អន្តរជាតិ
អង្គការសុខភាពពិភពលោក៖ ការប្រែប្រួលអាកាសធាតុអាចបង្កើនការរាលដាលជំងឺ
03, Jun 2024 , 8:39 am        
រូបភាព
រូបឯកសារ៖ បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់សត្វមុខនៅភូមិ Las Penitas នៅតំបន់ Talara ប្រទេសប៉េរូ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលបាញ់ថ្នាំសម្លាប់សត្វមុខនៅភូមិ Las Penitas នៅតំបន់ Talara ប្រទេសប៉េរូ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
ដោយ: VOA
អង្គការសុខភាពពិភពលោក ( WHO ) និយាយថា «វិធានការបន្ទាន់» គឺចាំបាច់ដើម្បីស្រាវជ្រាវពីរបៀបដែលការប្រែប្រួលអាកាសធាតុបង្កឱ្យមានជំងឺគ្រុនចាញ់ និងជំងឺតំបន់ត្រូពិកដែលកន្លងមកមិនមានការយកចិត្តទុកដាក់ឬហៅកាត់ថា NTDs (Neglected Tropical Diseases)។


 
WHO បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីចុងខែឧសភាថា ការកើនឡើងសីតុណ្ហភាពកំពុងបង្កើនការរីករាលដាលនៃជំងឺ ដែលបណ្តាលមកពីសត្វល្អិតខាំដែលមានមេរោគ។
 
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ការប្រែប្រួលអាកាសធាតុពង្រីកវិសាលភាពខាងភូមិសាស្ត្រសម្រាប់សត្វល្អិត ដូចជាមូស បង្កើនលទ្ធភាពជំងឺនានាដូចជាជំងឺគ្រុនចាញ់នឹងរីករាលដាលដល់តំបន់ថ្មីដែលមិនទាន់បានរៀបចំការពារ។
 
អង្គការសុខភាពពិភពលោកបាននិយាយថា ការពិនិត្យឡើងវិញរបស់ក្រុមការងាររបស់ខ្លួនស្តីពីការប្រែប្រួលអាកាសធាតុនិង ជំងឺNTDs និងជំងឺគ្រុនចាញ់ គូសបញ្ជាក់ថា មិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីព្យាករអំពីការប្រែប្រួលអាកាសធាតុបង្កើនជំងឺគ្រុនចាញ់ និង ជំងឺNTDs។
 
ការពិនិត្យឡើងវិញបានវិភាគអត្ថបទជាង ៤ម៉ឺន២ពាន់។ អ្នកស្រាវជ្រាវបានរកឃើញថា ជំងឺមួយចំនួនដូចជាជំងឺគ្រុនចាញ់ត្រូវបានសិក្សាយ៉ាងលម្អិត ប៉ុន្តែជំងឺផ្សេងទៀតមិនត្រូវបានពិនិត្យឱ្យបានគ្រប់គ្រាន់ទេ។
 
លោកវេជ្ជបណ្ឌិត Ibrahima Socé Fall នាយកកម្មវិធីNTD សកលរបស់អង្គការសុខភាពពិភពលោកបាននិយាយថា «ការត្រួតពិនិត្យដ៏សំខាន់ និងទាន់ពេលវេលានេះ បង្ហាញពីនិន្នាការគួរឱ្យព្រួយបារម្ភ ហើយតម្រូវឱ្យចាត់វិធានការបន្ទាន់។ ប្រសិនបើយើងចង់ការពារ និងត្រៀមខ្លួនយកជ័យជម្នះដ៏លំបាកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ យើងធ្វើពីឥឡូវនេះទៅ»។
ការសិក្សាបាននិយាយថា ការស្រាវជ្រាវពីមុនបានផ្តោតលើប្រទេសដែលមានអត្រាជំងឺទាប និងលទ្ធភាពទទួលបានការថែទាំសុខភាពមានកម្រិតខ្ពស់ ដោយមិនបានគិតពីតំបន់ដែលមានបន្ទុកជំងឺច្រើន និងធនធានតិចតួចនោះទេ។
 
អ្នកស្រីវេជ្ជបណ្ឌិត Maria Neira ប្រធាននាយកដ្ឋានសុខភាពសាធារណៈ បរិស្ថាន និងកត្តាសុខភាពនៃ WHO បាននិយាយថា កង្វះការស្រាវជ្រាវនឹងមិនបញ្ឈប់ WHO ក្នុងការឆ្លើយតបទៅនឹងជំងឺបណ្តាលមកពីអាកាសធាតុនៅក្នុងសហគមន៍ដែលមានហានិភ័យខ្ពស់នោះទេ។
 
អ្នកស្រី Neira បានប្រាប់ VOA ថា៖ «អាទិភាពនឹងផ្តល់សម្រាប់ប្រទេសងាយរងគ្រោះបំផុត។ ឥឡូវនេះប្រទេសនានាត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីចាប់ផ្តើមអនុវត្តវិធានទប់ទល់នឹងអាកាសធាតុ»។
 
អ្នកស្រីបានបន្ថែមថា WHO កំពុងគាំទ្រប្រទេសដែលមានហានិភ័យខ្ពស់ ដើម្បីជួយដល់ប្រព័ន្ធសុខាភិបាលរបស់ពួកគេ រៀបចំខ្លួនដើម្បីទប់ទល់នឹងជំងឺបណ្តាលមកពីអាកាសធាតុ។
«ស្ត្រី កុមារ មនុស្សចាស់ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច ជនចំណាកស្រុក និងអ្នកក្រីក្រខ្លាំងបានចូលរួមចំណែកយ៉ាងតិចបំផុត ប៉ុន្តែទំនងជាជួបប្រទះផលប៉ះពាល់ភាគច្រើនបំផុតនៃវិបត្តិអាកាសធាតុ ជាពិសេសរួមទាំងការកើនឡើងនៃបន្ទុកជំងឺគ្រុនចាញ់ ឬជំងឺNTDs»។ នេះបើយោងតាមការពិនិត្យឡើងវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com