អន្តរជាតិ
ប្រមុខការពារជាតិចិន ប្រកាសជាថ្មីដាក់ចេញវិធានការគ្រប់យ៉ាងដើម្បីទប់ស្កាត់ឯករាជ្យតៃវ៉ាន់
02, Jun 2024 , 11:21 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិចិន លោក ដុង ជុន។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិចិន លោក ដុង ជុន។ រូបភាព AFP
រដ្ឋមន្រ្តីការពារជាតិចិន លោក ដុង ជុន បានបញ្ជាក់ការប្តេជ្ញាយ៉ាងមោះមុតក្នុងការទប់ស្កាត់ឯករាជ្យភាពរបស់កោះតៃវ៉ាន់។ បើតាមប្រមុខការពារជាតិចិន ទស្សនៈនៃការបង្រួបបង្រួមដែនដីចិនប្រកបដោយសន្តិភាព កំពុងត្រូវបានបំផ្លាញដោយកម្លាំងខាងក្រៅ និងចលនាចង់ផ្តាច់ខ្លួនរបស់តៃវ៉ាន់។

 
បញ្ហាសន្តិសុខ ជាបញ្ហាដ៏សំខាន់នៅក្នុងវេទិកា Shangri-La Dialogue ដែលបន្តរៀបចំនៅសិង្ហបុរី ក្នុងថ្ងៃទី២ ខែមិថុនា។ នៅចំពោះមុខអ្នកចូលរួម និងមន្រ្តីជាន់ខ្ពស់ពីបណ្តាប្រទេសផ្សេង លោក ដុង ជុន រដ្ឋមន្រ្តីការបរទេសចិន បានប្តេជ្ញាទប់ស្កាត់ឯករាជ្យភាពតៃវ៉ាន់ និងមិនឱ្យកម្លាំងផ្តាច់ខ្លួនទទួលជោគជ័យបានឡើយ។ 
 
«យើងនឹងចាត់វិធានការគ្រប់យ៉ាង ដើម្បីទប់ស្កាត់ឯករាជ្យតៃវ៉ាន់ ហើយធានាថារឿងរ៉ាវបែបនេះ មិនកើតឡើងជាដាច់ខាត»។ ប្រមុខការពារជាតិចិន បានសង្កត់ធ្ងន់បែបនេះ នៅសិង្ហបុរី ក្នុងថ្ងៃទី២ ខែមិថុនា ដោយមិនបានច្រានចោលចំណាត់ការយោធា។ បើតាមលោកដុង ជុង រដ្ឋាភិបាលក្រុងប៉េកាំង នៅតែប្តេជ្ញាចំពោះការបង្រួមបង្រួនដែនដីទាំងពីរប្រកបដោយសន្តិភាព។ 
 
ខណៈមេដឹកនាំតៃវ៉ាន់ បានបញ្ជាក់ពីឯករាជ្យភាពរបស់ខ្លួនពីចិនម្តងហើយម្តងទៀត រដ្ឋមន្រ្តីការពារជាតិចិន បានអះអាងថា ទស្សនៈនៃការបង្រួបបង្រួមដែនដីទាំងពីរប្រកបដោយឯករាជ្យភាព កំពុងត្រូវបានបំផ្លាញដោយកម្លាំងគាំទ្រការផ្តាច់ខ្លួន និងកម្លាំងខាងក្រៅ។ 
 
ត្រង់ចំណុចនេះ មន្រ្តីចិន ទំនងសំដៅដល់អាម៉េរិក និងប្រធានាធិបតីតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន លោក William Lai ដែលក្រុងប៉េកាំង ចាត់ទុកជាកម្លាំងគាំទ្រឯករាជ្យ។ 
 
កន្លងមក ចិនតែងតែខឹងសម្បារលើអាម៉េរិក ដែលតែងលក់អាវុធឱ្យកោះតៃវ៉ាន់។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាវុធអាម៉េរិកមួយចំនួនថែមទៀត៕ 
 

Tag:
 ចិន
  អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com