អន្តរជាតិ
កូរ៉េខាងជើង បន្តបង្ហោះបាឡុងមានផ្ទុកសំរាម ទោះរងការថ្កោលទោសពីកូរ៉េខាងត្បូង
02, Jun 2024 , 3:29 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
កូរ៉េខាងជើង បន្តបង្ហោះបាឡុងប្រមាណ ៦០០ ចូលដីកូរ៉េខាងត្បូង ទោះរដ្ឋាភិបាលក្រុងសេអ៊ូល ថ្កោលទោស និងទទូចឱ្យបញ្ឈប់ទង្វើបែបបង្ករឿងនេះក៏ដោយ។ នេះបើតាមការបញ្ជាក់របស់កូរ៉េខាងត្បូងនៅថ្ងៃទី២ ខែមិថុនា។



កូរ៉េខាងជើង បានបង្ហោះបាឡុងប្រមាណ ៦០០ ដែលផ្ទុកដោយសំរាម ដូចជាកន្ទុយបារី ក្រដាស និងសំលៀកបំពាក់ ចូលមកក្នុងដីកូរ៉េខាងត្បូង ចាប់ពីម៉ោង៨យប់ ដល់ម៉ោង ១០ព្រឹក។ នេះបើតាមការបញ្ជាក់របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង នៅថ្ងៃទី២ ខែមិថុនា។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមប្រឹក្សាសន្តិសុខជាតិ កូរ៉េខាងត្បូង រៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃទី២ ខែមិថុនានេះ ខណៈអាជ្ញាធរតំបន់ បានដាក់ខេត្ត North Gyeongsang និងខេត្ត Gangwon ឱ្យស្ថិតនៅក្នុងកម្រិតអាសន្ន។ ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏អំពាវនាវកុំឱ្យប្រជាជនទៅពាក់ព័ន្ធជាមួយបាឡុងផ្ទុកសំរាម ព្រមទាំងរាយការណ៍ទៅប៉ូលិស ប្រសិនបើរកឃើញ។  នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
នៅក្នុងវេទិកា Shangri-La Dialogue នៅថ្ងៃទី១ ខែមិថុនា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានថ្កោលទោសសកម្មភាពកូរ៉េខាងជើង ដែលបានបង្ហោះប៉ឺតប៉ោងផ្ទុកសំរាម និងលាមកសត្វចូលដីរបស់ខ្លួននៅពេលកន្លងមក និងជំរុញឱ្យឈប់សកម្មភាពបែបនេះជាបន្ទាន់៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com