អន្តរជាតិ
លោក ប្រាបូវ៉ូ ប្រកាសត្រៀមបញ្ជូនកម្លាំងការពារសន្តិភាពទៅតំបន់កាហ្សា
02, Jun 2024 , 5:39 pm        
រូបភាព
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី នៅសិង្ហបុរី ក្នុងថ្ងៃទី១ ខែមិថុនា។ រូបភាព AFP
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី នៅសិង្ហបុរី ក្នុងថ្ងៃទី១ ខែមិថុនា។ រូបភាព AFP
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី នៅថ្ងៃទី១ ខែមិថុនា បានប្រកាសថា ឥណ្ឌូណេស៊ី មានឆន្ទៈក្នុងការបញ្ជូនកងកម្លាំងការពារសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅជួយអនុវត្តបទឈប់បាញ់នៅតំបន់កាហ្សា។

 
ពេលនេះ បណ្តាប្រទេសជាច្រើនបានអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់កាហ្សា ដែលកំពុងមានវិបត្តិមនុស្សធម៌យ៉ាងខ្លាំង ទោះអុីស្រាអែល នៅតែប្រកាន់ជំហររបស់ខ្លួនយ៉ាងមុតមាំ ក្នុងការកម្ទេចក្រុមហាម៉ាសឱ្យអស់ក្តី។ 
 
ពីវេទិកាសន្តិសុខ Shangri-La Dialogue នៅសិង្ហបុរី នៅថ្ងៃទី១ ខែមិថុនា លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី បានប្រកាសត្រៀមខ្លួនបញ្ជូនកងកម្លាំងការពារសន្តិភាពរបស់ខ្លួនទៅឈរជើងនៅតំបន់កាហ្សា ក្នុងករណីមានការអនុវត្តបទឈប់បាញ់។ 
 
«នៅពេលដែលចាំបាច់ និងត្រូវការដោយអង្គការសហប្រជាជាតិ យើងត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកតាមរយៈកម្លាំងការពារសន្តិភាព និងឃ្លាំមើលការអនុវត្តបទឈប់បាញ់»។ លោកប្រាបូវ៉ូ ដែលជារដ្ឋមន្រ្តីការពារជាតិឥណ្ឌូណស៊ីដែរនោះ បានបញ្ជាក់បែបនេះ ដោយបន្តថា កម្លាំងការពារសន្តិភាពឥណ្ឌូណេស៊ី នឹងការពារសន្តិសុខគ្រប់ភាគីទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
បើតាមប្រធានាធិបតីជាប់ឆ្នោត លោកចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី បានប្រកាសជួយ ទទួល និងព្យាបាលអ្នកជំងឺពីតំបន់កាហ្សាចំនួន ១ពាន់នាក់។ 
 
មកទល់ពេលនេះ ជម្លោះនៅតំបន់កាហ្សា នៅតែបន្តកើតមាន ដោយអុីស្រាអែល មិនព្រមទទួលយកកិច្ចព្រមព្រៀងណាមួយឡើយ ហើយប្តេជ្ញាវាយក្រុមហាម៉ាសឱ្យអស់ ដើម្បីការពារសន្តិសុខរបស់ខ្លួន៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com