អន្តរជាតិ
OPEC+ បន្តកាត់បន្ថយច្រវាក់ផលិតកម្មប្រេងឆៅដល់ចុងឆ្នាំ ២០២៥
03, Jun 2024 , 10:33 am        
រូបភាព
រដ្ឋមន្ត្រីមកពីប្រទេស អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC+ លើកទី៣៧ នៅទីក្រុងរីយ៉ាដ។ រូបភាព ៖ Saudi Press Agency
រដ្ឋមន្ត្រីមកពីប្រទេស អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC+ លើកទី៣៧ នៅទីក្រុងរីយ៉ាដ។ រូបភាព ៖ Saudi Press Agency
អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បន្តកាត់បន្ថយការផលិតប្រេងឆៅចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃដល់ត្រីមាសទី៣ ឆ្នាំនេះ និង ៣,៦៦លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងឆ្នាំ ២០២៥។

 
បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី២ ខែមិថុនា អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានយល់ព្រមបន្តគោលនយោបាយកាត់បន្ថយផលិតកម្មប្រេងឆៅរហូតដល់ដំណាច់ឆ្នាំ ២០២៥។ បច្ចុប្បន្ន OPEC+ នៅតែចង់គាំទ្រតម្លៃប្រេង ក្នុងបរិបទនៃតម្រូវការពិភពលោកចុះខ្សោយ អត្រាការប្រាក់ខ្ពស់ និងការកើនឡើងផលិតកម្មប្រេងឆៅរបស់អាម៉េរិក។
 
តម្លៃប្រេងពិភពលោកបានធ្លាក់ចុះ ១០ភាគរយ បន្ទាប់ពីកើនដល់កម្រិតខ្ពស់រយពេល ៥ ខែមុន​។ ប្រេង Brent បច្ចុប្បន្នមានតម្លៃ ៨១ដុល្លារក្នុងមួយបារ៉ែល។ តួលេខនេះគឺទាបជាងអ្វីដែលសមាជិក OPEC+ ជាច្រើនត្រូវការដើម្បីធ្វើឱ្យមានតុល្យភាពការចំណាយរបស់ពួកគេ ។
 
ចាប់តាំងពីចុងឆ្នាំ២០២២ អង្គការ OPEC + បានអនុវត្តការកាត់បន្ថយផលិតកម្មយ៉ាងខ្លាំង។ បច្ចុប្បន្ននេះ ប្រទេសនានាបានកាត់បន្ថយការផលិតប្រេងសរុបចំនួន ៥,៨៦ លានបារ៉ែលក្នុងមួយថ្ងៃ ស្មើនឹង ៥,៧ភាគរយនៃតម្រូវការពិភពលោក។
 
ការកាត់បន្ថយនេះរួមមានចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលអនុវត្តចំពោះសមាជិកទាំងអស់ និង ១,៦៦លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងការកាត់បន្ថយការស្ម័គ្រចិត្តជាលើកដំបូងជាមួយប្រទេសចំនួន៩ ព្រមទាំង ២,២លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងការកាត់បន្ថយស្ម័គ្រចិត្តលើកទីពីរជាមួយនឹងសមាជិកចំនួន​ ៨។
 
ក្រោយកិច្ចប្រជុំនៅដើមខែនេះ ការកាត់បន្ថយចំនួន ២,២លានបារ៉ែលនឹងត្រូវបន្តរហូតដល់ត្រីមាសទី៣ ឆ្នាំនេះ។ ការកាត់បន្ថយចំនួន ៣,៦៦លានបារ៉ែលត្រូវបានអនុវត្តរហូតដល់ចុងឆ្នាំ ២០២៥ ។
 
ពាក់ព័ន្ធបញ្ហាខាងលើ ក្រុមប្រទេសនាំចេញប្រេង នឹងផលិតប្រេងបានត្រឹមតែ ៣៩,៧២៥លានបារ៉ែលក្នុងមួយថ្ងៃ​នៅឆ្នាំក្រោយ។ ការកាត់បន្ថយនេះ ធ្វើឡើងស្របពេលមានការព្រួយបារម្ភអំពីកំណើនតម្រូវការសេដ្ឋកិច្ចយឺតនៅចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក កំពុងដាក់សម្ពាធលើតម្លៃប្រេងពិភពលោក។ ការស្តុកប្រេងក្នុងប្រទេសអភិវឌ្ឍន៍ក៏កំពុងកើនឡើងផងដែរ។
 
នៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានទម្លាក់ការព្យាករសម្រាប់កំណើនតម្រូវការប្រេងនៅឆ្នាំនេះមកត្រឹម ១,១លានបារ៉ែលក្នុងមួយថ្ងៃ ដែលពីមុនមានកម្រិត ១,២៤លានបារ៉ែល។ មូលហេតុ​ចម្បង​ ដោយសារតែតម្រូវ​ការ​ខ្សោយ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍ ជាពិសេស​នៅ​អឺរ៉ុប។
 
យ៉ាងណាមិញ IEA រំពឹងថាការផ្គត់ផ្គង់ប្រេងនឹងកើនឡើង ៥៨០ពាន់បារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ ដោយសារប្រទេសនានាមានកំណើនសេដ្ឋកិច្ចប្រសើរឡើង។ កាល​ពី​២​ខែ​មុន ទីភ្នាក់ងារនេះយល់ថា ​ឆ្នាំ​នេះ​ពិភពលោក​នឹង​ខ្វះ​ប្រេង​ប្រសិន​បើ OPEC+ បន្ត​កាត់​បន្ថយ​ការ​ផលិត៕ 

Tag:
 ប្រេង
  OPEC+
© រក្សាសិទ្ធិដោយ thmeythmey.com