កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ឈ្នះ UEFA Champions League លើកទី១៥
02, Jun 2024 , 3:54 am        
រូបភាព
Real Madrid ក្លាយជាក្រុមជើងឯកពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League រដូវកាល ២០២៣-២៤ និងជាការបន្តកំណត់ត្រាជាក្រុមតែមួយក្នុងប្រវត្តិសាស្ត្រ ដែលលើកពាន ១៥លើក លើសក្រុមណាទាំងអស់។ ប្រធានក្រុម Dani Carvajal និង Vinicius Jr ស៊ុតម្នាក់មួយគ្រាប់នាំជ័យជម្នះដល់ Real Madrid បំបាក់ Dortmund លទ្ធផល ២-០ ឈានចូលថ្ងៃទី២ ខែមិថុនា។



ក្លិបយក្សអេស្ប៉ាញ Real Madrid ជាក្រុមលើកពានរង្វាន់ UEFA Champions League ច្រើនជាងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្ររបស់ UEFA ចំនួន ១៥លើក។ មិនតែប៉ុណ្ណោះ រយៈពេល ១០ឆ្នាំ ចុងក្រោយមកនេះ Real ឈ្នះពានរង្វាន់លំដាប់ក្លិបកំពូលអឺរ៉ុបចំនួន ៦ដង។ 
 
កាលពីឆ្នាំ ២០២៣ ស្ថិតក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស Dortmund បានខកចិត្តម្តងរួចមកហើយ ដោយបានត្រឹមរងជើងឯក ក្រោយចាញ់ក្រោមថ្វីជើងក្រុម Bayern Munich មកពីអាល្លឺម៉ង់ដូចគ្នា។ យ៉ាងណាវគ្គផ្តាច់ព្រ័ត្រលើកនេះ Dortmund បន្តជួបរឿងខកចិត្តជាថ្មី ស្ថិតក្នុងកីឡដ្ឋាន Wembley ដដែល។
 
ពិតជាជំនួបដ៏ជក់ចិត្ត និងនឹកស្មានមិនដល់ ការប្រកួតវគ្គទីមួយ Dortmund ជាក្រុមដែលវាយសម្រុកខ្លាំងលើ Real Madrid ដោយភាពភ្ញាក់ផ្អើលនៃទម្រង់លេងដ៏លឿនរហ័ស ការបញ្ជូនបាល់ឆ្លងកាត់រនាំងការពារក្រុមអធិរាជសរ រួមទាំងការវាយបកដ៏មុតស្រួចថែមទៀត។ Dortmund រឹងមាំទាំងតំបន់ការពារ និងលឿនរហ័សតំបន់ប្រយុទ្ធ មានឱកាសនាំគ្រាប់បាល់ សំដៅស៊ុតទម្លោះសំណាញ់ទីក្រុមម្ចាស់ពាន ១៤សម័យច្រើនលើក ប៉ុន្តែមិនមានសំណាងស៊ុតបញ្ចូលទីឡើយ។
 
ខ្សែការពារ Mats Hummels ធ្វើជារនាំងដ៏រឹងមាំឱ្យក្រុម Dortmund ខណៈខ្សែប្រយុទ្ធវ័យក្មេង ល្បឿនលឿន Karim Adeyemi បង្ហាញភាពលេចធ្លោនៅតំបន់ប្រយុទ្ធ ជាមួយកីឡាករ Julian Brandt និង Nicolas Fullkrug។ យ៉ាងណាមានឱកាសស៊ុត ៥លើក ក្នុងវគ្គទីមួយ ចំគោលដៅ ២លើក ក៏ប៉ុន្តែ Dortmund មិនមានសំណាងបង្កើតគ្រាប់បាល់នាំមុខលើក្រុមខ្លាំងមកពីអេស្ប៉ាញ។
 
Real Madrid វគ្គទីមួយនេះហាក់បីជាមិនបានបង្ហាញទម្រង់លេងដ៏ភ្ញាក់ផ្អើល ដ្បិតខ្លួនព្យាយាមរក្សាស្ថានកាលការប្រកួត និងស្វែងរកឱកាសវាយសម្រុកសំដៅទី របស់ក្រុមមកពីលីគអាល្លឺង់វិញ។ ក្រោយសង្គ្រោះស្ថានកាលបានល្អប្រសើរ បន្ទាប់ពីពេលវាយសម្រុកយ៉ាងសន្ធឹកសន្ធាប់ពី Dortmund ក្រុម Real Madrid បន្តរក្សាទម្រង់លេងសន្សឹមៗ ដើម្បីគ្រប់គ្រងការប្រកួតលើទីលានឡើងវិញ ទោះខ្លួនមានឱកាសស៊ុត ២លើកមិនចំគោលដៅ តាំងពីដើមវគ្គក៏ដោយក្តី។ បញ្ចប់ការប្រកួតត្រឹម ៤៥នាទីវគ្គទីមួយ ទាំងសងខាងរក្សាលទ្ធផលស្មើ ០-០ ដដែល។
 
មិនខុសពីវគ្គទីមួយ ចាប់ផ្តើមនាទីដើមវគ្គ Dortmund បន្តវាយសម្រុកខ្លាំងដដែល ប៉ុន្តែការសម្រុកខ្លាំង ក៏អាចជាការធ្វេរប្រហែស ដោយ Real Madrid ក៏រកបានឱកាសវាយបក ខណៈកីឡាករតំបន់ប្រយុទ្ធ ដូចជា Vinicius Jr សុទ្ធសឹងតែមានល្បឿន និងមានបច្ចេកទេសបង្កគ្រោះថ្នាក់គ្រប់ពេល។ 
 
ទោះជា Dortmund ព្យាយាមសម្រុកខ្លាំង យ៉ាងណា ក៏ក្រុម Real Madrid អាចទប់ទល់បានយ៉ាងល្អ និងប្រសើរជាងកាលពីវគ្គទីមួយ។ អធិរាជសរ ម្ចាស់ពាន La Liga នៅពាក់កណ្តាលវគ្គទី២ ពួកគេធ្វើបានល្អពីទម្រង់លេងសន្សឹមៗ គ្រប់គ្រងឱកាសលើទីលាន រហូតដល់នាទី៧២ ប្រធានក្រុមកីឡាករ Dani Carvajal តែតបាល់បញ្ចូលទីនាំមុខ ១គ្រាប់មុន ពីការបញ្ជូនបាល់ជ្រុងពី Tony Kroos។ 
 
ផ្លាស់ប្តូរកីឡាករមួយចំនួន ធ្វើឱ្យ Dortmund បាត់បង់ទម្រង់លេងល្អ ហើយបង្កការភ្លាត់ស្នៀតជាច្រើននៅតំបន់ការពារ។ កំហុសតំបន់ការពារបង្កឡើងពី Mats Hummels ធ្វើឱ្យ Vinicius Jr ឆ្មក់ឱកាសដណ្តើមបានបាល់បណ្តើរស៊ុតបំប៉ោងសំណាញ់ទីគ្រាប់ទី២ នាទី៨៣។ Real Madrid ធ្វើបានល្អវគ្គទីពីរ រក្សាលទ្ធផល ២-០ ហូតដល់ចប់ការប្រកួត៕
 

Tag:
 UEFA Champions League
  Real Madrid
  Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com