អន្តរជាតិ
របាយការណ៍អ.ស.ប.៖ ការអប់រំនិងសុវត្ថិភាពសង្គមសំខាន់សម្រាប់ទ្វីបអាស៊ីរីកចម្រើននិងដោះស្រាយបញ្ហាមនុស្សចាស់
02, Jun 2024 , 8:29 am        
រូបភាព
មនុស្សកំពុងធ្វើដំណើរអំឡុងពេលមមាញឹកនៅស្ថានីយ៍ Shinagawa កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ ក្នុងទីក្រុងញូវយ៉ក(AP Photo/Eugene Hoshiko)
មនុស្សកំពុងធ្វើដំណើរអំឡុងពេលមមាញឹកនៅស្ថានីយ៍ Shinagawa កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ ក្នុងទីក្រុងញូវយ៉ក(AP Photo/Eugene Hoshiko)
ដោយ: VOA
ខណៈសេដ្ឋកិច្ចតំបន់អាស៊ីនិងប៉ាស៊ីហ្វិកមានកំណើនយឺត ហើយអ្នកធ្វើការកាន់ចាស់ ប្រទេសនានាត្រូវធ្វើការបន្ថែមទៀត ដើម្បីធានាថា ក្រុមអ្នកធ្វើការទទួលបានការអប់រំ ការបណ្តុះបណ្តាល និងសុវត្ថិភាពសង្គម ដែលគេត្រូវការចាំបាច់ដើម្បីបង្កើនប្រាក់ចំណូល និងធានានូវសមភាពសង្គម។ នេះបើយោងទៅលើរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលបាននិយាយកាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅ ហើយដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។

 
របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) និយាយថា កំណើនផលិតកម្មមានការថមថយ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងការចំណាយរបស់ក្រុមអ្នកធ្វើការចំនួន២ពាន់លាននាក់នៅក្នុងតំបន់នេះ។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវផលិតកម្ម រដ្ឋាភិបាលនានាអាចជំរុញបង្កើនឱ្យមានប្រាក់ចំណូលនិងការត្រៀមខ្លួនដ៏ប្រសើរមួយសម្រាប់កម្លាំងការងាររបស់គេ ដែលមានវ័យកាន់តែចាស់ទៅមុខ។ នេះបើតាមការលើកឡើងរបស់របាយការណ៍មួយនេះ។
 
បុគ្គលិកធ្វើការ២នាក់ក្នុងចំណោម៣នាក់នៅក្នុងតំបន់នេះ ស្ថិតក្នុងការងារក្រៅប្រព័ន្ធក្នុងឆ្នាំ២០២៣ ដូចជាការងារពលកម្មប្រចាំថ្ងៃ ដោយគ្មានការការពារណាមួយ ដូចការងារក្នុងប្រព័ន្ធនោះឡើយ។ 
 
«ការខ្វះខាតឱកាសការងារដែលឆ្លើយតបទៅនឹងប្រភេទការងារសមរម្យ ដែលមានប្រាក់ចំណូលប្រសើរនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់យុត្តិធម៌សង្គមនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញនូវកត្តាហានិភ័យមួយ សម្រាប់ការប្រមើមើលទៅលើទីផ្សារការងារផងដែរ»។ នេះបើតាមការបង្ហាញនៃរបាយការណ៍នេះ។
 
ដោយបង្ហាញពីសក្តានុពលនៃភាពប្រសើរឡើង ផលិតកម្មការងារមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ៤,៣ភាគរយក្នុងអំឡុងពេលពីឆ្នាំ២០០៤ដល់ឆ្នាំ២០២១ ដោយជួយបង្កើនប្រាក់ចំណូលសម្រាប់អ្នកធ្វើការម្នាក់ៗ នៅក្នុងក្របខណ្ឌនៃអំណាចចាយវាយ ដែលប្រៀបធៀបពីបទដ្ឋានរស់នៅប្រចាំថ្ងៃក្នុងប្រទេសផ្សេងៗគ្នា ដែលប្រើប្រាស់រូបិយប័ណ្ណជាទូទៅមួយដល់ចំនួន១៥.៧០០ដុល្លារ ពីចំនួន៧.៧០០ដុល្លារ។ ប៉ុន្តែវាមានចំនួនយឺតជាងមួយទសវត្សរ៍កន្លងទៅ ដែលរាំងស្ទះដល់ដំណើរការក្នុងការធ្វើឱ្យមានការរីកចម្រើនកាន់តែខ្លាំងជាងមុន។ នេះបើយោងទៅលើរបាយការណ៍នេះ។
 
របាយការណ៍នេះក៏បានលើកឡើងផងដែរពីការប្រឈមផ្សេងៗ ជាពិសេសភាពគ្មានការងារធ្វើ ក្នុងចំណោមមនុស្សវ័យក្មេង ដែលមិនបានទៅសាលារៀន ដែលមានចំនួនជាង៣ដង នៃចំនួនមនុស្សពេញវ័យក្នុងអត្រា១៣,៧ភាគរយ។
 
ការកើនឡើងនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិតAI និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មផ្សេងៗទៀត នឹងធ្វើឱ្យមនុស្សមួយចំនួនបាត់បង់ការងារ ដោយស្ត្រីជាច្រើនដែលធ្វើការងារជាលេខាធិការនិងព័ត៌មានវិទ្យាទំនងជាអាចប៉ះពាល់ខ្លាំង នៅពេលដែលក្រុមហ៊ុនជាច្រើន ពឹងផ្អែកលើមជ្ឈមណ្ឌលក្រៅប្រទេស ដែលផ្តល់គុណភាពការងារល្អប្រសើរក្នុងប្រទេសមួយចំនួន ដូចជាហ្វីលីពីន និងប្រទេសឥណ្ឌាជាដើម។ នេះបើតាមការលើកឡើងនៃរបាយការណ៍នេះ។
 
កត្តាផ្សេងៗដទៃទៀត មានដូចជាជម្លោះពាណិជ្ជកម្មនិងភាពចលាចលខាងនយោបាយជាដើម បានគំរាមបង្អាក់ដល់ការងារនៅក្នុងឧស្សាហកម្មមួយចំនួន ប៉ុន្តែបញ្ហាអាយុកាន់តែចាស់របស់ក្រុមអ្នកធ្វើការ បានបង្ហាញពីការប្រឈមកាន់តែធំមួយ ខណៈពលរដ្ឋក្នុងប្រទេសជាច្រើនកាន់តែមានវ័យចាស់ ហើយមិនមានទ្រព្យធនគ្រប់គ្រាន់។
 
អត្រាពលរដ្ឋក្នុងទ្វីបអាស៊ីដែលមានអាយុច្រើនជាង៦៥ឆ្នាំ បើប្រៀបធៀបទៅនឹងអ្នកដែលមានអាយុចន្លោះពី១៥ទៅ៦៤ឆ្នាំ ត្រូវបានព្យាករណ៍ថានឹងកើនឡើងចំនួនទ្វេដង ដល់រហូតជិត១ភាគ៣នៅត្រឹមឆ្នាំ២០៥០ ដែលកើនឡើងពីចំនួន១៥ភាគរយក្នុងឆ្នាំ២០២៣។ នេះបើយោងទៅលើរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិមួយនេះ។
 
ក្នុងប្រទេសមួយចំនួនដូចជាប្រទេសជប៉ុនជាដើម ក្រុមហ៊ុនមួយចំនួនដែលខ្វះបុគ្គលិកធ្វើការ បានងាកទៅប្រើប្រាស់មនុស្សយន្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់គេ និងប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ ដើម្បីបញ្ជាទិញអាហារនៅតាមភោជនីយដ្ឋាន ដោយកាត់ចំណាយម៉ោងរង់ចាំក៏ដូចជាការដំឡើងម៉ាស៊ីនទទួលបញ្ជាទិញពីអ្នកទិញផ្ទាល់។
 
របាយការណ៍នោះក៏បានឱ្យដឹងទៀតថា ហេតុផលសំខាន់មួយដែលធ្វើឱ្យប្រទេសមួយចំនួនប្រឈមនឹងការខ្វះខាតបុគ្គលិកធ្វើការងារ បើទោះបីជាចំនួនអ្នកគ្មានការងារធ្វើមានច្រើនក្តី គឺការដែលមិនស្របស៊ីគ្នារវាងទំហំការងារ ជំនាញ និងការសិក្សាអប់រំ។
 
របាយការណ៍នេះបន្តទៀតថា «តំបន់នេះនៅខ្វះខាតការអភិវឌ្ឍជំនាញ ការធ្វើឱ្យប្រសើរឡើនូវផលិតកម្មនិងការទទួលបាននូវប្រសិទ្ធភាពដ៏ធំមួយ ដែលអាចជួយកាត់បន្ថយដល់សម្ពាធប្រជាសាស្ត្រលើទីផ្សារការងារ»។
 
របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា អ្នកធ្វើការជាង១ភាគ៣នៅក្នុងតំបន់មានកម្រិតសិក្សាទាប សម្រាប់ការងាររបស់គេ បើធៀបនឹងក្រុមអ្នកធ្វើការងារចំនួន១៨ភាគរយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
 
ការរកឃើញផ្សេងៗទៀត៖
 
អ្នកធ្វើការក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកធ្វើការងារច្រើនម៉ោងជាងអ្នកធ្វើការងារក្នុងតំបន់ផ្សេងៗ ដែលមានរយៈពេល៤៤ម៉ោងក្នុងមួយសប្តាហ៍ជាមធ្យម តែបានធ្លាក់ចុះពីចំនួនជាង៤៧ម៉ោងក្នុងមួយសប្តាហ៍កាលពីឆ្នាំ២០០៥។
 
កាលពីឆ្នាំ២០២៣ មានអ្នកធ្វើការងារជិត៧៣លាននាក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានរស់នៅក្នុងកម្រិតក្រីក្របំផុត ដោយមានប្រាក់ចំណូលតិចជាង២ដុល្លារ១៥សេនក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។
 
បើទោះបីជាមានការបង្កើនអាយុចូលនិវត្តន៍ក្តី ក៏កម្លាំងពលកម្មសរុបនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះពីចំនួន៦៧ភាគរយក្នុងឆ្នាំ១៩៩១ មកនៅត្រឹមប្រមាណ៦១ភាគរយក្នុងឆ្នាំ២០២៣។ វាត្រូវបានព្យាករណ៍ថានឹងធ្លាក់ដល់ចំនួន៥៥ភាគរយនៅត្រឹមឆ្នាំ២០៥០។
 
តម្រូវការក្រុមអ្នកធ្វើការផ្នែកផ្តល់សេវាថែទាំរយៈពេលវែងដល់មនុស្សចាស់ក្នុងតំបន់ ត្រូវបានព្យារករណ៍ថា នឹងកើនឡើងជាង២ដង ដល់ចំនួន៩០លាននាក់ត្រឹមឆ្នាំ២០៥០ ពីចំនួន៤៦លាននាក់កាលពីឆ្នាំ២០២៣។ ការណ៍នេះនឹងបង្កើនចំនួនសមាមាត្រអ្នកធ្វើការងារលើវិស័យនេះដល់ចំនួនសរុប៤,៣ភាគរយ ពីចំនួន២,៣ភាគរយនៅពេលនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com