កីឡាជាតិ
ជាតិ
ពាក្យរិះគន់ធ្ងន់ៗ អាចបង្អាក់ការអភិវឌ្ឍខ្លួនរបស់កីឡាករថ្នាល ក្នុងវិស័យគុនខ្មែរ
01, Jun 2024 , 8:19 pm        
រូបភាព
ពេជ្រ បញ្ញា រូបពី Kun Khmer
ពេជ្រ បញ្ញា រូបពី Kun Khmer
កុមារ ដែលជាថ្នាលកីឡាករប្រដាល់គុនខ្មែរ គួរទទួលបានការលើកទឹកចិត្តច្រើន ព្រោះជាទំពាំងស្នងឬស្សីនាថ្ងៃអនាគត។ ដោយឡែក អ្នកគាំទ្រ ក៏គួរគប្បីប្រើពាក្យរិះគន់បែបស្ថាបនា និងមិនស្ថិតក្នុងន័យជាន់ពន្លិច ចំពោះកុមារទាំងនោះ ព្រោះពួកគេកំពុងស្ថិតក្នុងការអភិវឌ្ឍទៅមុខ។ លោក ផាត សូដា គ្រូបង្វឹកប្រដាល់គុនខ្មែរក្លិប Super Fight សំណូមពរ ទុកឱកាសឲ្យកុមារអភិវឌ្ឍខ្លួន ក្នុងវិស័យកីឡាឲ្យបានច្រើន និងកាត់បន្ថយការរិះគន់លើកីឡាករថ្នាល ព្រោះពួកគេមិនទាន់ចេះគិតបានជ្រៅជ្រះ។


 
កីឡាប្រដាល់គុនខ្មែរ មានការអភិវឌ្ឍជាខ្លាំង បន្ទាប់ពីមានការប្រកួតជាច្រើនសង្វៀនរៀងរាល់សប្ដាហ៍ ក្នុងនោះក៏មានការប្រកួតថ្នាលផងដែរ។ កីឡាករថ្នាលទាំងនោះ ភាគច្រើនមានវ័យពី១០ឆ្នាំ ទៅ១៧ឆ្នាំ ដែលជាវ័យកំពុងពេញលូតលាស់ ទាំងក្នុងការសិក្សា និងវិស័យកីឡា។ 
 
ពេលខ្លះ កីឡាករថ្នាលទាំងនោះ អាចបាក់ទឹកចិត្តដោយសារពាក្យរិះគន់ យ៉ាងធ្ងន់ធ្ងនៅលើបណ្ដាញសង្គម ដូចជាការជេរ ការមើលងាយ ប្រមាទជាដើម។ ជាឧទាហរណ៍ កីឡាករ ពេជ្រ បញ្ញា ដែលមានវ័យត្រឹមតែ១៤ឆ្នាំ ធ្លាប់ចង់បោះបង់អាជីពជាអ្នកប្រដាល់នេះ ដោយសារការរិះគន់ពីអ្នកគាំទ្រ ថាខ្លួនជាក្មេងលេងសើចច្រើន និងមិនស្គាល់ចាស់ទុំ។ ជាក់ស្ដែង លោក ផាត សូដា បានបញ្ជាក់ថា កុមារា បញ្ញា មិនមែនជាក្មេង ដែលមានចរិកអាក្រក់ទេ ព្រោះគេតែងស្ដាប់គ្រូបង្វឹក និងគោរពចាស់ព្រឹទ្ធាចារ្យ និងរៀមច្បង ផងដែរ។ 

កីឡាករថ្នាល់គុនខ្មែរ ដែលជាកុមារ រូបពី លោក ផាត សូដា
 
លោក ផាត សូដា យល់ថានាថ្ងៃអនាគត ទំពាំងស្នងគុនខ្មែរទាំងអស់ នឹងល្អជាងអ្នកជំនាន់មុន ប្រសិនជាមានការបង្វឹកល្អពីគ្រូ និងទទួលបានការគាំទ្រ និងការស្ថាបនាលក្ខណៈវិជ្ជមាន និងបែបអប់រំ។ គ្រូបង្វឹករូបនេះបន្ថែមទៀតថា អ្នករិះគន់ទាំងអស់មិនថាល្អ ឬអាក្រក់ គឺដោយសារការស្រឡាញ់ និងចង់ឲ្យកីឡាករល្អ ប៉ុន្ដែពេលខ្លះពួកគេ មិនបានដឹងពីការលំបាករបស់កីឡាករ និងការប្រើពាក្យពេជ្ររិះគន់តាមអារម្មណ៍ខឹងមួយឆាវ។ លោក ផាត សូដា ជឿថាក្មេង គឺមានឱកាសធ្វើបានល្អជាងអ្នកជំនាន់មុន។
 
«យើងមនុស្សចាស់ យើងនៅធ្វើខុស ចុះទម្រាំក្មេង។ ពេលខ្លះ ក្មេងគាត់ធ្វើមួយឆាវទៅ ព្រោះគាត់មិនទាន់ចេះគិតបានច្រើនដូចយើង។ ដូច្នេះ បើយើង ដាក់សម្ពាធគាត់ពេក ដូចបំបាក់ស្មារតីរបស់គាត់។»។ គ្រូបង្វឹករូបនេះបាននិយាយដូច្នេះ។
 
ដោយឡែក អ្នកគាំទ្រមួយចំនួន ក៏ចេះប្រើប្រាស់ពាក្យពេជ្ររិះគន់ បែបស្ថាបនា និងជាលក្ខណៈអប់រំដែរ។ ទង្វើនេះ បង្ហាញពីការគាំទ្រដល់កុមារ ដែលជាកីឡាករថ្នាលផង ក៏ដូចជាការអប់រំដល់ក្មេងៗទាំងនោះផងដែរ៕
 
 

Tag:
 ផាត សូដា
  ពេជ្រ បញ្ញា
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com