ជាតិ
ពិព័រណ៍នៅអារ៉ាប៊ីសាអូឌីត ផ្ដល់ឱកាសឱ្យកម្ពុជា ធ្វើពិពិធកម្មទីផ្សារអង្ករនៅមជ្ឈឹមបូព៌ា និងអាហ្រ្វិក
30, May 2024 , 11:39 am        
រូបភាព
អង្ករកម្ពុជា ស្ថិតក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ «The Saudi Food Show» នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២១ដល់២៣ ខែឧសភា។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
អង្ករកម្ពុជា ស្ថិតក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិ «The Saudi Food Show» នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២១ដល់២៣ ខែឧសភា។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា
ក្រុមហ៊ុននាំចេញអង្ករចំនួន៤របស់កម្ពុជា បានចូលរួមក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិឈ្មោះថា «The Saudi Food Show» លើកដំបូង នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២១ដល់២៣ ខែឧសភា។ តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយឱ្យអង្ករកម្ពុជាកាន់តែមានសក្តានុពល និងវិសាលភាពផ្នែកទីផ្សារនាំចេញបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិក។



យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា អង្ករដែលបានតាំងបង្ហាញក្នុងពិព័រណ៍ «The Saudi Food Show» គឺសុទ្ធសឹងមានគុណភាពល្អ និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ មានគោលបំណងធ្វើពិពិធកម្មទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងពិភពលោកបន្ថែមទៀត។ 
 
សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវ «ពន្លាជាតិ» មួយទំហំ៦០ម៉ែត្រការ៉េ។ «ពន្លាជាតិ» តាំងបង្ហាញអង្ករកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីភ្ញៀវ ព្រោះថា នេះគឺជាលើកទី១ ដែលឃើញបញ្ជីឈ្មោះប្រទេស និងទង់ជាតិកម្ពុជា ស្ថិតនៅក្នុងចំណោម ក្រុមហ៊ុនជាង១ពាន់ មកពី៩៧ ប្រទេសនៅលើពិភពលោក និងមានផលិតផលម្ហូបអាហារជាង ១០ម៉ឺនប្រភេទតាំងបង្ហាញ។ 



ក្រុមហ៊ុនទាំង៤ ដែលបានចូលរួមបង្ហាញផលិតផលអង្ករកម្ពុជា រួមមាន អង្ករម៉ាករាជរំដួល ROYAL PADDY RICE , Khmer Foods Group ក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប, PRIMALIS CORPERATION.,LTD និង Signatures of Asia, Cambodian Rice Mill & Exporter។ 

ប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសធំជាងគេនៅក្នុងតំបន់មជ្ឈឹមបូព៌ា កំពុងមានសេដ្ឋកិច្ចរីកចម្រើន ដែលជាទីផ្សារមានសក្តានុពលសម្រាប់អង្ករកម្ពុជា និងជាទីតាំងចែកចាយបន្តនៅពេលអនាគត សម្រាប់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកផងដែរ។ 
 
ទីផ្សារអង្ករនៅក្នុងតំបន់ទាំងពីរនេះ បានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះតំបន់មជ្ឈឹមបូព៌ា បានកើនពី ១ ៣៩៨ តោន នៅឆ្នាំ២០១៥ ដល់៧ ៥២១ តោននៅឆ្នាំ២០២៣។ ទីផ្សារក្នុងតំបន់អាហ្វ្រិកបានកើនពី ៤ ២៨៤ តោន នៅក្នុងឆ្នាំ២០១៥ ដល់ ៥២ ៨២៨ តោននៅឆ្នាំ២០២៣។ នេះបើតាម សហព័ន្ធស្រូវអង្ករកម្ពុជា។ 



អង្ករផ្ការំដួល របស់កម្ពុជា ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេលើពិភពលោក ឆ្នាំ២០២២ ( world best rice 2022) នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ- អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ មកដល់ពេលនេះ អង្ករកម្ពុជាទទួលបានជ័យលាភី ៥លើកហើយ គឺក្នុងឆ្នាំ២០១២, ២០១៣, ២០១៤, ២០១៨ និង២០២២។ 
 
យោងតាមទិន្នន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ។​ ដោយឡែក ការនាំចេញស្រូវ-អង្ករ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលប្រមាណ ៨៦៣លានដុល្លារ៕ 

Tag:
 អង្ករ
  សហព័ន្ធស្រូវអង្ករកម្ពុជា
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com