កីឡាជាតិ
ជាតិ
«ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ធ្វើឡើងដើម្បីរៃអង្គាសមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ
02, Jun 2024 , 8:59 am        
រូបភាព
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ រូបពីមន្ទីពេទ្យកុមារអង្គរ
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ រូបពីមន្ទីពេទ្យកុមារអង្គរ
មន្ទីរពេទ្យកុមារអង្គរ នឹងរៀបចំការព្រឹត្តិការណ៍«ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដោយទីតាំងចាប់ផ្ដើមនៅសួនហាត់ប្រាណមាត់ស្ទឹងសៀមរាបនៅម៉ោង ៦:០០ព្រឹក និងបញ្ចប់នៅបរិវេណសួនបៃតង។ លោកស្រី ហ៊ាន សោភា មន្ត្រីផ្នែករៃអង្គាសមូលនិធីពីក្រុមហ៊ុន និងរៀបចំព្រឹត្តិការណ៍ បានបញ្ជាក់ថាគោលដៅនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីរៃអង្គាសមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ និងលើកកម្ពស់សុខមាលភាពកុមារ តាមរយៈកីឡាជិះកង់។

 
នេះ គឺជាលើកទី១០ ដែលមន្ទីរពេទ្យកុមារអង្គរ ធ្វើព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើជារៀងរាល់ឆ្នាំ។ ដោយឡែក កាលពីឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍លើកទី៩ មានអ្នកចូលរួមចំនួន៨៥០នាក់ ក្នុងនោះ១០ភាគរយ ជាជនបរទេសដែលភាគច្រើនមករស់នៅកម្ពុជា។ 
 
លោកស្រី ហ៊ាន សោភា រំពឹងថាអ្នកចូលរួមអាចឈានដល់១០០០នាក់ ក្នុងឆ្នាំ២០២៤នេះ ហើយចំពោះថវិកាសប្បុរសធម៌ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ លោកស្រីក៏រំពឹងថា នឹងអាចកើនដល់៦០០០០ដុល្លារ។


 
មន្ដ្រីជាន់ខ្ពស់ផ្នែករៃអង្គាសរូបនេះ បានបន្ដប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីប្រមូលមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ ដែលជាកន្លែងដើរតួសំខាន់ ក្នុងការជួយព្យាបាលកុមារជាច្រើន នៅខេត្តសៀមរាប។ មន្ដ្រីដរូបនេះ លើកឡើងថា៖ «ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីរៃអង្គាសមូលនិធិដើម្បីទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរ និងដើម្បីលើកកំពស់សុខភាពតាមរយៈកីឡាជិះកង់ផង។»។ 
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នឹងចាប់ផ្ដើមនាពេលព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ទីតាំងចាប់ផ្ដើមនៅសួនហាត់ប្រាណមាត់ស្ទឹងសៀមរាបនៅម៉ោង ៦:០០ព្រឹក និងបញ្ចប់នៅបរិវេណសួនបៃតង៕
 

Tag:
 ជិះកង់
  ទិវារកុមារអន្ដរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com