កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Real Madrid រាប់ម៉ឺននាក់ជួបជុំគ្នាក្នុងទីក្រុងម៉ាឌ្រីដ អបអរជ័យជម្នះ UCL
03, Jun 2024 , 12:09 pm        
រូបភាព
អ្នកគាំទ្រក្រុម Real Madrid ជិត ១០ម៉ឺននាក់ បានជួបជុំគ្នាកណ្តាលទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ អបអរក្រុមរបស់ពួកគេ ឈ្នះជើងឯក UEFA Champions League លើកទី១៥ ក្នុងប្រវត្តិសាស្ត្រ។ Real Madrid ឈ្នះ Borussia Dortmund លទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងកីឡដ្ឋាន Wembley កាលពីថ្ងៃទី១ ខែមិថុនា។



ក្រុមម្ចាស់ពាន UCL ១៥សម័យ បានជួបជុំគ្នាធ្វើពិធីអបអរពានរង្វាន់ដែលឈ្នះក្នុងរដូវកាល ២០២៣​-២៤ ដោយការធ្វើដំណើរនៅលើរថយន្តក្រុងបើកដំបូល ដើម្បីឱ្យអ្នកគាំទ្របានចូលកាន់តែជិតនឹងក្រុមកីឡាករដែលខ្លួនស្រលាញ់ចូលចិត្ត។ 
 
ជំនួបក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស កាលពីថ្ងៃទី១ ខែមិថុនា Real Madrid ពិតជាស័ក្តិសមជាម្ចាស់ជើងឯកក្លិបកំពូលតំបន់អឺរ៉ុប ដោយពួកគេបានបំបាក់លើក្រុមមកពីអាល្លឺម៉ង់ Dortmund លទ្ធផល ២-០។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ Dortmund ជាក្រុមដែលវាយសម្រុកខ្លាំងលើក្រុមរហស្សនាមអធិរាជស ប៉ុន្តែយ៉ាងណា ក្រុមមកពីអាល្លឺម៉ង់ នៅតែភ្លាត់ស្នៀត ពីបច្ចេកទេស និងសមត្ថភាពដ៏ខ្លាំងរបស់ Real Madrid។
  
ក្រឡែកមកទីក្រុងម៉ាឌ្រីដវិញ ក្រុមអ្នកគាំទ្រទាំងក្មេងចាស់ប្រុសស្រី នាំគ្នាចេញមកអ៊ូអរ ជួបជុំគ្នានៅបរិវេណទីលានក្បែរកីឡដ្ឋាន Santiago Bernabue ដើម្បីរង់ចាំអបអរពានរង្វាន់មួយក្រុមកីឡាករ Real Madrid។ 
 


អ្នកគាំទ្រប្រមាណ ១០ម៉ឺននាក់ នាំគ្នាឈរត្រៀបត្រា ពេញដងផ្លូវ ដែលត្រូវដង្ហែរក្បួនអបអរពាន ហើយអ្នកគាំទ្រផ្សេងទៀតនោះ បានស្លៀកពាក់អាវក្រុម Real Madrid តែម្តង ដោយមើលពីលើអាកាសទៅឃើញតែពណ៌សរ ដែលតំណាងឱ្យពណ៌របស់ក្រុម បង្ហាញសម្រស់ដ៏អស្ចារ្យមួយ។ ពិធីដង្ហែរពាន និងអបអរពានរង្វាន់នានា តែងធ្វើឡើងនៅតំបន់ក្បែមាត់ទឹកស្ថិតក្នុងក្រុង Cibeles Fountain ដែល Real Madrid តែងប្រើប្រាស់ទីតាំងនេះ។
 
ស្ថិតក្នុងពីធីដដែលនោះ នៅពេលក្រុមកីឡាករបានវិលត្រឡប់មកដល់ទីក្រុងវិញ ពួកគេក៏ត្រូវបានទទួលយ៉ាងកក់ក្តៅពីអ្នកស្រី Almudena Cathedral ដែលជាតំណាងអាសនៈនៃរដ្ឋាភិបាលក្នុងតំបន់របស់ទីក្រុងម៉ាឌ្រីដ។ ប្រធានក្លិបលោក Florentino Perez បានដឹកនាំក្រុមមកធ្វើពិធីអបអរជ័យជម្នះ។ 
 
ពេលរថយន្តក្រុងធ្វើដំណើរអបអរពាន មន្ត្រីប៉ូលិសជាច្រើនបានឈរអម ដោយនៅខាងមុខរថយន្តដង្ហែរ មានមន្ត្រីប៉ូលិសជិះសេះសរ ចំនួន ៤ ដើម្បីបើកផ្លូវ ធ្វើដំណើរឈ្មោះទៅកាន់ទីតាំងរូបសំណាក់ទេពធីតា Phrygian Cybele។ នៅត្រង់ចំណុចរូបសំណាក់ទេពធីតា Phrygian Cybele កីឡាករប្រធានក្រុម Nacho បានយកកន្សែងបង់ករ របស់ក្រុម Real Madrid ទៅបំពាក់លើរូបសំណាក់ ដូចអតីតប្រធានក្រុមពីមុនធ្លាប់បានធ្វើ រាល់ពេលដែលក្រុមឈ្នះពានរង្វាន់ក្នុងរដូវកាលនីមួយៗ។
 
ពិធីដង្ហែរ ត្រូវបន្តទៅបញ្ចប់នៅក្នុងកីឡដ្ឋាន Santiago Bernadeu ជាមួយនឹងកីឡដ្ឋានបានរៀបចំឆាកកម្មវិធីដ៏ពិសេស​ដើម្បីបន្តភាពសប្បាយរីករាយ នៃការឈ្នះពាន UEFA Champions League ជាមួយនឹងអ្នកគាំទ្របន្តទៀត។ ខ្សែបម្រើ Luka Modric ក្នុងកម្មវិធីស្ថិតក្នុងកីឡដ្ឋាន រូបគេបានអះអាងថានឹងស្នាក់នៅបន្តជាមួយក្លិបបន្តទៀត៕ 
 

Tag:
 Real Madrid
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com