កីឡាជាតិ
ជាតិ
កម្ពុជាបញ្ជូនអត្ដពលិក ២២នាក់ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ាន លើក ទី១៣
02, Jun 2024 , 2:29 pm        
រូបភាព
ប្រតិភូកីឡាសិស្សនិស្សិតកម្ពុជា ៤០រូប ចូលរួមប្រកួតព្រឹត្តិការកីឡាសិស្សអាស៊ាន រូបពី លោក ប៉ុន សុខ
ប្រតិភូកីឡាសិស្សនិស្សិតកម្ពុជា ៤០រូប ចូលរួមប្រកួតព្រឹត្តិការកីឡាសិស្សអាស៊ាន រូបពី លោក ប៉ុន សុខ
សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានបញ្ជូនអត្ដពលិក ជាសិស្សនិស្សិត២២នាក់ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ានលើកទី១៣ ដែលរៀបចំឡើង នៅទីក្រុង Danang  ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។ អត្ដពលិកកម្ពុជា នឹងប្រកួតលើ៤ប្រភេទកីឡា មានកីឡាអត្ដពលកម្ម, ហែលទឹក, វាយសី និងវ៉ូវីណាម។

 
ក្រៅពីអត្ដពលិក២២នាក់ ក៏មានប្រតិភូកីឡា១៨នាក់ទៀតដែរ ចូលរួមប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣នេះ ក្នុងនោះមានប្រតិភូថ្នាក់ដឹកនាំ១០នាក់ និងគ្រូបង្វឹក៨នាក់ ។  
កម្ពុជា មានអត្ដពលិកហែលទឹក៤រូប ប្រកួតលើវិញ្ញាសាហែលសេរី៥០ម៉ែត្រ, ហែលសេរី ១០០ម៉ែត្រ, ហែលមេអំបៅ ៥០ម៉ែត្រ, ហែលផ្ងា ៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០ម៉ែត្រ។
ចំណែកប្រភេទកីឡាអត្ដពលកម្ម កីឡាករ-កីឡាការិនីកម្ពុជា៤នាក់ ប្រកួតលើវិញ្ញាសា រត់១៥០០ម៉ែត្រ និង៣០០០ម៉ែត្រ និងលោតចម្ងាយនារី។
រីឯកីឡាវាយសី អត្ដពលិកកម្ពុជា៥នាក់ ប្រកួតលើវិញ្ញាសាវាយឯកត្តជនបុរស-នារី, វាយគូ -នារី និងវាយគូចម្រុះ។
 
សម្រាប់កីឡាវ៉ូវីណាម កីឡាករ-កីឡាការិនី ៩នាក់ ប្រកួតលើវិញ្ញាសាប្រយុទ្ធ បុរសទម្ងន់ ៥៥គីឡូក្រាម, ប្រយុទ្ធនារី ៥៥គីឡូក្រាម, ប្រយុទ្ធទម្ងន់៥០គីឡូក្រាមនារី និង៦០គីឡូក្រាម បុរស។
ម្ចាស់ផ្ទះ វៀតណាម បានដាក់៦ប្រភេទកីឡា និងសរុប១០៧ វិញ្ញាសាប្រកួត។ ៦ប្រភេទកីឡានោះ មានហែលទឹក អត្ដពលកម្ម វាយសី បាល់បោះ បញ្ចសិលា និងវ៉ូវីណាម។ ព្រឹត្តិការណ៍នេះ មានអត្ដពលិក ប្រមាណ១៣០០នាក់ មកពីបណ្ដាលប្រទេស ១០ជាសមាជិកអាស៊ាន៕
 

Tag:
 កែ ប៊ុនខៀង
  13th Asean School Games
© រក្សាសិទ្ធិដោយ thmeythmey.com