អន្តរជាតិ
លោកស្រី Sheinbaum ជាប់ឆ្នោតជាប្រធានាធិបតីស្រ្តីទីមួយក្នុងប្រវត្តិសាស្រ្តម៉ិកស៊ិក
03, Jun 2024 , 5:09 pm        
រូបភាព
លោកស្រី Claudia Sheinbaum ឈ្នះការបោះឆ្នោតនៅម៉ិកស៊ិក។ រូបភាព AFP
លោកស្រី Claudia Sheinbaum ឈ្នះការបោះឆ្នោតនៅម៉ិកស៊ិក។ រូបភាព AFP
លោកស្រី Claudia Sheinbau បានឈ្នះការបោះឆ្នោតដោយសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ដោយឆ្ពោះទៅរកការកាន់តំណែងជាប្រធានាធិបតីស្រ្តីម៉ិកស៊ិកដំបូង។

 
ជាអ្នកវិទ្យាសាស្រ្តផ្នែកអាកាសធាតុ និងជាអតីតអភិបាលក្រុងម៉ិកស៊ីកូ លោកស្រី Claudia Sheinbau ឈ្នះការបោះឆ្នោតជាប្រធានាធិបតីក្នុងសំឡេងគាំទ្រចន្លោះពី ៥៨,៣ភាគរយ ទៅ៦០,៧ភាគរយ នៃលទ្ធផលសរុប។ នេះបើតាមការរាប់សន្លឹកឆ្នោតគំរូរហ័សដោយអាជ្ញាធររៀបចំការបោះឆ្នោតម៉ិកស៊ិក នៅថ្ងៃទី៣ ខែមិថុនា។
 
«សម្រាប់រយៈពេលដំបូង ក្នុងរយៈពេល ២០០ឆ្នាំនៃសាធារណរដ្ឋ ខ្ញុំនឹងក្លាយជាប្រធានាធិបតីស្រ្តីដំបូងរបស់ម៉ិកស៊ិក»។ លោកស្រី Sheinbau បានសង្កត់ធ្ងន់បែបនេះ ទៅកាន់អ្នកគាំទ្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមិថុនា។ 
 
ទន្ទឹមនេះ បក្សសម្ព័ន្ធដែលកំពុងកាន់អំណាចនៅម៉ិកស៊ិក ត្រូវបានរំពឹងថា នឹងទទួលបានកៅអីនៅក្នុងសភាទាំងពីរថ្នាក់ ក្នុងសំឡេង២ភាគ៣ផងដែរ។ ក្នុងសំឡេងនេះ បក្សកាន់អំណាច អាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន ដោយមិនត្រូវការពីសំឡេងបក្សប្រឆាំង។ 
 
ចំណែកលោកស្រី Xochitl Galvez ដែលជាគូប្រជែង ទទួលបានសំឡេងគាំទ្រចន្លោះពី២៦,៦ភាគរយ ទៅ២៨,៦ភាគរយ នៃលទ្ធផលបោះឆ្នោត។ 
 
បន្តតំណែងពីលោក Andres Manuel Lopez Obrador លោកស្រី Sheinbau មានបញ្ហាជាច្រើនត្រូវដោះស្រាយ ក្នុងនោះមានដូចជា គោលនយោបាយសុខមាលភាពសង្គម, កំណើនសេដ្ឋកិច្ចទាប និងការចាយវាយដ៏ច្រើនសន្ធឹករបស់រដ្ឋាភិបាលជាដើម៕ 
 

Tag:
 ម៉ិកស៊ិក
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com