អន្តរជាតិ
បង្ហាញវត្តមាននៅសិង្ហបុរី មេដឹកនាំអ៊ុយក្រែនអំពាវនាវអាស៊ីគាំទ្រកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន
02, Jun 2024 , 8:19 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ពីទីក្រុងសិង្ហបុរីនៅថ្ងៃទី២ ខែមិថុនា បានអំពាវនាវមេដឹកនាំអាស៊ី គាំទ្រកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលគ្រោងរៀបចំនៅពាក់កណ្តាលខែនេះ។ ការអំពាវនាវរបស់អ៊ុយក្រែន ធ្វើឡើងស្របពេលរុស្ស៊ីនៅតែបន្តវាយប្រហារ ដោយមិនដកថយ។

 
ជាច្រើនខែមកហើយ សង្រ្គាមអ៊ុយក្រែន មិនទាន់អាចរកពន្លឺសន្តិភាពបានទេ ដោយរុស្ស៊ី បន្តវាយប្រហារលើអ៊ុយក្រែន ដោយមិនដកដៃ។ ខណៈសង្រ្គាមបន្តអូសបន្លាយ អ៊ុយក្រែន បានរងការខូតខាតយ៉ាងខ្លាំង ក្នុងនោះរួមមានទាំងហេដ្ឋារចនាសម្ព័ន្ធរដ្ឋ និងទ្រព្យសម្បត្តិឯកជន។
 
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសម្រេចចូលរួមដោយផ្ទាល់នៅវេទិកា Shangri-La Dialogue ដើម្បីស្វះស្វែងរកការគាំទ្រពីមេដឹកនាំអាស៊ីលើកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលគ្រោងរៀបចំនៅថ្ងៃទី១៥ និង១៦ ខែមិថុនា នៅប្រទេសស៊្វីស។ 
 
«ខ្ញុំពិតជាចង់ឱ្យមេដឹកនាំសិង្ហបុរីគាំទ្រអ៊ុយក្រែន ជាមួយការចូលរួមដោយផ្ទាល់នៅកិច្ចប្រជុំកំពូលសន្តិភាព»។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកា Shangri-La ក្នុងថ្ងៃទី២ ខែមិថុនា ដែលជាថ្ងៃចុងបញ្ចប់។ ទន្ទឹមនេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវឱ្យមេដឹកនាំអាស៊ីផ្សេងទៀត ចូលរួមក្នុងកិច្ចប្រជុំសន្តិភាពអ៊ុយក្រែនដោយផ្ទាល់ផងដែរ។
 
មេដឹកនាំអ៊ុយក្រែន បានចោទរុស្ស៊ីថា បានព្យាយាមដាក់សម្ពាធលើ ប្រទេសដទៃកុំឱ្យទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែនដោយផ្ទាល់។ កន្លងមក បណ្តាប្រទេសអាស៊ីជាច្រើន បានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថា បំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕ 
 

Tag:
 សិង្ហបុរី
  អ៊ុយក្រែន
  អាស៊ី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com