ជាតិ
សង្គមជាតិ
គយបំភ្លឺករណីដកហូតទូរសព្ទជាង ១ ៣០០គ្រឿង ពីអាជីវករនៅត្បូងឃ្មុំ
01, Jun 2024 , 10:45 am        
រូបភាព
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានចេញលិខិតបំភ្លឺ ទាក់ទងនឹងប្រតិបត្តិការចុះចាប់ និងដកហូតទូរសព្ទពីអាជីវករ នៅខេត្តត្បូងឃ្មុំនោះថា ជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦។ ក្នុងលិខិតបំភ្លឺចុះថ្ងៃទី៣១ ខែឧសភា អគរ បានបញ្ជាក់ថា ទូរសព្ទជាង ១ ៣០០គ្រឿង ដែលត្រូវបានដកហូតនោះ ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។

 
«នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថាមាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន៣៥៦គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់»។  អគរ ឱ្យដឹងដូច្នេះ ហើយបញ្ជាក់ថាបើយោងតាមច្បាប់ និងប្រកាសពាក់ព័ន្ធ មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជាទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។  
 
បច្ចុប្បន្ន ទូរសព្ទទាំងនេះ ត្រូវបាននាំយកមកថែរក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិហួច ឃុំក្រែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួច ដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយនិងរដ្ឋាករនឹងប្រគល់ជូនម្ចាស់វិញ។ នេះបើតាអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ 
 
ក្នុងលិខិតបំភ្លឺចុះថ្ងៃទី៣១ ខែឧសភាដដែល អគរ បានបញ្ជាក់ថា ប្រតិបត្តិការនេះមានការសហការពីមន្ត្រីកងរាជអាវុធហត្ថ, មន្ត្រីស្នងការដ្ឋាននគរបាល, អាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនោះ កម្លាំង ចម្រុះ បានចុះឆែកឆេរ និងត្រួតពិនិត្យ ទីតាំងអាជីវកម្មដ្ឋានចំនួន៥ ហើយក្រៅពីទូរសព្ទ កម្លាំងចម្រុះ ក៏ចាប់បានទំនិញល្មើសច្បាប់ដូចជាប្រេងម៉ាស៊ីន, និងគ្រឿងអគ្គិសនីមួយចំនួនទៀតដែរ។
 
នៅក្នុងលិខិតដដែល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានលើកឡើងពីសកម្មភាពចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងជាប្រចាំ ដល់អាជីវករតាមអាជីវកម្មដ្ឋាននានា  ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល ជាពិសេសការតម្រូវឱ្យមានត្រាគយ លើទំនិញកំណត់ពិសេស ហើយក៏មានការបិទផ្សាយខិតបណ្ណ អំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះនៅតាមអាជីវកម្មដ្ឋានដែរ។
 
ស្ថាប័ន បានបញ្ចប់សេចក្តីបំភ្លឺដោយការអំពាវនាវឱ្យគ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធ ចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅកម្ពុជា  តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញដែលបានបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវ៕

© រក្សាសិទ្ធិដោយ thmeythmey.com