោះមានកម្ពុជាផង ដោយ​បង្កើន​ចំនួន​ប្រទេស និង​ដែនដី​ដែល​គ្មាន​ទិដ្ឋាការ​ពី​ ៥៧ រហូត​ដល់​៩៣ប្រទេស ដែល​អនុវត្ត​បាន​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា តទៅ។ សម្រាប់ទិដ្ឋាការថ្មីនេះ ភ្ញៀវទេសចរអាចស្នាក់នៅថៃរហូតដល់ ៦០ថ្ងៃ។ នេះបើតាមចុះផ្សាយរបស់កាសែត Bangkok Post។

 
គណៈរដ្ឋមន្ត្រីថៃបានអនុម័តកម្មវិធីបន្ធូរបន្ថយទិដ្ឋាការថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយសារសេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke នៅថ្ងៃទី២៨ ខែឧសភា ។ 
 
ចំនួនប្រទេសដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការនឹងកើនឡើងពី៥៧ ទៅ៩៣ប្រទេស។ គោលដៅថ្មីចំនួន ៣៦ប្រទេសរួមមាន អាល់បានី កម្ពុជា ឥណ្ឌា ហ្សាម៉ាអ៊ីក កាហ្សាក់ស្ថាន ឡាវ ម៉ិកស៊ិក ប៉ាណាម៉ា រូម៉ានី ស្រីលង្កា…។ ជាមួយទិដ្ឋាការថ្មីនេះ ភ្ញៀវទេសចរអាចស្នាក់នៅថៃរហូតដល់ ៦០ថ្ងៃ។ គោលនយោបាយនេះត្រូវបានរំពឹងថានឹងចូលជាធរមានចាប់ពីថ្ងៃទី១ខែមិថុនា។
 
លើសពីនេះ គណៈរដ្ឋមន្ត្រីក៏បានអនុម័តទិដ្ឋាការពេលមកដល់ (visa on arrival) ដល់ប្រទេសចំនួន ៣១ ដែលកើនឡើងជិតទ្វេដងធៀបពីមុនមានត្រឹមតែចំនួន ១៩ប្រទេស។
 
សម្រាប់ភ្ញៀវទេសចរដែលចង់ទាំងធ្វើការ និងកម្សាន្តនៅថៃ អាចត្រូវបានផ្តល់ទិដ្ឋាការមានរយៈពេល ៥ឆ្នាំជាមួយនឹងការស្នាក់នៅរហូតដល់ ១៨០ថ្ងៃ និងអាចបន្តបាន ១៨០ថ្ងៃបន្ថែមទៀត។ កាលពីមុន ថៃបានកំណត់កម្មវិធីទិដ្ឋាការប្រចាំថ្ងៃដែលភ្ញៀវអាចចេញចូលតែ២ដងប៉ុណ្ណោះ ក្នុងរយៈពេល៣០ថ្ងៃ។
 
ជម្រើសថ្មីនេះ មានគោលបំណងសម្រាប់អ្នកចង់មានសេរីភាព និងអាចធ្វើការពីចម្ងាយ ហើយក៏អនុវត្តចំពោះទិដ្ឋាការរយៈពេល៥ឆ្នាំសម្រាប់អ្នកដែលចង់ហាត់គុន Muay Thai និងម្ហូបថៃផងដែរ។ 
 
សម្រាប់និស្សិតអន្តរជាតិ បន្ទាប់ពីបញ្ចប់ការសិក្សា ពួកគេមិនចាំបាច់ត្រឡប់មកផ្ទះវិញភ្លាមៗនោះទេ ប៉ុន្តែអាចស្នាក់នៅថៃរយៈពេល១ឆ្នាំទៀតដើម្បីធ្វើដំណើរកម្សាន្តក្នុងប្រទេសនេះ។ អ្នកទាំងនេះអាចស្វែងរកការងារធ្វើនៅថៃបាន ដោយសារគោលនយោបាយថ្មីនេះ។ 
 
រដ្ឋាភិបាល​រំពឹង​ថា គោលនយោបាយនេះ​នឹង​ក្លាយ​ជា​ប្រភព​ទាក់ទាញកម្លាំង​ពលកម្ម​ដែល​មាន​សមត្ថភាព​ខ្ពស់ ជាពិសេស​ក្នុង​វិស័យ​ដែល​ថៃ​មានតម្រូវការ។ បច្ចុប្បន្នមាននិស្សិតអន្តរជាតិប្រហែល ៤០០០០នាក់ដែលគ្រប់លក្ខខណ្ឌអាចមានសិទ្ធទទួលការស្នើសុំទិដ្ឋាការប្រភេទនេះ។ 
 
ពីមុន ភ្ញៀវទេសចរដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងដែលចង់បានទិដ្ឋាការស្នាក់នៅរយៈពេលវែងត្រូវទិញធានារ៉ាប់រងសុខភាពដែលមានតម្លៃ ៣០លានបាត (ជាង៨០ម៉ឺនដុល្លារ)។ គោលនយោបាយថ្មីនេះ ភ្ញៀវទេសចរគ្រាន់តែទិញធានារ៉ាប់រងតម្លៃចន្លោះពី ១ម៉ឺនដុល្លារទី១,២ម៉ឺនដុល្លារសម្រាប់ការព្យាបាលផ្នែកខាងក្នុងរាងកាយ និង ១ពាន់ដុល្លារសម្រាប់ការព្យាបាលអ្នកផ្នែកខាងក្រៅរាងកាយ។ គោលការណ៍នេះអនុវត្តចាប់ពីខែកញ្ញាដល់ខែធ្នូឆ្នាំនេះ។
 
អ្នកនាំពាក្យរដ្ឋាភិបាលថៃបន្តថា គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តលើការពង្រីកសេវាទិដ្ឋាការអេឡិចត្រូនិក e-visa នៅតាមស្ថានកុងស៊ុល និងស្ថានទូតថៃពី ៤៧ ដល់ ៩៤ ទីតាំង ដែលចាប់ផ្តើមពីខែកញ្ញា។
 
គិតត្រឹមដំណាច់ថ្ងៃទី២៦ ខែឧសភា ចំនួនភ្ញៀវអន្តរជាតិមកកម្សាន្តថៃបានកើនឡើងដល់ជាង១៤ លាននាក់ កើនឡើងជិត ៤០ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ថៃរំពឹងថានឹងទទួលភ្ញៀវពី ២៨ ទៅ ៣០លាននាក់នៅឆ្នាំ ២០២៤៕ 
 

Tag:
 ថៃ
  ទិដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com