កីឡាជាតិ
ជាតិ
លោក ទីវ តារារិទ្ធិ នឹងជិះកង់ពីកម្ពុជាទៅទ្វីបអឺរ៉ុប ដើម្បីអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ
02, Jun 2024 , 3:59 pm        
រូបភាព
លោក ទីវ តារារិទ្ធិ
លោក ទីវ តារារិទ្ធិ
លោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌ នឹងចាប់ផ្ដើមជិះកង់ពីមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប ដោយចេញដំណើរនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ គោលបំណងនៃការជិះកង់ឆ្លងទ្វីបនេះ គឺដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។


 
មុនព្រឹត្តិការណ៍នេះចាប់ផ្តើម លោក ទីវ តារារិទ្ធិ ក៏នឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយពី ការជិះកង់ទៅកាន់ទ្វីបអឺរ៉ុប ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យទាំង២ខាងលើ នៅរសៀលថ្ងៃទី៣ ខែមិថុនា ស្អែកនេះ នៅទីស្តីការក្រសួងព័ត៌មានផងដែរ។
 
លោក ទីវ តារារិទ្ធិ ធ្លាប់ជោគជ័យម្ដងរួចហើយ កាលពីពាក់កណ្ដាលឆ្នាំ២០២៣ ដោយបានជិះកង់ជុំវិញតំបន់អាស៊ាន។ អ្នកជិះកង់រៃអង្គាសសប្បុរសធម៌រូបនេះ បានជិះឆ្លងកាត់ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ។ ឆ្លងកាត់៦ប្រទេសនេះ លោក តារារិទ្ធិ រៃអង្គាសបានប្រាក់ ៥៦ ២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។
 
បេសកកម្មថ្មីរបស់អ្នកជិះកង់ផ្សងព្រេងដើម្បីសប្បុរសធម៌រូបនេះ នឹងធ្វើដំណើរទៅទ្វីបអឺរ៉ុប ក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងពេទ្យកុមារអង្គរ ដោយចាប់ចេញដំណើរ ពីមន្ទីរពេទ្យកុមារអង្គរ នៅព្រឹកថ្ងៃទី៦ ខែមិថុនា៕


លោក ទីវ តារារិទ្ធិ ថតរូបក្រោយបញ្ជប់បេសកកម្ម ជិះកង់ជុំវិញតំបន់អាស៊ាន

 

Tag:
 សប្បុរសធម៌
  ជិះកង់
  ទីវ តារារិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com