អន្តរជាតិ
លោក ហ្សេលេនស្គី ចោទចិនជាឧបករណ៍របស់រុស្ស៊ីលើកិច្ចប្រជុំសន្តិភាពនៅស្វ៊ីស
03, Jun 2024 , 3:39 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២ ខែមិថុនា បានចោទចិនថា ជាឧបករណ៍របស់រុស្ស៊ី ក្នុងការដាក់សម្ពាធប្រទេសដទៃមិនឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលគ្រោងរៀបចំ នៅពាក់កណ្តាលខែនេះ។

 
ជាលើកដំបូងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានបង្ហាញវត្តមានដោយផ្ទាល់នៅអាស៊ីអាគ្នេយ៍ ដើម្បីស្វែងស្វះរកការគាំទ្រលើកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន និងរកជំនួយប្រឆាំងរុស្ស៊ី ដែលវាយប្រហារមិនដកដៃ។ 
 
ពីវេទិកាសន្តិសុខ Shangri-La Dialogue ដែលរៀបចំនៅសិង្ហបុរី និងប្រជុំទៅដោយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសជាច្រើនដូចជា អាម៉េរិក ចិន ឥណ្ឌូណេស៊ី និងជប៉ុនជាដើម មេដឹកនាំអ៊ុយក្រែន បានចោទចិន ជាឧបករណ៍របស់រុស្ស៊ី ក្នុងការដាក់សម្ពាធលើប្រទេសដទៃ ដើម្បីហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលគ្រោងរៀបចំនៅស្វ៊ីស។ 
 
«រុស្ស៊ី បានប្រើប្រាស់ឥទ្ធិពលចិននៅក្នុងតំបន់ ហើយប្រើប្រាស់អ្នកការទូតចិនផងដែរ ដើម្បីបង្អាក់កិច្ចប្រជុំកំពូលសន្តិភាព»។ លោក ហ្សេលេនស្គី បានបញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែមិថុនា ដោយហៅចិនយ៉ាងច្បាស់ថា ជាឧបករណ៍ប្រើប្រាស់របស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ យ៉ាងណាមិញ ប្រធានាធិបតីរូបនេះ មិនបានបញ្ជាក់ឡើយ ថាតើប្រទេសណាមួយ ស្ថិតនៅក្រោមសម្ពាធរបស់ចិន។​
 
ចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំមួយរបស់រុស្ស៊ី តែងបង្ហាញជំហរអព្យាក្រឹត ក្នុងសង្រ្គាមនៅអ៊ុយក្រែនតាំងពីដើមមក និងជំរុញឱ្យរៀបចំកិច្ចចរចាប្រកបដោយសន្តិភាព។ 
 
ប្រសិនបើគ្មានការប្រែប្រួលទេ កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នឹងរៀបចំចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា នៅស៊្វីស ដើម្បីស្វែងរកវិធានការសន្តិភាពសម្រាប់ទីក្រុងកៀវ ដែលរងគ្រោះដោយសង្រ្គាមចាប់តាំងពីឆ្នាំ២០២២ មក។ 
 
ពាក់ព័ន្ធនឹងវត្តមានចិនក្នុងកិច្ចប្រជុំសន្តិភាពខាងលើ នៅពេលកន្លងមក អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានបង្ហាញសញ្ញាថា ក្រុងប៉េកាំង ទំនងមិនអាចចូលរួមបានឡើយ ដោយសារអវត្តមានរុស្ស៊ី។ ត្រង់ចំណុចនេះ ចិន ដែលប្រកាន់ជំហរនៅកណ្តាលថា ពិបាកក្នុងការចូលរួម ខណៈរុស្ស៊ីមិនត្រូវបានអញ្ជើញនោះទេ។ 
 
ចំណែកវត្តមានរបស់លោក ដុង ជុន ប្រមុខការពារជាតិចិន នៅសិង្ហបុរី ក៏មិនបានលើកឡើងពីកិច្ចប្រជុំនៅស៊្វីសឱ្យចំដែរ ដោយលោកបានត្រឹមបញ្ជាក់ថា ចិន មិនបានជួយបញ្ឆេះភ្លើងសង្រ្គាម តាមរយៈការផ្តល់អាវុធទៅភាគីជម្លោះទាំងពីរឡើយ ហើយចិនគាំទ្រឱ្យមានកិច្ចចរចាប្រកបដោយសន្តិភាព។ 
 
បន្ទាប់ពីទស្សនកិច្ចនៅសិង្ហបុរី លោក ហ្សេលេនស្គី បានបន្តទស្សនកិច្ចនៅហ្វីលីពីន និងជាប់ជាមួយថ្នាក់ដឹកនាំប្រទេសមួយនេះថែមទៀត ក្នុងគោលបំណងរកការគាំទ្រប្រឆាំងរុស្ស៊ី៕ 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com